អាជ្ញាធរខេត្តកំពត សហការជាមួយមន្ទីរបរិស្ថានខេត្ត បានរៀបចំទិវាសម្អាតពិភពលោកលើកទី៧ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ ឲ្យស្រឡាញ់បរិស្ថាន និងចូលរួមក្នុងការគ្រប់គ្រងសំរាម សំណល់រឹង រាវ និងបញ្ជ្រាបការយល់ដឹងអំពីផលប៉ះពាល់ នៃកំណើនបរិមាណសំរាមលើភពផែនដី ពិសេសបរិស្ថានខេត្តកំពត ដែលជាខេត្តគោលដៅទេសចរណ៍ដ៏ល្បីល្បាញរបស់កម្ពុជា ។
ប្រធានមន្ទីរបរិស្ថាន លោក អេង ប៉ូឡូ បានធ្វើលើកឡើងថា ការប្រារព្ធទិវាសម្អាតពិភពលោកលើកទី៧ (7th World Cleanup Day) ដែលនឹងប្រព្រឹត្តទៅ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ នៅបរិវេណរូបសំណាក់ត្រីសេះសមុទ្របាញ់ទឹក ខេត្តកំពតនេះ មានការអញ្ជើងចូលរួមពីគ្រប់ភាគីពាក់ព័ន្ធក្នុងខេត្ត ក្នុងគោលបំណង លើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋឱ្យស្រឡាញ់បរិស្ថាន និងចូលរួមក្នុងការគ្រប់គ្រងសំរាម សំណល់រឹង រាវ ដោយបញ្ជ្រាបការយល់ដឹងអំពីផលប៉ះពាល់នៃកំណើនបរិមាណសំរាមលើភពផែនដី។ ទិវាសម្អាតពិភពលោក ជាវេទិកាដ៏ល្អប្រសើរមួយ ដែលផ្តល់ឱកាសដល់ប្រជាពលរដ្ឋ យុវជន សិស្សានុសិស្ស និង បុគ្គលិកមកពីគ្រប់ស្ថាប័នចូលរួមដើម្បីជាសារមួយជូនដល់សហគមន៍អន្តរជាតិថា "កម្ពុជាស្អាត ខ្មែរធ្វើបាន"។លោកប្រធានមន្ទីរបានបញ្ជាក់ថា ទិវាសម្អាតពិភពលោកលើកទី៧ រៀបចំឡើងស្របទៅ នឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងការកសាង និងពង្រឹងមូលដ្ឋានគ្រឹះ ដើម្បីពន្លឿនការអភិវឌ្ឍជាតិ និងគាំទ្រដល់យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន រួមមាន៖ ភាពស្អាត ភាពបៃតង និងចីរភាព និងរួមចំណែកដល់យុទ្ធនាការទឹកស្អាត កាត់បន្ថយប្លាស្ទិក និងគោលដៅអភិវឌ្ឍន៍។
ក្នុងឱ្យកាសនោះដែរ ឯកឧត្តម មឿង គង្គា អភិបាលរងខេត្តកំពត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរបរិស្ថានខេត្ត ដែលបានធ្វើការយ៉ាងសកម្ម ក្នុងការចូលរួមបង្កាទប់ស្កាត់ និងថែរក្សាអភិរក្សាបាននូវធនធានធម្មជាតិ ពិសេសបរិស្ថានស្អាតនៅគ្រប់តំបន់រមណីយដ្ឋាន និងភូមិដ្ឋានរបស់ប្រជាពលរដ្ឋទូទាំងខេត្ត។ ជាក់ស្តែងការរៀបចំទិវាសម្អាតពីភពលោកលើកទី៧នាពេលនេះ ពិតជាបានឆ្លើយតបទៅនឹងការចង់បានរបស់រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តកំពត។
ឯកឧត្តមបានបញ្ជាក់ថា ខេត្តកំពតក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ៅ ធនិន លោកបានខិតខំ និងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការអភិវឌ្ឍន៍ខេត្ត ពិសេសជំរុញ និងលើកកម្ពស់វិស័យទេសចរណ៍ ធ្វើឱ្យមានកំណើនភ្ញៀវ កើនឡើងជាលំដាប់ ពីមួយឆ្នាំទៅមួយឆ្នាំ។ ដូច្នេះក្នុងនាមយើងគ្រប់គ្នាជាម្ចាស់ផ្ទះ ត្រូវចូលរួមសហការគ្នា ទាំងប្រជាពលរដ្ឋ អាជីវករ ក្រុមអ្នកផ្តល់សេវាទេសចរណ៍ ក្រុមការងារសម្អាតសំរាម ត្រូវចូលរួមសម្អាត ថែរក្សាបរិស្ថានអនាម័យឲ្យបានល្អ កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ពិសេសត្រូវគិតថាកំពតជាផ្ទះរបស់យើង ហើយមានតែយើងទេ ដែលអាចធ្វើឱ្យផ្ទះមួយនេះស្អាតជានិច្ចបាន៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត
0 Comments