Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

គ.ជ.អ.ប៖ អាជ្ញាធរថ្នាក់ក្រោមជាតិអាចបំពេញតម្រូវការពលរដ្ឋគ្រប់យ៉ាងឱ្យតែមិនខុសរដ្ឋធម្មនុញ្ញនិងច្បាប់

អនុប្រធានអចិន្ត្រៃយ៍ នៃ គ.ជ.អ.ប បានបញ្ជាក់ថា ការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។ ការផ្ទេរមុខងារ សិទ្ធអំណាចនេះ អាជ្ញាធរថ្នាក់ក្រោមជាតិអាចធ្វើអ្វីក៏បានឱ្យតែជាតម្រូវការរបស់ពលរដ្ឋ ហើយស្របនឹងរដ្ឋធម្មនុញ្ញ និងច្បាប់ តួយ៉ាងដូចជាខេត្តកំពតជាគំរូស្រាប់។

ថ្លែងបិទវេទិកាថ្នាក់ខេត្ត ស្តីពីកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដែលធ្វើឡើងនៅខេត្តកំពតនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤  ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានអចិន្ដ្រៃយ៍ នៃ គ.ជ.អ.ប. និងជាប្រធានក្រុមការងារបច្ចេកទេសអន្តរក្រសួងបានលើកឡើងថា វត្តមានរបស់លោក និងឯកឧត្តម លោកជំទាវ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាល គណៈអភិបាលខេត្តទូទាំងប្រទេសនាពេលនេះ ដើម្បីសិក្សារៀនសូត្រ និងដកយកបទពិសោធន៍ តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ឱ្យ គ.ជ.អ.ប. ដឹកនាំរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលបំណង ទី១. បង្ហាញពីការតាំងចិត្តខាងនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្នុងការជំរុញកិច្ចដំណើរការកំណែទម្រង់ សំដៅរួមគ្នាសម្រេចឲ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០២៣០ និងឆ្នាំ២០៥០ ។ ទី២. ដើម្បីសម្រេចទស្សនវិស័យនេះ រាជរដ្ឋាភិបាលបានដាក់ចុះនូវយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១ ដែលទាមទាឲ្យអាជ្ញាធរថ្នាក់ក្រោមជាតិ មានការគិតគូរថ្មីៗ ដើម្បីសម្រប និងពិនិត្យមើលកំណែទម្រង់នេះ ជាមួយនឹងគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល សំដៅទាំងអស់គ្នាធ្វើដំណើរឆ្ពោះទៅ សម្រេចចក្ខុវិស័យដែលបានសន្យាជាមួយប្រជាពលរដ្ឋនៅឆ្នាំ២០៣០ និង២០៥០។


ឯកឧត្តមបានបញ្ជាក់ថា ក្នុងកំណែទម្រង់នេះ រាជរដ្ឋាភិបាលបានផ្តល់សិទ្ធ ឱ្យអាជ្ញាធរថ្នាក់ក្រោមជាតិធ្វើអ្វីក៏បាន ឱ្យតែជាត្រូវការរបស់ប្រជាពលរដ្ឋ ហើយមិនខុសរដ្ឋធម្មនុញ្ញ និងច្បាប់។ ឯកឧត្តមលើកទឹកចិត្តឱ្យអាជ្ញាធររាជធានីខេត្ត យកបទពិសោធ ន៍ និងធ្វើតាមគំរូល្អៗរបស់អាជ្ញាធរខេត្តកំពតដែលបានអនុវត្តកន្លងមក។  


ក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានបញ្ជាក់ថា វេទិកាថ្នាក់ខេត្ត ស្តីពីកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ពិតជាមានសារៈសំខាន់ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព បរិយាប័ន្ន និងសមធម៌សង្គម។ ឯកឧត្តមអភិបាលខេត្តបានប្តេជ្ញាខិតខំបន្តអនុវត្តឲ្យកាន់តែប្រសើរថែមទៀត។


តាមរយៈវេទិការយៈពេល ១ថ្ងៃកន្លះ បានលើកឡើងពីបញ្ហាប្រឈម សំណើរ សំណូមពរ របស់រដ្ឋបាលឃុំ-សង្គាត់ ក្រុង- ស្រុក និងខេត្តកំពត ចំនួន ៣៤ករណី ក្នុងនោះខេត្តបានដោះស្រាយរួច ១៦ករណី និងស្នើសុំទៅថ្នាក់ជាតិដោះស្រាយ ២៦ករណី (ផុតដែនកំណត់ខេត្តដោះស្រាយ)៕


អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង



































Post a Comment

0 Comments