ថ្ងៃបិណ្ឌ១ នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅខេត្តកំពត មានប្រជាពុទ្ធបរិស័ទយ៉ាងច្រើនបានទៅវត្តអារាមនានា ដើម្បីយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ក្នុងនោះដែរ លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត រួមនឹង ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំខេត្ត បានអញ្ជើងចូលរួមកាន់បិណ្ឌ១ និងចូលរួមពិធីសិតព្រះពុទ្ធរូបស្ពាន់ នៅវត្តពិជ័យឧត្តុង្គ ក្រុងកំពត។
នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត រួមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំខេត្ត លោកស្រីសមាជិកាគណ:កិត្តិយស និងគណៈប្រតិបត្តិសមាគម បាននាំយកចង្ហាន់ និងទេយ្យទានមួយចំនួនដើម្បីប្រគេនជូនព្រះសង្ឃ និងចូលរួមពិធីបុណ្យសិតព្រះពុទ្ធរូបស្ពាន់ នៅវត្តពិជ័យឧត្តុង្គ ក្រុងកំពត ខេត្តកំពត។តាមការបញ្ជាក់របស់លោកគ្រូអាចារ្យបានឱ្យដឹងថា ត្បិតតែថ្ងៃនេះ ជាថ្ងៃបិណ្ឌទី១ ប៉ុន្តែសង្កេតឃើញថាប្រជាពុទ្ធបរិស័ទ បានមកវត្តពិជ័យឧត្តុង្គច្រើន ជាពិសេស វត្តមានលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយសសាខាសមាគមនារី រួមទាំង ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំជុំវិញខេត្ត គឺជាគំរូដ៏ល្អមួយ ដើម្បីញ៉ាំងចិត្តជ្រះថ្លារបស់ពុទ្ធបរិស័ទ ប្រជាពលរដ្ឋខ្មែរឱ្យចូលរួមថែរក្សា គោរពប្រតិបត្តិប្រពៃណីទំនៀមទម្លាប់បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌរបស់ខ្មែរ ដែលជាបុណ្យមួយសំខាន់នៅក្នុងព្រះពុទ្ធសាសនា។ ហើយការចូលរួមក្នុងពិធីបុណ្យសិតព្រះពុទ្ធរូបស្ពាន់នេះទៀតសោត ក៏បានបង្ហាញអំពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្ត ពិសេស ឯកឧត្តម ម៉ៅ ធនិន ដែលឯកឧត្តមតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ និងព្រះសង្ឃទូទាំងខេត្តកំពត ទាំងលើជីវភាពសង្ឃ ទាំងការងារលើកកម្ពស់ និងអភិវឌ្ឍន៍វិស័យពុទ្ធចក្រឱ្យរីកចម្រើនជាបន្តបន្ទាប់។
នៅក្នុងឱកាសនោះ លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន និងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំខេត្ត បានចូលរួមរាប់បាត្រ និងបានប្រគេនទេយ្យទានដល់ព្រះសង្ឃរួមមាន៖ អង្ករចំនួន ២បាវ ត្រីខ ៥យួរ ស្ករស ៥គីឡូ ទឹកស៊ីអ៊ីវ ៥យួរ ប្រេងឆា ២ដបធំ តែ ៥កញ្ចប់ ធូប ៥ដុំ ប៊ីចេង ៥គីឡូ មី ៥កេស កាហ្វេ ២កញ្ចប់ធំ ទឹកត្រី ៥យួរ ត្រីងៀត៥ គីឡូ ទឹកក្រូចទឹកផ្លែឈើ ៥កេស សៀងផ្អែម ១០គីឡូ ខ្ទឹមស ៥គីឡូ សាប៊ូម្សៅ ៥កញ្ចប់ ទឹកសុទ្ធ ៥កេស រួមនិងបច្ច័យចមនួន ៥០ម៉ឺនរៀលផងដែរ៕
អត្ថបទ÷ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព÷ អាំង សំណាង
0 Comments