Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អភិបាលខេត្តកំពត៖ ការអភិវឌ្ឍលើវិស័យទេសចរណ៍គឺជាគោលដៅចំបងទី១របស់ខេត្តកំពត


អភិបាលខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន បានលើកឡើងថា ខេត្តកំពតគឺជាខេត្តមួយក្នុងចំណោមខេត្តទាំងបួនដែលជាប់នឹងតំបន់ឆ្នេរសមុទ្រកម្ពុជា ហើយគឺជាខេត្តដែលមានសក្តានុពលលើវិស័យទេសចរណ៍ ដូច្នេះអាជ្ញាធរខេត្តបានជ្រើសយកការអភិវឌ្ឍវិស័យទេសចរណ៍ជាចំបងនឹងមុនគេ ក្នុងចំណោមវិស័យផ្សេងៗទៀតដែលមានសក្តានុពលក្នុងខេត្ត។ ឯកឧត្តមអភិបាលខេត្តបានបន្តថា គោលដៅចំបងដែលអាជ្ញាធរខេត្តជ្រើសរើសយកវិស័យទេសចរណ៍នេះមកអភិវឌ្ឍជាចំបងមុនគេនោះ គឺដោយសារតែខេត្តកំពតមានទីតាំងជាច្រើនដែលពោរពេញទៅដោយសក្តានុពលទេសចរណ៍ ព្រមទាំងការទាក់ទាញ ដែលយើងមិនទាន់បានកែច្នៃដើម្បីស្រូបទាញភ្ញៀវទេសចរ និងផលប្រយោជន៍ជូនពលរដ្ឋ ការនាំចេញផលិតផលនៅនឹងកន្លែង ហើយគោលដៅសំខាន់នោះគឺផ្តោតទៅលើការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការទទួលបានចំណូលពីវិស័យដ៏សំខាន់នេះ។ លើកឡើងដូចនេះ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សាខេត្តកំពត អាណត្តិទី៤ ក្រោមអធិបតីភាព ឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត  នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នាសាលសន្និសីទបូកគោ សាលាខេត្តកំពត។

ឯកឧត្តមអភិបាលខេត្តបានគូសបញ្ជាក់ថា  ក្រោយពិសមិទ្ធផលទេសចរណ៍ជាច្រើនមានដូចជា ឆ្នេរខ្សាច់កម្សាន្ត រូបសំណាកត្រីសេះសមុទ្របាញ់ទឹក និងទីតាំងសម្រាកលំហែរជាច្រើនកន្លែងត្រូវបានរៀបចំឱ្យមានភាពទាក់ទាញ លំហូរភ្ញៀវទេសចរដែលមកសម្រាកកម្សាន្តក្នុងខេត្តកំពតមានការកើនឡើងគួរឱ្យកត់សម្គាល់។

ក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ក៏បានស្នើដល់ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងសមាជិកទាំងអស់បន្តគាំទ្រ និងសហការជាមួយរដ្ឋបាលខេត្តកំពតឱ្យបានស្អិតរមួតក្នុងការអភិវឌ្ឍខេត្តឱ្យមានការរីកចម្រើនបន្តទៅមុខទៀត និងបន្តជួយគាំទ្រ ផ្តល់មតិយោបល់ផ្សេងៗ លើគម្រោងអភិវឌ្ឍន៍នានាដែលរដ្ឋបាលខេត្តបានដាក់ចេញ ក្នុងន័យដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋនៅទូទាំងខេត្ត និងទូទាំងប្រទេស។ ឯកឧត្តមអភិបាលខេត្តក៏បានរំលេចដែរថា បច្ចុប្បន្ននេះរដ្ឋបាលខេត្តកំពុងចាប់ផ្តើមសាងសង់នាឡិការយក្សមួយបន្ថែមទៀត បន្ទាប់ពីរូបសំណាកត្រីសេះសមុទ្របាញ់ទឹក ដែលនាឡិការយក្យនេះមានកម្ពស់ ៣៥ម៉ែត្រ មុខនាឡិការមានអង្កត់ផ្ចិតជិត ១០ម៉ែត្រ ហើយត្រូវបានរចនាឡើងទៅតាមរចនាបថរបស់ខ្មែរសុទ្ធសាទ ដោយលេខម៉ោងគឺប្រើប្រាស់ជាលេខខ្មែរទាំងអស់ រួមនឹងក្បាច់ផ្កាភ្ញីផ្សេងៗទៀតជារចនាបទខ្មែរ ហើយរដ្ឋបាលខេត្តក៏នឹងចាប់ផ្តើមដំណើរការរៀបចំឆ្នេរសមុទ្រកម្សាន្តជាបណ្តើរៗនៅចុងខែមិថុនានេះ។

ជាមួយគ្នានេះដែរ ឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្តកំពត ដែលទើបចូលកាន់តំណែងថ្មីបានថ្លែងកោតសរសើរចំពោះរដ្ឋបាលខេត្តដែលដឹកនាំដោយឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ដែលក្នុងអាណត្តិទី៣កន្លងមកបានធ្វើឱ្យខេត្តកំពតមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស។ ឯកឧត្តមប្រធានក្រុមប្រឹក្សាបានបន្តថា សម្រាប់ក្រុមប្រឹក្សាខេត្តក្នុងអាណត្តិទី៤នេះ និងបន្តខិតខំប្រឹងប្រែងរួមសហការជាមួយរដ្ឋបាលខេត្តក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេងៗដែលមានសក្តានុពលក្នុងខេត្ត ក្នុងន័យដើម្បីផ្តល់ផលប្រយោជន៍ជូនប្រជាជន និងប្រទេសជាតិ៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង





















Post a Comment

0 Comments