Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

«កំពង់ផែពហុបំណងកំពត» តម្លៃប្រមាណជា ១៤០លានដុល្លារ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់នាថ្ងៃនេះ


នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ «កំពង់ផែពហុបំណងកំពត»។

កំពង់ផែពហុបំណងកំពត ដែលមានទីតាំង ស្ថិតនៅភូមិគីឡូ១២ សង្កាត់កោះតូច និងសង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត ត្រូវបានរាជរដ្ឋាភិបាល អនុញ្ញាតឱ្យបង្កើតឡើង នៅក្នុងអំឡុងឆ្នាំ២០០៥ និងត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូន ផ្តល់លិខិតអនុញ្ញាត ឱ្យធ្វើការអភិវឌ្ឍសាងសង់ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ នៅក្នុងអំឡុងឆ្នាំ២០១២ នៅលើផ្ទៃដីទំហំ សរុប ២០៧ហិកតា ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនកំពតផត។


គម្រោងអភិវឌ្ឍន៍កំពង់ផែពហុបំណងកំពត នៅក្នុងដំណាក់កាលទី១ បានបញ្ចប់ការ សាងសង់ជាស្ថាពរស្របតាមលក្ខណៈបច្ចេកទេស នូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗ រួមមាន៖ ចំណតនាវា មានបណ្តោយប្រវែង ៤៥០ម៉ែត្រ និងទទឹងប្រវែង ៦០ម៉ែត្រ មានបង្គោលចងពួរ សម្រាប់នាវាចូលចតែអែបចំណតនាវា និងរបាំងការពារការប៉ះទង្គិចនាវា, ការសាងសង់ទីលាន កុងតឺន័រ មានទំហំផ្ទៃសរុប ៥៥ ០០០ម៉ែត្រការ៉េ, ឃ្លាំងស្តុកទំនិញមានទំហំសរុប ៨ ៨០០ ម៉ែត្រការ៉េ, អគារត្រួតពិនិត្យទំនិញ មានទំហំ ១ ៣៣០ម៉ែត្រការ៉េ, ការសាងសង់ច្រកទ្វារចូល- ចេញផ្នែកខាងមុខ មានរបាំងប៉ុស្តិ៍យាមហុំព័ទ្ធដោយរបងជុំវិញ និងរោងម៉ាស៊ីនភ្លើងចំនួន ២កន្លែង រួមទាំងការសាងសង់អគាររដ្ឋបាល កម្ពស់ ៣ជាន់ មានទំហំសរុប ១ ៦៨៩ម៉ែត្រការ៉េ សម្រាប់ជាការិយាល័យបំពេញការងាររបស់បុគ្គលិកកំពង់ផែ មន្ត្រីគយ និងរដ្ឋាករកម្ពុជា មន្ត្រី សុខាភិបាល មន្ត្រីអន្តោប្រវេសន៍ និងការិយាល័យរបស់មន្ត្រីមេបញ្ជាការផែ និងកណ្ណធារ និងការ រៀបចំត្រៀមនូវបន្ទប់សម្រាប់ប្រើប្រាស់ជាមណ្ឌលត្រួតពិនិត្យចរាចរណ៍នាវា ដែលធ្វើប្រតិបត្តិការ ចូល-ចេញតាមផ្លូវទឹកផងដែរ។


គម្រោងអភិវឌ្ឍន៍កំពង់ផែពហុបំណងកំពត ដំណាក់កាលទី១នេះ បានចំណាយថវិកា សាងសង់សរុបប្រមាណ ១៤០លានដុល្លារអាម៉េរិក ដែលជាទុនវិនិយោគរបស់ក្រុមហ៊ុនកំពតផត។

ដោយឡែកដំណាក់កាល ទី២ និងដំណាក់កាលទី៣ គ្រោងនឹងសាងសង់ឡើង ដោយមានជម្រៅទឹករហូតដល់ ១៣ម៉ែត្រ ដែលនឹងអនុញ្ញាតឱ្យនាវាចំណុះ ២០ ០០០តោន អាចធ្វើប្រតិបត្តិការចូល-ចេញ កំពង់ផែប្រកបដោយសុវត្ថិភាព និងមានការសាងសង់ នូវឋបនីយភណ្ឌផែ សម្រាប់អ្នកដំណើរផងដែរ។


កំពង់ផែពហុបំណងកំពតនេះ ត្រូវបានរំពឹងថានឹងក្លាយជាសរសៃឈាមដ៏សំខាន់សម្រាប់ ការដឹកជញ្ជូនតាមផ្លូវសមុទ្ររបស់កម្ពុជា ដែលនឹងចូលរួមចំណែកក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានកំណើនបន្ថែមទៀត ហើយនឹងក្លាយជាកំពង់ផែទឹកជ្រៅមួយបន្ថែមទៀតរបស់កម្ពុជា ដែលនឹងជួយបំពេញបន្ថែម ឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ ហើយការដឹកជញ្ជូនតាមផ្លូវសមុទ្រ ពីកំពង់ផែពហុបំណងកំពត ទៅកាន់ប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក អាចដំណើរការទៅបាន ដោយពុំចាំបាច់ប្តូរនាវានៅកំពង់ផែណាមួយឡើយ លើកលែងតែការ ដឹកជញ្ជូនទំនិញទៅកាន់សហរដ្ឋអាមេរិក និងអឺរ៉ុប ដែលតម្រូវឱ្យប្តូរនាវានៅកំពង់ផែធំៗ មុននឹង ទៅដល់គោលដៅចុងក្រោយ៕ 


ប្រភព៖ ក្រសួងព័ត៌មាន, សម្រួលផ្សាយ៖ កន ចំណាន




Post a Comment

0 Comments