ប្រជាកសិកររស់នៅភូមិបុស្សត្របែក ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត បានលើកឡើងថា មកដល់បច្ចុប្បន្ន ប្រជាពលរដ្ឋក្នុងភូមិស្ទើរ១០០% នៅតែបន្តនាំគ្នាដាំដំណាំបន្លែដើម ស្លឹក និងផ្លែ មានដូចជាស្ពៃគ្រប់ប្រភេទ ខាត់ណា ជី ម្រះព្រៅ តាសក់ ត្រប់ ននោង និងល្ពៅជាដើម ។ ពួកគាត់បានបញ្ជាក់ថា រដូវប្រាំងកន្លងមកការដាំដុះបន្លែបានតិច ហើយទិន្នផលទទួលបានក៏មិនសូវបានល្អដែរ ដោយសារអាកាសធាតុក្តៅខ្លាំង ខ្វះខាត់ទឹកស្រោចស្រព។ ហើយបន្ទាប់ពីទទួលបានទឹកភ្លៀង ប្រជាពលរដ្ឋក្នុងភូមិ ក៏ចាប់ផ្តើមមាញឹករៀបចំផ្ទៃដី ដើម្បីដាំបន្លែបន្លែម។ ពួកគាត់បញ្ជាក់ថា ការដាំដុះបន្លែជាលក្ខណៈគ្រួសារ និងតាមបែបប្រពៃណីក៏ពិតមែន ប៉ុន្តែនៅក្នុងភូមិនេះមិនបាននាំបន្លែងពីខាងក្រៅណា មកហូបនោះទេ គឺដាំសម្រាប់ហូបខ្លួនឯងផង និងលក់ផង។
ប្រធានការិយាល័យក្សេត្តសាស្ត្រ និងផលិតភាពកសិកម្ម លោក តេង វ៉ាន់ធឿន បានប្រាប់ឲ្យដឹងថា ខេត្តកំពតមាសសក្តានុពលលើវិស័យកសិកម្ម ក្នុងនោះមានដំណាំយុទ្ធសាស្ត្រផ្សេងៗ ដូចជាម្រេច ទុរេន ដូង ចេក ស្វាយជាដើម ហើយចំពោះដំណាំបន្លែក៏មានច្រើនណាស់ដែរ។ លោកបានបន្តថា កន្លងមកក្រសួងក៏ដូចជាមន្ទីរកសិកម្ម តែងយកចិត្តទុកដាក់ ក្នុងការចុះជួយទាំង ផ្នែកបណ្តុះបណ្តាលបច្ចេកទេស ការដាំ និងចិញ្ចឹម ផ្តល់ពូជ និងគ្រាប់ពូជ និងសម្ភារៈមួយចំនួនផងដែរដល់ប្រជាពលរដ្ឋ។លោកប្រធានការិយាល័យបានបន្តថា ដោយឡែកសម្រាប់ប្រជាពលរដ្ឋនៅភូមិបុស្សត្របែក ឃុំត្រពាំងព្រីង តាំងពីដើមរៀងមកពួកគាត់ បាននាំគ្នា ដាំបន្លែដើម ស្លឹក ផ្លែ និងមើម មិនដែលដាច់នោះទេ ហើយនៅក្នុងភូមិនោះ ក៏មានបណ្តុំអាជីវកម្មបន្លែ (ស្ពៃចង្កិះ និងតាសក់)ផងដែរ លើសពីនោះ ភូមិក៏ទទួលបានគម្រោង អាស្ពាយ អេដ (ASPIRE AID) ដែលផ្តោតលើដំណាំបន្លែផងដែរ ដើម្បីជួយផ្តល់ជាបច្ចេកទេស គ្រាប់ពូជ ផ្ទះសំណាញ់ និងសម្ភារៈមួយចំនួនទៀត។ យ៉ាងណាក៏ដោយ លោកប្រការិយាល័យបានបញ្ជាក់ថា ដោយសារអាកាធាតុក្តៅខ្លាំង ការដាំបន្លែកាលពីរដូវប្រាំង ក្នុងភូមិបុស្សត្របែកនេះ មិនបានល្អទេ ហើយបន្ទាប់ពីរដូវវស្សាមកដល់ ខេត្តទទួលបានទឹកភ្លៀងជាច្រើនមេ ប្រជាកសិករកំពុងតែមមាញឹកខ្លាំង ក្នុងការរៀបចំផ្ទៃដីដាំដុះដំណាំផ្សេងៗ ពិសេសដំាំបន្លៃ បើតាមការកត់សំគាល់ឃើញថា ចំនួនផ្ទៃដីដាំបន្លែ (រង និងថ្នាល)ច្រើនជាងរដូវប្រាំងកន្លងទៅ៕
0 Comments