ដោយទទួលបានការអនុញ្ញាត និងគោរពតាមគោលការណ៍ដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា សមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពត ដឹកនាំដោយលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានក្រុមប្រឹក្សាសមាគម បានចុះជួបសំណេះសំណាល និងផ្ដល់សម្ភារៈសិក្សាជូនសិស្សថ្នាក់ភាសាអង់គ្លេស របស់សមាជិកាសកម្មក្រុមកន្តំរុយ ស្រុកបន្ទាយមាស ចំនួន ៤៣នាក់ ក្នុងសាលាបឋមសិក្សាព្រៃក្រឡា ស្ថិតនៅក្នុង ភូមិព្រៃក្រឡាខាងលិច ឃុំទូកមាសខាងកើត ស្រុកបន្ទាយមាស ដែលពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤។
មានមតិសំណេះសំណាលជាមួយក្មួយៗដែលជាសមាជិកាសកម្មក្រុមកន្ទុំរុយ ស្រុកបន្ទាយមាស លោកជំទាវ ប្រធានក្រុមប្រឹក្សាសមាគមកាយឫទ្ធិនារីកម្ពុជាសាខា ខេត្តកំពត បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ជូនដល់ក្មួយៗដែលជាសមាជិកសកម្មក្រុមកន្ទុំរុយ និងសមាជិកា គ្រូបង្គោល នៃសមាគមទាំងអស់ ដែលជានិច្ចជាកាល លោកជំទាវបណ្ឌិតអគ្គស្នងការសមាគម តែងតែគិតគូជានិច្ចចំពោះសុខទុក្ខរបស់សមាជិកាទាំងអស់ ហើយតែងតែគិតគូរយកចិត្តទុកដាក់ជាខ្លាំងឥតស្រាកស្រាន្ត ក្នុងការជួយបំពេញបន្ថែមនូវចំណេះដឹង ជំនាញ និងការអប់រំបណ្ដុះបណ្ដាលក្រៅប្រព័ន្ធ ជាពិសេសលោកជំទាវបណ្ឌិតអគ្គស្នងការ ខិតខំប្រឹងប្រែងជានិច្ចក្នុងការជួយតម្រង់ទិសដល់កូនក្មួយសមាជិកាសកម្មកាយឫទ្ធិនារីកម្ពុជាទាំងអស់។ជាមួយគ្នានេះដែរ លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានក្រុមប្រឹក្សាសមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពត ក៏បានផ្តាំផ្ញើដល់ក្មួយៗសមាជិកាសកម្មក្រុមកន្ទុំរុយទាំងអស់ ដែលជាយុវតីជំនាន់ក្រោយ និងជាទំពាំងស្នងឫស្សី ត្រូវខិតខំសិក្សារៀនសូត្រឱ្យមានចំណេះដឹងខ្ពង់ខ្ពស់ ធ្វើជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិទៅថ្ងៃអនាគត។ ជាមួយគ្នានេះដែរ លោកជំទាវប្រធានក្រុមប្រឹក្សា ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃសមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពត ដែលបានខិតខំចំណាយពេលវេលា និងរៀបចំឱ្យមានការអប់រំបណ្ដុះបណ្ដាលក្រៅប្រព័ន្ធ ស្របទៅតាមស្របតាមគោលនយោបាយដ៏ត្រឹមត្រូវរបស់សមាគម។
ក្នុងឱកាសនោះលោកជំទាវប្រធានក្រុមប្រឹក្សាសមាគម ក៏បាននាំយកឈុតសម្ភារៈសិក្សា រួមមាន សៀវភៅសរសេរ ប៉ិច ទឹកលុប ក្តារឈុត និងសៀវភៅភាសាអង់គ្លេសដែលត្រូវរៀនបន្ត ជាអំណោយរបស់លោកជំទាវផ្ទាល់ ប្រគល់ជូនដល់សមាជិកាសកម្មក្រុមកន្ទុំរុយទាំង ៤៣នាក់ រួមទាំងអាហារសម្រន់ម្នាក់មួយកញ្ចប់ផងដែរ៕
អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង
0 Comments