នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ សមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពតបើកវគ្គបណ្តុះបណ្តាលអំពី “ជំងឺទឹកនោមផ្អែម និងជំងឺធាត់” ដល់សមាជិកាសកម្មសមាគមកាយឫទ្ធិនារីកម្ពុជាស្រុកអង្គរជ័យជាង ៥០នាក់ក្រោមអធិបតីភាព លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានក្រុមប្រឹក្សាសមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពត ដោយវគ្គបណ្តុះបណ្តាលនេះមានការអញ្ជើញចូលរួមពីគ្រូឧទ្ទេសដែលជំនាញផ្នែកសុខភាព ដែលមានវិជ្ជាជីវៈពេញលេញមកមន្ទីរសុខាភិបាលខេត្តកំពត ដើម្បីធ្វើបទបង្ហាញផងដែរ។
មានមតិសំណេះសំណាលក្នុងឱកាសនោះ លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានក្រុមប្រឹក្សាសមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពត បានគូសបញ្ជាក់ថា ដោយទទួលបានការអនុញ្ញាត និងគោរពតាមគោលការណ៍ដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា សមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពតបានបង្កើតវគ្គបណ្តុះបណ្តាលនេះឡើង ស្របតាមគោលនយោបាយដ៏ត្រឹមត្រូវរបស់សមាគម ក្នុងគោលបំណងដើម្បីផ្តល់ជូនចំណេះដឹងផ្នែកសុខភាពដល់សមាជិកាសកម្មក្នុងស្រុកអង្គរជ័យ ដែលមានចំនួនសរុបប្រមាណជាង ៥០នាក់។ លោកជំទាវប្រធានក្រុមប្រឹក្សាសមាគមបានបន្តថា ទាំងនេះជាការបង្ហាញពីការគិតគូរយកចិត្តទុកដាក់ជាខ្លាំងឥតស្រាកស្រាន្ត ក្នុងការជួយបំពេញបន្ថែមនូវចំណេះជំនាញ ការអប់រំបណ្ដុះបណ្ដាលក្រៅប្រព័ន្ធមួយដ៏មានគុណតម្លៃរបស់សមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពត ជាពិសេសទាំងនេះគឺជាកិច្ចខិតខំប្រឹងប្រែងរបស់លោកជំទាវបណ្ឌិតអគ្គស្នងការ ក្នុងការជួយតម្រង់ទិសដល់កូនក្មួយសមាជិកាសកម្មកាយឫទ្ធិនារីកម្ពុជាទាំងអស់នៅទូទាំងខេត្ត ស្រុក-ក្រុង និងទូទាំងប្រទេស ឱ្យសម្រេចបានភាពជោគជ័យដ៏ល្អប្រសើរ ពីមួយជំហានទៅមួយជំហាន តាមរយៈការបង្កើនសមត្ថភាព ចំណេះជំនាញ ការយល់ដឹង ស្របទៅតាមគោលនយោបាយរបស់សមាគមកាយឫទ្ធិនារីកម្ពុជា។ក្នុងឱកាសនោះ លោកជំទាវប្រធានក្រុមប្រឹក្សាសមាគមបានបញ្ជាក់បន្ថែមថា នេះជាឱកាសដ៏ល្អមួយសំរាប់ក្មួយៗដែលជាសមាជិកសកម្មក្រេបយកចំណេះវិជ្ជាផ្នែកសុខភាពពីវាគ្មិនរបស់យើង ដែលវគ្គបណ្តុះបណ្តាលនេះគឺមានការលំអិតបន្ថែមអំពីជម្ងឺទឹកនោមផ្អែម និងជម្ងឺធាត់ ពីសំណាក់វាគ្មិនជំនាញផ្នែកសុខភាពដែលមានវិជ្ជាជីវៈពេញលេញមកពីមន្ទីរសុខាភិបាលខេត្តកំពត ដូច្នេះសូមត្រងត្រាប់ដោយយកចិត្តទុកដាក់ដើម្បីទទួលបានចំណេះដឹងផ្នែកសុខភាពដ៏ល្អនេះ៕
អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង
0 Comments