អគ្គលេខាធិការរង នៃគណៈកម្មាធិការវិនិយោគកម្ពុជា បានបញ្ជាក់ថា រាល់គម្រោងវិនិយោគទាំងឡាយណាដែលមានដើមទុនក្រោមទឹកប្រាក់ ៥លានដុល្លាអាមេរិក អ្នកវិនិយោគអាចមកទំនាក់ទំនងសុំច្បាប់ជាមួយមន្ត្រីជំនាញ នៃអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្តបាន ដោយមិនចាំបាច់ឡើងទៅទំនាក់ទំនង CDC នៅអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការវិនិយោគកម្ពុជាទេ។
ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ អនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ និងកម្មវិធីកសាងសមត្ថភាពមន្ត្រី នៃអនុគណៈកម្មាធិការវិនិយោគខេត្តកំពត-កែប ដែលបានរៀបចំធ្វើឡើងនៅសណ្ឋាគារ Rainforest Hotel ខេត្តកំពត នារសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ លោក យុន ហេង អគ្គលេខាធិការរង នៃគណៈកម្មាធិការវិនិយោគកម្ពុជាបានឡើងថា កម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចបានផ្តោតការយកចិត្តទុកដាក់សំខាន់លើការងារវិនិយោគ ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចកម្ពុជា ពិសេសប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។ ហើយដើម្បីឱ្យចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនេះអាចសម្រេចទៅបាន គឺទាមទាឱ្យមន្ត្រីជំនាញនៃអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត មានសមត្ថភាពអាចដំណើរការគម្រោងវិនិយោគបានដោយខ្លួនឯង ប៉ុន្តែត្រូវដើរស្របគ្នាជាមួយនឹងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ លោកអគ្គលេខាធិការរងបានបញ្ជាក់ថា គម្រោងវិនិយោគទាំងឡាយដែលមានដើមទុនទឹកប្រាក់ក្រោម ៥លានដុល្លាអាមេរិក គឺអាចទំនាក់ទំនងសុំច្បាប់ពីមន្ត្រីជំនាញ នៃអនុគណៈកម្មាធិការរាជធានី-ខេត្តបាន ដោយមិនចាំបាច់ឡើងទៅទំនាក់ទំនងជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការវិនិយោគកម្ពុជានោះទេ។ក្នុងឱកាសនោះដែរ លោកស្រី យូ សុគន្ធ អភិបាលរងខេត្តកំពតបានបញ្ជាក់ថា សិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគ នៃព្រះរាជណាចក្រកម្ពុជា អនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ និងកម្មវិធីកសាងសមត្ថភាពមន្ត្រីនៃអនុគណៈកម្មាធិការវិនិយោគខេត្តកំពត-កែប ពិតជាមានសារៈសំខាន់ចំពោះមន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធនឹងការវិនិយោគ ក្នុងការស្វែងយល់ ការអនុវត្តច្បាប់ និងជំរុញការអនុវត្តវិស័យវិនិយោគក្នុងខេត្តឱ្យកាន់តែប្រសើឡើង ដើម្បីរួមគ្នាអភិវឌ្ឍន៍សេដ្ឋកិច្ចខេត្ត ក៏ដូចជាសេដ្ឋកិច្ចជាតិ និងជាប្រយោជន៍ដល់ការលើកស្ទួយជិវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដូច្នេះលោកស្រីអភិបាលរងបានស្នើសុំឱ្យអង្គសិក្ខាសាលាយកចិត្តទុកដាក់ ស្រូបយកចំណេះដឹង និងបទពិសោធន៍តាមរយៈបទបង្ហាញរបស់វាគ្មិនឱ្យបានល្អប្រសើរ៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត
0 Comments