Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អភិបាលខេត្តកំពតអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុក និងនាយករដ្ឋបាលសាលាស្រុកឈូក

នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំងចូលកាន់មុខតំណែងអភិបាលរងស្រុក និងនាយករដ្ឋបាលសាលាស្រុកឈូក ដែលពិធីនេះធ្វើឡើងនៅសាលាស្រុកឈូក។ ថ្លែងក្នុងពិធីនេះ ឯកឧត្តមអភិបាលខេត្តកំពតលើកឡើងថា ចាប់តាំងពីឯកឧត្តមមកកាន់តំណែងជាអភិបាលខេត្តកំពត ឯកឧត្តមមិនទាន់បានទទួលព័ត៌មានពីប្រជាពលរដ្ឋណាម្នាក់ ដើម្បីប្តឹងមន្ត្រីអនុវត្តន៍ការងារនៅតាមមូលដ្ឋាន ឬថ្នាក់ដឹកនាំ មន្ទីរ-អង្គភាពណាមួយនៅឡើយទេ នេះបានបង្ហាញឱ្យឃើញពីការអនុវត្តតួនាទី និងប្រើប្រាស់នូវអំណាចបានត្រឹមត្រូវក្នុងការបំរើប្រជាពលរដ្ឋ។ ឯកឧត្តមបានបន្តថា បច្ចុប្បន្ននេះខេត្តកំពត មន្ត្រីដោយរាប់ចាប់ពីគ្រូបង្រៀន មេភូមិ មេឃុំ មេប៉ុស្តិ៍ ប្រធានមណ្ឌលសុខភាព មន្ត្រីមន្ទីរជំនាញ រហូតដល់ថ្នាក់ដឹកនាំខេត្ត គឺបានបំពេញការងារបានល្អប្រសើ ហើយធ្វើឱ្យប្រជាពលរដ្ឋស្រឡាញ់ចូលចិត្ត និងមានភាពកក់ក្តៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ តែទោះជាយ៉ាងណាក៏ដោយ ឯកឧត្តមក៏បានក្រើនរំលឹក និងណែនាំដល់មន្ត្រីទាំងអស់ ពិសេស មន្ត្រីទើបចូលកាន់មុខតំណែងថ្មី ត្រូវចេះប្រើអំណាច និងតួនាទីឱ្យបានត្រឹមត្រូវ ដើម្បីធ្វើឱ្យការងារមានប្រសិទ្ធភាព រក្សារបាននូវសុខដុមរមនាជូនពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញឱ្យអាជ្ញាធរតាមបណ្តាស្រុក ឃុំ-សង្កាត់ ទាំងអស់ក្នុងខេត្ត ត្រូវខិតខំបំពេញតួនាទីភារកិច្ចក្នុងការផ្តល់សេវាសាធារណៈផ្សេងៗជូនពលរដ្ឋឱ្យបានល្អប្រសើ ធ្វើយ៉ាងណាកុំឱ្យមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ។ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់បន្ថែមថា ប្រទេសកម្ពុជាក្រោមម្លប់សុខសន្តិភាព និងក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតែងតែគិតគូរជានិច្ចនូវសុខទុក្ខ និងតម្រូវការរបស់ពលរដ្ឋនៅតាមមូលដ្ឋាន ដូច្នេះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រាប់ចាប់តាំងពីមេភូមិ រហូតដល់ថ្នាក់ខេត្តត្រូវខិតខំបំពេញការងារបម្រើប្រជាពលរដ្ឋឱ្យអស់ពីកម្លាំងកាយចិត្ត ស្របទៅតាមយុទ្ធសាស្ត្របញ្ជកោណដំណាក់កាលទី១ ដែលបានដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាល។
   
យោងតាមសេចក្តីប្រកាសស្តីពីការតែងតាំងមន្ត្រីរាជការ លេខ ៣៣០ប្រក តែងតាំងលោក ទូច ស៊ីណា ឋានន្តរស័ក្តិវរមន្ត្រីថ្នាក់លេខ៤ ឱ្យកាន់មុខតំណែងជានាយករដ្ឋបាលសាលាស្រុកឈូក និងយោងប្រកាសលេខ ៣៣២ប្រក តែងតាំងលោក ឡុញមុន្នីរក្សា ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៣ ឱ្យកាន់មុខតំណែងជាអភិបាលរងស្រុកឈូក៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង


















Post a Comment

0 Comments