Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

សង្ក្រាន្តទឹកឈូនឹងជួយទាក់ទាញទេសចរឱ្យមកលេងកម្សាន្តឆ្នេរកោះស្មៅកាន់តែច្រើននាឱកាសបុណ្យចូលឆ្នាំថ្មី

អាជ្ញាធរស្រុកទឹកឈូបានបញ្ជាក់ថា ផ្អែកតាមការណែនាំរបស់ឯកឧត្តមអភិបាលខេត្ត រដ្ឋបាលស្រុកបានរៀបចំទីតាំងធ្វើ សង្ក្រាន្តទឹកឈូ នៅបរិវេណឆ្នេរកោះស្មៅ ក្នុងគោលបំណងផ្តល់នូវភាពសប្បាយរីករាយដល់ពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី  ពិសេសដើម្បីបង្ហាញវប្បធម៌ ទំនៀមទម្លាប់ប្រពៃណី និងសក្តានុពលតំបន់ឆ្នេរឱ្យគេបានស្គាល់ និងមកលេងកាន់តែច្រើន។

អភិបាលស្រុកទឹកឈូ លោក អ៊ឹម ច័ន្ធសោធន បានប្រាប់ឱ្យដឹងថា ការៀបចំទីតាំងសង្ក្រាន្តទឹកឈូ នៅលើឆ្នេរកោះស្មៅមានរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែមេសា ចាប់ពីម៉ោង ៤ល្ងាច ដល់ ម៉ោង ៧ល្ងាច។ លោកអភិបាលស្រុកបានបញ្ជាក់ថា ក្នុងកម្មវិធីសង្ក្រាន្តទឹកឈូនេះ មានកម្មវិធីដូចជា ការរាំស្គរដៃ ការសម្តែងគុនល្បុក្កតោ ប្រឡងចំរៀងប្រពៃណី និងលេងល្បែងប្រជាប្រិយផ្សេងៗជាដើម។ ចំពោះការរៀបចំគិតមកដល់ពេលនេះ សម្រេចបានរង្វង់ ៤០% ហើយការរៀបចំនឹងបញ្ជាប់ទាំងស្រុងនៅថ្ងៃស្អែក។ ចំពោះការជ្រើសរើសទីតាំងធ្វើសង្ក្រាន្តនៅលើឆ្នេរកោះស្មៅនេះ គឺដើម្បីបង្ហាញសិល្បៈ និងល្បែងប្រជាប្រិយខ្មែរដល់យុវជនជំនាន់ក្រោយ និងភ្ញៀវទេសចរជាតិ អន្តរជាតិ បានស្គាល់ និងបានចូលរួមលេងល្បែងប្រជាប្រិយខ្មែរកម្សាន្តរួមគ្នាផង ហើយអ្វីដែលសំខាន់នោះគឺចង់បង្ហាញអំពីសត្តានុពលឆ្នេរកោះស្មៅតែម្តង ។

ចំណែកយុវជន ស.ស យ.ក ឃុំកំពង់គ្រែង ស្រុកទឹកឈូ កញ្ញា ម៉ាត់ ស្រីមាស បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា រដ្ឋបាលស្រុកបានត្រៀមកម្មវិធីសប្បាយៗច្រើនណាស់ ក្នុងសង្ក្រាន្តទឹកឈូឆ្នាំនេះ ហើយស្របពេលដែលឆ្នេរកោះស្មៅមានភាពស្អាត នឹងកំពុងមានការទាក់ទាញផងនោះ កញ្ញាសង្ឃឹមថានឹងមានអ្នកមកចូលរួមលេងកម្សាន្តច្រើន។

សម្រាប់ឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំនេះ ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរដែលមកលេងកម្សាន្តក្នុងខេត្តកំពត អាចមានជម្រើសច្រើនក្នុងការដើរលេងកម្សាន្តសប្បាយ ដែលមានតំបន់ដូចជា ទី១.តំបន់ត្រជាក់ ភ្ញៀវទេសចរអាចរាំលេងកម្សាន្តនៅរង្វង់មូលទុរេន ដោយមានការប្រគុំតន្ត្រីខ្នាតធំ ទី២.ទីតាំងតំបន់ឆ្នេរខ្សាច់កម្សាន្ត និងជិះទូកទេសចរណ៍កម្សាន្តតាមដងព្រែក ទី៣.ទីតាំងវេរ៉ងដា និងសេះសមុទ្របាញ់ទឹក និងទី៤.អាចមកលេងសង្ក្រាន្តទឹកឈូ នៅតំបន់ឆ្នេរកោះស្មៅ៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត























Post a Comment

0 Comments