សិក្ខាសាលាទូទាំងប្រទេសស្តីពី ការប្រឆាំងព័ត៌មានក្លែងក្លាយនៅក្នុងយុគសម័យ បញ្ញាសិប្បនិមិ្មត និងសន្តិសុខសាយប័រ រៀបចំឡើងដោយ គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ សហការជាមួយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នៅអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ និងជារដ្ឋមន្រ្តី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី។
សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីសំណាក់វាគ្មិនកិត្តិយស ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងឯកឧត្តមអនុប្រធាន សមាជិកនៃ គ.ស.ព.ស និងអ្នកនាំពាក្យ មន្ត្រីទទួលបន្ទុកការងារព័ត៌មាន និងបណ្តាញសង្គមមកពីបណ្តាក្រសួង ស្ថាប័ន រាជធានី ខេត្ត ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី វង្សី វិស្សុត និង ឯកឧត្តម ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ បានចាត់ទុកអង្គសិក្ខាសាលានាឱកាសនេះមានសារសំខាន់ក្នុងការរួមមតិយោបល់គ្នាប្រឆាំងព័ត៌មានក្លែងក្លាយនៅក្នុងយុគសម័យ បញ្ញាសិប្បនិមិ្មត និងសន្តិសុខសាយប័រ ហើយកិច្ចការងារនេះ គឺទទួលបានការគាំទ្រពី ប្រមុខរាជរដ្ឋាភិបាលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទាំងផ្នែកនយោបាយ និងសំភារៈដល់ក្រុមការងារនៅតាមបណ្តាខេត្ត រាជធានី ទាំង២៥ ។
ព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរ ការអភិវឌ្ឍន៍ប្រទេសជាតិ ហើយស្ថាប័នព័ត៌មានរបស់រាជរដ្ឋាភិបាល គឺជាសេនាធិការដ៏សំខាន់របស់រាជរដ្ឋាភិបាល ដែលត្រូវតែចូលរួមក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពសង្គម ការពារ គ្រប់គ្រង ឆ្លើយតប បកស្រាយ និងពន្យល់ ដល់ប្រជាពលរដ្ឋអំពីការពិត។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា បានគួសបញ្ជាក់ថា គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ ត្រូវបានបង្កើតឡើងក្នុងនាមជាយន្តការ ដើម្បីសម្របសម្រួល សហការ និងធ្វើកិច្ចសហប្រតិបត្តិការ ពង្រឹងស្តង់ដារនៃការអនុវត្តការងារ តម្រង់ទិសនិងផ្តល់ជាអនុសាសន៍ ដើម្បីតម្រង់ទិសការងារព័ត៌មាននិងសាធារណមតិឱ្យកាន់តែមានដំណើរការប្រកបដោយប្រសិទ្ធិភាព ជាពិសេសដើម្បីបង្កើតបានជាចលនាជាតិមួយសម្រាប់បង្កើតសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ។
នៅក្នុងឱកាសនៃអង្គសិក្ខានេះដែរ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រធានគណៈកម្មាការប្រឆាំងព័ត៌មានក្លែងក្លាយនៃក្រសួងព័ត៌មាន និងជាអនុប្រធានទី១នៃ ណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ បានអញ្ជើញធ្វើបទបង្ហាញក្រោមប្រធានបទ «កម្ពុជាក្នុងយុគសម័យបរិវត្តកម្មឌីជីថលនិងការប្រឆាំងនឹងព័ត៌មាន ក្លែងក្លាយ» ក្នុងសិក្ខាសាលាទូទាំងប្រទេសការប្រឆាំងព័ត៌មានក្លែងក្លាយស្តីពី «ការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិត និងសន្តិសុខសាយប័រ» ។ តាមរយៈបទបង្ហាញរបស់ ឯកឧត្តមដ្ឋមន្រ្តី សិក្ខាកាមប្រមាណជា៣៥០នាក់ ដែលជាអ្នកនាំពាក្យ និងមន្ត្រីទទួលបន្ទុកព័ត៌មាន តាមបណ្តាក្រសួង-ស្ថាប័ន រាជធានី-ខេត្ត និងក្រុង-ស្រុក បានស្វែងយល់ពីទិដ្ឋភាពនៃប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាក្នុងពេលបច្ចុប្បន្ន សារៈសំខាន់នៃការគ្រប់គ្រងព័ត៌មានក្នុងយុគសម័យបរិវត្តកម្មឌីជីថល ស្វែងយល់ពីព័ត៌មានក្លែងក្លាយ (ប្រភេពនៃព័ត៌មានក្លែងក្លាយ ផលវិបាកលើគ្រប់ទិដ្ឋភាពទាំងអស់នៃព័ត៌មានក្លែងក្លាយ) និង យន្តការទប់ស្កាត់ បង្ការ និងប្រឆាំងព័ត៌មានក្លែងក្លាយនៅកម្ពុជា ៕
ប្រភព៖ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា
0 Comments