នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ ក្រុមគ្រូពេទ្យភ្នែកកម្ពុជា បានរៀបចំកម្មវិធីពិនិត្យភ្នែក ចែកវែនតា ជូនមន្ត្រីរាជការ គ្រូបង្រៀនដោយឥតគិតថ្លៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម រ័ត្ន វិរៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកជំទាវ យូ សុគន្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត នៅសាលសន្និសីទបូកគោសាលាខេត្តកំពត។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ មន្ត្រីរាជការ គ្រូបង្រៀន កងកម្លាំងទាំងបីប្រភេទ និងប្រធានគណៈកម្មការគ្រិស្តបរិស័ទខេត្តកំពត ប្រមាណជាង ១៥០០នាក់។
លោកចក្ខុបណ្ឌិត ប៉ាង សាម៉ន ប្រធានពេទ្យភ្នែកគៀនឃ្លាំង, ពេទ្យភ្នែកកម្ពុជា និងជាប្រធានផ្នែកភ្នែក នៃមន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ព្រកុសុមៈ (មន្ទីរពេទ្យលោកសង្ឃ) បានឱ្យដឹងថា ការចុះពិនិត្យភ្នែក ចែកវែនតា ជូនមន្ត្រីរាជការ គ្រូបង្រៀន និងកងកម្លាំងទាំងបីប្រភេទ ដោយឥតគិតថ្លៃនេះបានធ្វើឡើងចាប់តាំងពីឆ្នាំ២០១១មក ចំណែកឯការចុះពិនិត្យភ្នែក និងចែកវែនតានៅក្នុងខេត្តកំពតនាពេលនេះគឺជាលើកទី៧៩ហើយ ដែលមានអ្នកចុះឈ្មោះចូលពិនិត្យប្រមាណជាង ១៥០០នាក់។ លោកចក្ខុបណ្ឌិបានបន្ត ការចុះពិនិត្យភ្នែក និងចែកវែនតាដោយឥតគិតថ្លៃជូនដល់មន្ត្រីរាជការ និងគ្រូបង្រៀន កងកម្លាំងទាំងបីប្រភេទ គឺមានគោលបំណង ទី១.ជួយសម្រួលដល់ការប្រកបការងាររបស់មន្ត្រីរាជការ ព្រោះមន្ត្រីរាជការមួយចំនួនគឺត្រូវការវែនតាជាចាំបាច់, ទី២.ចង់ឱ្យមន្ត្រីរាជការទទួលបានការវាស់ភ្នែកឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស, និងទី៣.ចូលរួមកាត់បន្ថយអត្រាពិការភាព ហើយនឹងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។ក្នុងពិធីនេះដែរ ឯកឧត្តម រ័ត្ន វិរៈ រដ្ឋលេខាធិការ តំណាងឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ការដឹកនាំរបស់រាជរដ្ឋាភិបាលបានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសកម្ពុជាយើងមានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃនេះ គឺដោយសារតែមានសុខសន្តិភាព និងការរួមគ្នាដោយមិនគិតពីសាសនា ជាតិសាសន៍ ហើយអ្វីដែលសំខាន់នោះយើងរស់នៅក្នុងទឹកដីកម្ពុជា យើងត្រូវធ្វើអ្វីៗដើម្បីកម្ពុជា ពិសេសបន្តថែរក្សាសុខសន្តិភាពឱ្យបានគង់វង្សបន្តទៅមុខទៀត។ ឯកឧត្តមរដ្ឋលេខាធិការក៏បានបញ្ជាក់ដែរថា សុខភាពភ្នែកពិតជាសំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នា បើភ្នែកមានបញ្ហាគឺយើងនឹងមានផលលំបាកក្នុងការធ្វើការងារប្រចាំថ្ងៃ ដូច្នេះសូមបងប្អូនមន្ត្រីរាជការទាំងអស់គិតគូពីបញ្ហាសុខភាពភ្នែកនេះ។
ជាមួយគ្នានេះដែរ លោកជំទាវ យូ សុគន្ធ អភិបាលរងខេត្ត ក៏បានថ្លែងអំណរគុណចំពោះក្រុមការងារ ពេទ្យភ្នែកកម្ពុជា ដែលដឹកនាំដោយលោកចក្ខុបណ្ឌិត ប៉ាង សាម៉ន ដែលបានចំណាយពេលវេលា ព្រមទាំងថវិកាផ្ទាល់ខ្លួនក្នុងការចុះមកពិនិត្យភ្នែក ចែកវែនតា ជូនមន្ត្រីរាជការ គ្រូបង្រៀន និងកងកម្លាំងដោយឥតគិតថ្លៃក្នុងខេត្តកំពតនាពេលនេះ។ លោកជំទាវអភិបាលរង ក៏បានបញ្ចាក់បន្ថែមដែរថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតែងតែគិតគូរជានិច្ចចំពោះសុខទុក្ខ ក៏ដូចជាសុខភាពរបស់បងប្អូនមន្ត្រីរាជការ គ្រូបង្រៀន កងកម្លាំង ពិសេសប្រជាពលរដ្ឋទូទាំងប្រទេស ហើយការចុះពិនិត្យភ្នែក និងចែកវែនតាដោយឥតគិតថ្លៃនេះ ក៏ជាការរួមចំណែកមួយយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជាពីសំណាក់ក្រុមការងារពេទ្យភ្នែកកម្ពុជាផងដែរ៕
0 Comments