Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលត្រូវពង្រឹងគុណវឌ្ឍន៍ និងប្រតិបត្តិវិជ្ជាជីវៈប្រកបដោយគុណធម៌ សមធម៌ និងសេចក្តីថ្លៃថ្នូរ

ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្តកំពត និងប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពត-កែប បានលើកឡើងថា ដើម្បីអភិវឌ្ឍន៍សង្គមជាតិ ស្របតាមយុទ្ធសាស្ត្រ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ធានាបាននូវសុកមាលភាពជូនពលរដ្ឋ កាត់បន្ថយអត្រាស្លាប់ ពិការភាព និងអត្រាគ្រោះថ្នាក់ដោយការប្រើប្រាស់ឱសថផ្សេងៗ អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលត្រូវតែពង្រឹងគុណវឌ្ឍន៍ និងប្រតិបត្តិវិជ្ជាជីវៈឱ្យបានត្រឹមត្រូវ។

ថ្លែងក្នុងទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្របន្ត លើកទី១៤ របស់ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពត-កែប ដែលធ្វើឡើងនៅមន្ទីរសុខាភិបាលខេត្តកំពត នាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ លោកវេជ្ជបណ្ឌិត តាន់ ឆេង អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពតបានលើកឡើងថា ការអភិវឌ្ឍន៍វិជ្ជាជីវៈរបស់គ្រូពេទ្យនៅតែជាការងារចាំបាច់ ដើម្បីចូលរួមលើកកម្ពស់នូវសមត្ថភាពវិជ្ជាជីវៈសុខាភិបាល ក្រមសីលធម៌វិជ្ជាជីវៈ ការអនុវត្តបទបញ្ជាផ្ទៃក្នុង ពង្រឹងនូវគុណវឌ្ឍន៍នៃវិជ្ជាជីវៈ ទាំងសេវាសាធារណៈ និងឯកជន។ លោកបានបន្តថា សុខមាលភាពប្រជាពលរដ្ឋ ជាគុណតម្លៃមហាសាលរបស់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលដ៏មានប្រសិទ្ធិភាព សុវត្ថិភាព ដើម្បីចូលរួមកាត់បន្ថយអត្រាស្លាប់ ពិការភាព និងអត្រាគ្រោះថ្នាក់ដោយការប្រើប្រាស់ឱសថផ្សេងៗ  ហើយគ្រូពេទ្យត្រូវគិតថា “ទុក្ខលំបាករបស់អ្នកជំងឺ គឺជាទុក្ខលំបាករបស់គ្រូពេទ្យ”។ លោកក៏បានស្នើឱ្យអ្នកប្រកបវិជ្ជជីវៈសុខាភិបាលទាំងរដ្ឋ និងឯកជនត្រូវគោរពតាមគោលការណ៍ 3H។

ក្នុងឱកាសនោះដែរ ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពត-កែប លោកវេជ្ជបណ្ឌិត កែវ សុផាន បានឱ្យដឹងដែរថា ការចូលរួមជួយជ្រោមជ្រែង យកចិត្តទុកដាក់ និងជំរុញសកម្មភាពនានាពីថ្នាក់ជាតិ លើការងារសុខាភិបាលនេះ គឺសំដៅពន្លឿននូវការអនុវត្តន៍ច្បាប់ បទបញ្ជាផ្ទៃក្នុង ពង្រឹងនូវគុណវឌ្ឍន៍ ការប្រតិបត្តិវិជ្ជាជីវៈប្រកបដោយ គុណធម៌ សមធម៌ និងសេចក្តីថ្លៃថ្នូរនៃវិជ្ជាជីវៈសុខាភិបាល ដើម្បីឈានទៅរកការអភិវឌ្ឍន៍សង្គមជាតិ ស្របតាមយុទ្ធសាស្ត្រ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់ដណ្តប់សុខភាពជាសកល រួមមាន ការបង្ខិតសេវាឱ្យទៅជិតប្រជាពលរដ្ឋ គុណភាពនៃការផ្តល់សេវា ការដកនូវរបាំងសេដ្ឋកិច្ចតាមរយៈគម្រោងការពារសង្គមជាដើម។ លោកវេជ្ជបណ្ឌិតបានបន្តថា ទន្ទឹមនឹងការធ្វើនិយ័តកម្មឯកជន ក៏ត្រូវតែធ្វើឱ្យប្រសើរឡើងក្នុងការទទួលខុសត្រូវលើលក្ខណៈបច្ចេកទេស សមត្ថភាព ក្រមសីលធម៌ ដែនកំណត់វិជ្ជាជីវៈ និងតម្រូវការជាមូលដ្ឋានតាមផ្លូវច្បាប់ ក្នុងការឈានទៅទទួលបាននូវការទទួលស្គាល់គុណភាពសេវា និងត្រៀមលក្ខណៈសម្រាប់ការវាយតម្លៃ អង្គភាពផ្តល់សេវាសាធារណៈគំរូថ្នាក់មន្ទីរពេទ្យបង្អែកឆ្នាំ២០២៤ផងដែរ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ មានជិក សមាជិកា នៃក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពត-កែប បានចុះបញ្ជីការសុំអាជ្ញាបណ្ណសរុបចំនួន ៣០៩រូប ក្នុងនោះអាជ្ញាបណ្ណមានសុពលភាពចំនួន ២៧៨រូប និងអាជ្ញាបណ្ណហួសសុពលភាព ២៩រូប និងស្លាប់ ២រូប៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត



















Post a Comment

0 Comments