បារីអេឡិចត្រូនិកមានរូបរាង និងទំហំជាច្រើនប្រភេទ។ ភាគច្រើន នៃបារីអេឡិចត្រូនិក មានផ្នែក សម្រាប់បញ្ចេញកំដៅ និងផ្នែកដែលផ្ទុកសារធាតុរាវ។ បារីអេឡិចត្រូនិក បញ្ចេញចំហាយដោយសារ ការដុតកំដៅនៃសារធាតុរាវដែលមានផ្ទុកនូវសារធាតុនីកូទីន។ បារីអេឡិចត្រូនិក មានឈ្មោះជាច្រើន ដូចជា E-cigs, Mods, Vape pens, Vapes, ជាដើម ជាទូទៅគេហៅថា វ៉េបភីង (Vaping)។ បារីអេឡិចត្រូនិក ត្រូវបានគេប្រើប្រាស់ជាមួយកញ្ញា និងសារធាតុញៀនផ្សេងទៀតផងដែរ។
ចំហាយបារីអេឡិចត្រូនិកដែលអ្នកប្រើប្រាស់ស្រូបយកពីឧបករណ៍ និងបញ្ចេញមកវិញមានសារធាតុ ដែលមានគ្រោះថ្នាក់ រួមមាន៖
-នីកូទីន (Nicotine)
-ភាគល្អិតៗដែលអាចស្រូបចូលទៅក្នុងសួត
-សារធាតុគីមីដែលមានក្លិនដូចជា Diacetyl ដែលអាចបណ្តាលឱ្យមានជំងឺសួតធ្ងន់ធ្ងរ
-សារធាតុសរីរាង្គដែលងាយហើរ
-សារធាតុគីមីដែលអាចបណ្តាលឱ្យមានជំងឺមហារីក
-ក្រុមលោហៈធ្ងន់ ដូចជា នីកែល សំណប៉ាហាំង និងសំណ
បារីអេឡិចត្រូនិកបង្កផលប៉ះពាល់លើសុខភាព ដោយសារសារធាតុនីកូទីនអាចបណ្តាលឱ្យមាន ភាពញៀនខ្លាំង មានគ្រោះថ្នាក់ដល់គភ៌ ពុលដល់ទារកក្នុងផ្ទៃពោះ មានហានិភ័យដល់ការលូតលាស់ខួរក្បាល ហើយសារធាតុល្អិតៗ ដែលជ្រាបចូលដល់ក្នុងសួតអាចបណ្តាលឱ្យមានជំងឺមហារីក។ ការប្រើប្រាស់បារី អេឡិចត្រូនិកអាចបណ្តាលឱ្យកុមារ និងក្មេងជំទង់ញៀន ហើយក៏មានផលប៉ះពាល់ ដល់ការលូតលាស់ខួរក្បាល និងមុខងារនៃការត្រួតពិនិត្យរបស់ខួរក្បាលដែលនាំឱ្យមានការថយចុះនៃការផ្ចង់អារម្មណ៍ ការរៀនសូត្រ និងការគ្រប់គ្រងកំហឹង ព្រមទាំងងាយនឹងទទួលភាពញៀនដោយសារធាតុញៀនផ្សេងទៀត។ នីកូទីនក៏ដូច ជាសារធាតុញៀនដទៃទៀតដែរ វាអាចបណ្តាលឱ្យមានការប្រែប្រួលផ្លូវចិត្ត (Mood) ការប្រើប្រាស់នីកូទីន អាចបណ្តាលឱ្យមានភាពរីមេ (Withdrawal) ដែលអាចសំដែងចេញជា ភាពមួរម៉ៅ រសាប់រសល់ ថប់បារម្ភ ឬអស់សង្ឃឹម វិបត្តិនៃការគេង ពិបាកផ្ចង់អារម្មណ៍ និងសន្ទុះចិត្តចង់ប្រើនីកូទីន។
0 Comments