ប្រធានកិត្តិយសគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន បានថ្លែងទៅកាន់ប្រជាពលរដ្ឋដែលងាយរងគ្រោះ និងចាស់ជរាប្រមាណ ៦០គ្រួសារ មកពីភូមិចំនួន៤ ក្នុងឃុំសត្វពង ស្រុកឈូក ខេត្តកំពត នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចបានខិតខំលះបង់គ្រប់បែបយ៉ាងធ្វើយ៉ាងណាឱ្យប្រទេសជាតិ និងប្រជាពលរដ្ឋទទួលបាននូវសុខសន្តិភាព ព្រមទាំងបានបន្តអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនមកទល់សព្វថ្ងៃនេះ។
លោកជំទាវប្រធានកិត្តិយសាខាសមាគមបានបន្តថា ក្រោយពីសម្តេចរកបានមកនូវសុខសន្តិភាពពេញលេញទូទាំងប្រទេសរួចហើយ សម្តេចនៅតែបន្តគិតគូរជានិច្ចនូវសុខទុក្ខរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ពិសេសប្រជាពលរដ្ឋងាយរងគ្រោះ ជនចាស់ជរា ព្រមទាំងបានដាក់ចេញនូវគោលនយោបាយសម្រាប់ជួយដល់ពលរដ្ឋជាច្រើន ហើយបានណែនាំដល់អាជ្ញាធរគ្រប់រាជធានី-ខេត្ត ត្រូវចុះជាប់ជានិច្ចជាមួយបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីបានដឹងពីសុខទុក្ខ តម្រូវការ និងការខ្វះខាតផ្សេងៗរបស់ពលរដ្ឋ ដោយមិនត្រូវទុកឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយអត់អាហារនោះទេ។លោកជំទាវប្រធានកិត្តិយសសាខាសមាគមបានបន្ថែមទៀតថា ខេត្តកំពត ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន លោកតែងតែគិតគូជានិច្ចនូវរាល់ទុក្ខលំបាក និងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្ត តាមយន្តការដែលរាជរដ្ឋាភិបាលបានដាក់ចេញ។ ក្នុងនោះ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត តែងតែឆ្លៀតពីការងារដ៏មមារញឹកដើម្បីចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋតាមមូលដ្ឋាន ក៏ដូចជាផ្តល់នូវអំណោយជាគ្រឿងឧបភោគបរិភោគទៅដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងចាស់ជរាផងដែរ។
ក្នុងពិធីនេះដែរ លោកជំទាវប្រធានកិត្តិយសគណៈកម្មការសាខាសមាគម ក៏បាននាំយកអំណោយរបស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន និងអំណោយរបស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ចែកជូនពលរដ្ឋងាយរងគ្រោះ និងចាស់ជរាចំនួន ៦០គ្រួសារ ដោយមួយគ្រួសាៗទទួលបាន អង្ករ ២០គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ ត្រីខ ១យួរ និងថវិកា ៣ម៉ឺនរៀល។ បន្ទាប់ពីជួបសំណាលរួចមក លោកជំទាវ បានចុះជួបសំណេះសំណាលប្រជាពលរដ្ឋដែលជាចាស់ជរាតាមខ្នងផ្ទះ និងបន្តសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកឈូក ក្នុងនោះមានអ្នកជំងឺសម្រាកព្យាបាលចំនួន ២៣នាក់ ស្ត្រីសំរាលកូន ៣នាក់ ស្រ្តីសំរាលដោយវះកាត់ចំនួន ៣នាក់ និងស្ត្រីរង់ចាំសម្រាលចំនួន ២នាក់ ដោយបានផ្តលអំណោយជាសារ៉ុង និងថវិកាមួយចំនួនផងដែរ។
0 Comments