ថ្លែងទៅកាន់អាជ្ញាធរមូលដ្ឋានក្នុងឃុំចំនួន៣ នៃស្រុកឈូក ខេត្តកំពត មានឃុំតេជោអភិវឌ្ឍន៍ ឃុំត្រពាំងភ្លាំង ឃុំតាកែន ក្នុងពិធីជួបសំណេះសំណាលជាមួយអតីតយុទ្ធជន កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ នៅឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពតបានគូសបញ្ជាក់ថា ពុកម៉ែ ពូមីង បងប្អូន ដែលជាអតីតយុទ្ធជនគឺជាអ្នកដែលមានគុណបំណាច់ដ៏ធំធេងក្នុងការចូលរួមជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងការទាមទារយកមកវិញនូវសុខសន្តិភាពពីរបបប្រល័យពូជសាសន៍ ពល ពត។ ឯកឧត្តមបណ្ឌិតអភិបាលខេត្តបានបន្តថា ក្រោយពីប្រទេសជាតិមានសន្តិភាពពេញលេញ សម្តេចតេជោ តែងតែគិតគូជានិច្ចចំពោះគុណបំណាចរបស់ពួកគាត់ ដោយបានផ្តល់នូវអ្វីគ្រប់យ៉ាងដើម្បីតបស្នងសងគុណដល់អតីតយុទ្ធជនពលី និងពិការ។
ជាមួយគ្នាដែរ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋានក្នុងឃុំទាំង៣ខាងលើ ត្រូវធ្វើយ៉ាងណាយកចិត្តទុកដាក់បំរើ ពុកម៉ែ ពូមីង បងប្អូន ដែលជាអតីតយុទ្ធជនឱ្យអស់ពីលទ្ធភាព ត្រូវស្គាល់សុខស្គាល់ទុក្ខរបស់ពួកគាត់។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ក្នុងនាមជាអ្នកដែលមានតួនាទីដែលរាជរដ្ឋាភិបាល គណបក្សបានផ្តល់ឱ្យគឺយើងត្រូវតែបំពលរដ្ឋដោយមានទំនួលខុសត្រូវ ស្គាល់ខុសស្គាល់ត្រូវ មានសីលធម៌ល្អ ហើយរួមសុខទុក្ខជាមួយប្រជាពលរដ្ឋ។សូមបញ្ជាក់ថា នេះជាលើកទី៣ហើយ ដែលឯកឧត្តមអភិបាលខេត្តកំពតបានចុះជួបសំណេះសំណាលជាមួយ ពុកម៉ែ ពូមីង បងប្អូន ដែលជាអតីតយុទ្ធជនក្នុងស្រុកឈូក ដែលមានអតីតយុទ្ធជនចូលរួមប្រមាណជាង ៨០០នាក់។ ក្នុងពិធីនេះដែរឯកឧត្តមបណ្ឌិតអភិបាលខេត្តក៏បាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ផ្តល់ជូនដល់អតីតយុទ្ធជនដែលបានចូលរួម ក្នុងម្នាក់ៗទទួលបាន៖ អង្ករ ៥០គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ និងសារ៉ុង១ផងដែរ៕
0 Comments