Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ការដាំដំណាំនិងបន្លែរួមផ្សំរួមចំណែករលើកស្ទួយសេដ្ឋកិច្ចគ្រួសារកសិករឃុំកូនសត្វ ស្រុកទឹកឈូ

អាជ្ញាធរបានបញ្ជាក់ថា បន្ទាប់ពីប្រទេសមានសុខសន្តិភាព ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពតបានក្លាយជាតំបន់កសិ-ទេសចរណ៍ដ៏ទាក់ទាញបំផុតមួយ។ ហើយក្រៅពីដំណាំចម្បងមានម្រេច ទុរេន និងស្រូវ ពលរដ្ឋឃុំកូនសត្វភាគច្រើននិយមដាំបន្លែរួមផ្សំ ហើយបន្លែរួមផ្សំនេះហើយ ដែលជួយលើកស្ទួយជីវភាពប្រចាំថ្ងៃ និងជួយឲ្យពលរដ្ឋមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបញ្ជូនកូនចៅទៅរៀនសូត្របានខ្ពង់ខ្ពស់។ 

មេឃុំកូនសត្វ លោកវិត សុភ័ក្តិ បានប្រាប់ឲ្យដឹងថា ភូមិសាស្ត្រឃុំកូនសត្វមានសក្តានុពល និងអំណោយផលលើវិស័យកសិកម្ម។ ឃុំនេះមានប្រភពទឺកដ៏ធំមួយសម្រាប់បម្រើដល់វិស័យទឹកស្អាតផង និងសម្រាប់ស្រោចស្រពដំណាំផង នោះគឺទំបន់ប្រឡាក់ក្រឡា តំបន់កសិ-ទេសចរណ៍ដ៏ទាក់ទាញបំផុត ក្នុងខេត្តកំពត ។ ដោយសារមានប្រព័ន្ធស្រោចស្រពមួយនេះ ធ្វើឲ្យអ្នកភូមិកូនសត្វប្រែក្លាយដីទីផ្ទះរបស់ខ្លួន ទៅជាសួនដំណាំ និងបន្លែរួមផ្សំជាច្រើនប្រភេទ ដើម្បីមានប្រាក់ចំណូលប្រចាំថ្ងៃ សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ។ តាមការប៉ាន់ស្មានដើមឆ្នាំ២០២៤នេះ ផ្ទៃដីដាំបន្លែរួមផ្សំក្នុងឃុំសរុបប្រមាណ៣០ហិកតា ខណៈដែលផ្ទៃដីកសិកម្មសរុបជាង៣ពាន់ហិកតា។ 

ប្រជាពលរដ្ឋរស់នៅភូមិបុស្សញ៉ិញ ឃុំកូនសត្វ បានប្រាប់ឲ្យដឹងដែរថា ក្រៅពីធ្វើស្រែ អ្នកភូមិភាគច្រើននិយមដាំដំណាំ ម្រេច ទុរេន ពិសេសដាំបន្លែរួមផ្សំផ្សេងៗនៅជុំវិញផ្ទះជាប្រចាំ ការដាំបន្លែនេះជារបរបន្តមកពីដូនតា ហើយទោះជារដូវខ្លះបន្លែគ្មានទីផ្សារ ធ្លាក់ថ្លៃខ្លាំង ក៏ពួកគាត់នៅតែបន្តដាំដដែល។ ប្រជាពលរដ្ឋបន្តថា បច្ចុប្បន្នភាគច្រើនស្រីៗមេផ្ទះមើលថែកូនចៅជាអ្នកដាំបន្លែរួមផ្សំ ខណៈដែលប្តីចេញទៅធ្វើការនៅទីប្រជុំជនស្រុក និងក្រុងកំពត។ ហើយភាគច្រើន អ្នកភូមិមានជីវភាពសមរម្យ មានលទ្ធភាពបញ្ចូនកូនចៅឲ្យទៅរៀនសូត្របានដូចគេ ដូចឯងដែរ។ 

បើតាមការលើកឡើងរបស់ប្រជាពលរដ្ឋឃុំកូនសត្វ ថាពួកគាត់មិនបោះបង់របរដាំដំណាំ និងបន្លែរួមផ្សំទាំងនោះទេ ដូច្នេះពួកគាត់ស្នើសុំដល់មន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរជួយលើកទឹកចិត្ត និងលើកកម្ពស់បន្ថែមទាំងផ្នែកបច្ចេកទេស និងផ្នែកទីផ្សារកសិកម្មឲ្យបានល្អប្រសើរ៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត























Post a Comment

0 Comments