Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

រដ្ឋមន្ត្រីសាធារណៈការ៖ ទីលាន​ទុក​ដាក់​សំរាម​នឹង​ធ្វើ​ឱ្យទីក្រុង​គ្មាន​សំរាម​ពាស់​វាល​ពាស់​កាល

មានប្រសាសន៍ក្នុងពិធីប្រគល់ ទទួល និងសម្ពោធដាក់ឱ្យប្រើប្រាស់គម្រោងអភិវឌ្ឍន៍ទីក្រុងរបៀង នៃមហាអនុតំបន់មេគ្គជំហានទី២ ទីលានទុកដាក់សម្រាមខេត្តកំពត នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានបញ្ជាក់ថា ទីលានទុកដាក់សំរាមគឺជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការថែរក្សាសុខភាព សុខមាលភាពប្រជាជន ហើយក៏នឹងអាចធ្វើឱ្យទីក្រុងគ្មានការកកស្ទះសំរាម។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្ថែមថា ការទុកដាក់សំរាមពាស់វាលពាស់កាល គឺធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ព្រមទាំងធ្វើឱ្យខូចសោភ័ណ្ឌភាពទីក្រុង ហើយក្រុងកំពត ខេត្តកំពត គឺជាខេត្តគោលដៅទេសចរណ៍យ៉ាងសំខាន់ ដូច្នេះយើងមិនចង់ឃើញមានសំរាមដាក់ចោលនៅតាមផ្លូវដោយគ្មានកន្លែងទុកដាក់ត្រឹមត្រូវនោះទេ ទើបក្រសួងសាធារណៈការធ្វើតាមការគ្រោងទុកនូវទីលានទុកដាក់សំរាមនេះ។

ក្នុងពិធីនេះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក៏បានថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រសួងសារធារណៈការ និងដឹកជញ្ជូន ដែលបានរៀបចំនូវទីលានទុកដាក់សំរាមសម្រាប់ខេត្តកំពត ដែលជាខេត្តទេសចរណ៍មួយដ៏ទាក់ទាញ ហើយសមិទ្ធិផលនេះក៏កើតចេញពីម្លប់នៃសុខសន្តិភាពផងដែរ។ ឯកឧត្តមអភិបាលខេត្តបានបន្តថា ទីលានទុកដាក់សំរាមនេះ និងអាចធ្វើឱ្យក្រុងកំពត ខេត្តកំពត ក្លាយទៅទីក្រុងស្អាត គ្មានការទុកដាក់សំរាមពាស់វាលពាស់កាល និងថែមទាំងអាចថែរក្សាសុខមាលភាពប្រជាពលរដ្ឋផងដែរ។

យោងតាមរបាយការណ៍របស់ ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ និងជាប្រធានគម្រោង បានឱ្យដឹងថា ម្រោងនេះមានឈ្មោះថា គម្រោងអភិវឌ្ឍន៍ទីក្រុងរបៀង នៃមហាអនុតំបន់មេគង្គជំហានទី២ ដោយប្រើប្រាស់កម្ចីឥណទានពីធនាគារអភិវឌ្ឍន៍អាស៊ី និងគ្រប់គ្រងគម្រោងដោយក្រសួងសាធារណការ និងដឹកជញ្ជូន ថវិកាគម្រោងមានចំនូន ៣.៣៧២.៥១៤ ដុល្លារអាមេរិក ចាប់ផ្ដើមសាងសង់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ មានទីតាំងស្ថិតនៅក្នុងភូមិថ្មី ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត។ ទីលានទុកសំរាមនេះត្រូវបានរចនាឡើងជាពីររណ្តៅ ដែលមានទំហំមាត់រណ្តៅប៉ុនគ្នា (៨០ម៉ែត្រ x ១៧០ម៉ែត្រ) ជម្រៅ ៣ម៉ែត្រ ត្រូវជា ១,៣៦ហិកតា។ តាមផែនការ រណ្តៅទាំងពីរនេះ នឹងត្រូវបំពេញសំរាមរហូតដល់ ១០ម៉ែត្រ គិតចាប់ពីមាត់រណ្ដៅ ដែលអាចផ្ទុកបរិមាណសំរាមបានប្រមាណ ៣៤៨.៤០០ម៉ែត្រគូប សាងសង់លើផ្ទៃដី ៨,៧៧ហិកតា លើផ្ទៃដីសរុបទំហំ ១០,៣៣៨ហិកតា ដែលនឹងប្រើប្រាស់ក្នុងរយៈពេល ២០ឆ្នាំ សម្រាប់ប្រជាជនក្នុងខេត្តកំពតទាំងមូលប្រមាណជា ៥២.៣៣៧នាក់៕

អត្ថបទ៖ សុធារម្យ AKP, រូបភាព៖ អាំង សំណាង













Post a Comment

0 Comments