នៅព្រឹកព្រហស្បតិ៍ ១៣កើត ខែជេស្ឋ ឆ្នាំថោះ បញ្ជស័ក ព.ស២០៥៦៧ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ប្រជាពលរដ្ឋខេត្តកំពតបានមូលមតិគ្នាផ្តើមធ្វើបុណ្យសាមគ្គី និងដឹងគុណ ជូនចំពោះឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត ដើម្បីតបស្នងសងគុណ នឹងដឹងគុណចំពោះឯកឧត្តម ដែលចាប់តាំងពីឯកឧត្តមបានមកកាន់តំណែងជាអភិបាលខេត្ត បានចំណាយពេលវេលាជាច្រើនដើម្បីដោះស្រាយនូវរាល់សំណើរ និងសំណូមពរផ្សេងៗរបស់ប្រជាពលរដ្ឋ ជាពិសេសវិវាទក្រៅប្រព័ន្ធតុលាការ ដែលធ្វើឱ្យប្រជាពលរដ្ឋទទួលបានយុត្តិធម៌។
មានមតិសំណេះសំណាលក្នុងពិធីនេះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានផ្តួចផ្តើមធ្វើបុណ្យនេះឡើង។ ឯកឧត្តមបានបន្តថា ប្រជាពលរដ្ឋទូទាំងប្រទេស ពិសេសពលរដ្ឋក្នុងខេត្តកំពត ដែលមានឱកាសធ្វើបុណ្យសាមគ្គីនេះបាន គឺក៏ដោយសារតែប្រទេសជាតិមានសុខសន្តិភាព មានស្ថេរភាពនយោបាយ មានការអភិវឌ្ឍន៍ក្រោមម្លប់នៃសុខសន្តិភាពដែលសម្តេចតេជោរកមកជូន។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តក៏បានប្រាប់ទៅកាន់បងប្អូនប្រជាពលរដ្ឋទាំងអស់ មិនត្រូវបំភ្លេចនូវគុណនូបការៈដ៏ធំធេង និងមានតំលៃរបស់សម្តេចតេជោ ហ៊ុន សែន ដែលលោកបានលះបង់គ្រប់បែបយ៉ាងដើម្បីស្វែងរកថ្ងៃកំណើតទី២ ជូនពលរដ្ឋ ជូនជាតិមាតុភូមិ ស្វែងរកការអភិវឌ្ឍន៍ និងសុខសន្តិភាព។ ទន្ទឹមនឹងនេះ ក្នុងនាមយើងជាប្រជាពលរដ្ឋកម្ពុជាមួយរូប ដែលរស់ឡើងវិញដោយថ្ងៃកំណើតទី២ យើងត្រូវតបស្នងសងគុណអ្នកដែលបានរំដោះយើងឱ្យរួចផុតចេញពីរបបប្រល័យពូជសាសន៍ដ៏អាក្រក់ ហើយបានផ្តល់មកឱ្យយើងនូវសិទ្ធិសេរីភាពពេញលេញ ពិសេសគឺសុខសន្តិភាពតែម្តង។
ឯកឧត្តមអភិបាលខេត្តក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត សូមទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតគាំទ្រសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះដើម្បីឱ្យសម្តេចបន្តដឹកនាំនាវាកម្ពុជាឱ្យមានការរីកចម្រើនឈ្ពោះទៅមុខបន្តទៀត៕
អត្ថបទ៖ សុធារម្យ AKP, រូបភាព៖ អាំង សំណាង
0 Comments