Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

រដ្ឋមន្រ្ដីក្រសួងព័ត៌មានចាត់ទុកសមាជិក សមាជិកា សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ សាខាក្រសួង​ព័ត៌មាន បានដើរតួនាទីយ៉ាងសំខាន់ក្នុង​កិច្ចការងារ​សង្គម


AKP ភ្នំពេញ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានចាត់ទុកសមាជិក សមាជិកា សមាគម​នារី​​កម្ពុជា ដើម្បី​សន្តិភាព និងអភិវឌ្ឍន៍ សាខាក្រសួងព័ត៌មាន បានដើរតួនាទីយ៉ាង​សំខាន់​ក្នុង​​កិច្ចការងារ​សង្គម។ ការឡើកឡើងរបស់ឯកឧត្ដមរដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីសំណេះ​សំណាល​ជាមួយសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និង​អភិវឌ្ឍន៍ ក្រសួងព័ត៌មាន ដែលបានធ្វើឡើងនៅសាលចតុម្មុខមង្គល នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តី​ការ​ក្រសួង​ព័ត៌មាន។

ឯកឧត្តម នេត្រ ភក្ត្រា មានប្រសាសន៍ថា ការដើរតួនាទីយ៉ាង​សំខាន់​ក្នុង​​កិច្ចការងារ​សង្គមរបស់សមាគម​នារី​​នេះ គឺបានធ្វើសកម្មភាពដូចជា ការចុះចែកជូនអំណោយ​ដល់​ជនរង​គ្រោះ​នៅតាមមូលដ្ឋានជួយ​សង្រ្គោះ​ដល់​ចាស់ជរា ខ្វះខាតជីវភាព ការផ្តល់សម្ភារ​សិក្សា ជូន​ដល់កុមារទីទ័លក្រ ផ្តល់​ជូន​​នូវ​អំណោយ និងអាហារជូនដល់មណ្ឌលកុមារពិការ និង​អូទីស្សឹមនៅក្រុងតាខ្មៅ ព្រមទាំង​ចូលរួម​ចំណែក​កសាងអភិវឌ្ឍន៍វិស័យសាសនា ក៏​ដូច​​ជាការខិតខំបណ្តុះបណ្តាល​កសាង​សមត្ថភាពដល់នារីក្នុងវិស័យសារព័ត៌មាន ជាដើម។ ឯកឧត្ដមបានលើកឡើងថា ជាជំហានទៅមុខទៀត សមាជិក សមាជិកាសមាគមនារី​ក្រសួង​​ព័ត៌មាន ទាំង​អស់​បន្តរួមសាមគ្គីគ្នាជាធ្លុងមួយ បង្កើនសកម្មភាពបន្តទៀតទៅ​លើ​សកម្មភាពទាំង​អស់​ដែល​យើងបានធ្វើ ហើយអ្វីដែលសំខាន់គឺការគិតគូរបង្កើនសមត្ថភាព​ថ្មីៗ​បន្ថែមទៀត ដើម្បី​ធ្វើឱ្យសមាគមនារីនៃក្រសួងព័ត៌មានរបស់យើងកាន់តែ​មានភាព​លេចធ្លោឡើង។ ឯកឧត្តម​រដ្ឋមន្រ្តីបានបញ្ជាក់ទៀតថា អ្វីដែលសមាគមនារីក្រសួងព័ត៌មាន ដែលមានកន្លងមក​រហូត​​​មក​ដល់អាណត្តិទី៦ គឺនៅរក្សាដដែល រាល់សកម្មភាព រាល់ការ​គាំទ្រ ទាំងឡាយ ឯកឧត្តម នេត្រ ភក្ត្រា គឺផ្តល់នូវការគាំទ្រ ដូចដែលមានការគាំទ្ររបស់ ឯកឧត្តម ខៀវ កាញារីទ្ធ ហើយ​អ្វីដែលសំខាន់ទៅមុខទៀតគឺ បន្ដរក្សាសកម្មភាព និងរួម​សាមគ្គី​​គ្នាបន្ថែមទៀត ដើម្បី​ឱ្យស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី ។

ជាមួយគ្នានេះដែរ ឯកឧត្ដមរដ្ឋមន្រ្ដីក៏បានថ្លែងនូវអំណរគុណចំពោះ ឯកឧត្តម ខៀវ កាញារីទ្ធ អតីតរដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ ខៀវ ទេព រង្ស៊ី កាញារីទ្ធ ប្រធាន​កិត្តិយសសមាគម ដែលបានខិតខំប្រឹងប្រែងកសាងសមាគមនារីដើម្បីសន្តិភាព​និង​អភិវឌ្ឍន៍​​ក្រសួងព័ត៌មាន ឱ្យដំណើរការតាំងតែពីឆ្នាំ២០១៧ រហូតមកដល់ពេលនេះ ដោយ​សម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន ដែលទាំងនេះគឺជាគុណូបការៈដ៏ធំរបស់ ឯកឧត្តម និងលោកជំទាវ បន្សល់ទុកជាកកេរដំណែលរបស់ក្រសួងព័ត៌មាន ។ ឯកឧត្ដមរដ្ឋ​មន្រ្ដីក៏អរគុណ​ដល់ឯកឧត្តម លោកជំទាវ លោកស្រី ជាសមាជិក សមាជិកា សមាគមនារី​ដើម្បី​​សន្តិភាព​និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន ដែលបានខិតខំបំពេញកិច្ចការងារប្រកបដោយ ការទទួល​ខុស​ត្រូវ ប្រសិទ្ធភាព និងគុណភាព។

ឯកឧត្ដមរដ្ឋមន្រ្ដីក៏បានបន្ថែមថា កន្លងមកនេះ បានបង្ហាញនូវសាមគ្គីភាព យ៉ាង​រឹងមាំ​ក្រោមការដឹកនាំរបស់លោកជំទាវ ទេព រង្ស៊ី ខៀវ កាញារីទ្ធ និងមានការគាំទ្រពី ឯកឧត្តម ខៀវ កាញារីទ្ធ ផ្ទាល់ទៅលើកិច្ចការងារទាំងនេះ។

លោកជំទាវ សន ម៉ារ៉ា រដ្ឋលេខាធិការ និងជាប្រធានប្រតិបត្តិ សាខាសមាគមនារី​ដើម្បី​សន្តិភាពនិងអភិវឌ្ឍន៍ក្រសួងព័ត៌មានបានធ្វើរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធ​ផលការងារ សាខាសមាគម នារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងព័ត៌មាន ឆ្នាំ​២០២៣ និងលើកទិសដៅត្រូវអនុវត្តន៍នៅក្នុងអាណត្តិទី ៧ ។ លោកជំទាវបានបន្ដថា សមា​គមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សាខាក្រសួងព័ត៌មាន ក្រៅអំពីការងារ​លើ​វិស័យ​​ព័ត៌មានបានរួមចំណែកកសាងសមិទ្ធផលនានា ក្នុងវិស័យអាណាចក្រ និងពុទ្ធិចក្រ ដែល​សុទ្ធសឹងផ្តើមចេញពីឆន្ទៈមនសិការបស់នារី នៃក្រសួងព័ត៌មាន រហូតទទួលបានការ គាំទ្រ និងលើកសសើរពីប្រមុខរាជរដ្ឋាភិបាលផងដែរ៕

ដោយ៖ រិទ្ធី, រូបថត៖ ខឹម សុវណ្ណារ៉ា​



Post a Comment

0 Comments