Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត៖ ពេលណាវិស័យទេសចរណ៍ក្នុងខេត្តដំណើរការល្អ នោះជីវភាពពលរដ្ឋនឹងកាន់តែប្រសើឡើង

 

នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការរៀបចំការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ក្នុងខេត្ត ដោយមានការចូលរួមពីសារព័ត៌មាន ថ្មីៗ មន្ទីរទេសចរណ៍ខេត្តកំពត និងមន្ទីរព័ត៌មានខេត្តកំពត ដើម្បីជាផ្នែកមួយសម្រាប់ឱ្យភ្ញៀវទេសចរបានដឹងពីរមណីយដ្ឋាននានាក្នុងខេត្ត ក៏ដូចជាទាក់ទាញទេសចរឱ្យមកកម្សាន្តក្នុងខេត្តកាន់តែច្រើន។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្តបានលើកឡើងថា ខេត្តកំពតមានរមណីយដ្ឋាន និងមណ្ឌលកម្សាន្តដែលទាក់ទាញចំនួន ៣៩កន្លែង ព្រែកចំនួន ១៣កន្លែង ហើយតំបន់ទេចរណ៍ក្នុងខេត្តបានចែកចេញជាបីផ្នែក ដែលផ្នែកទី១គឺតំបន់ភ្នំ ចង្កេះភ្នំ ផ្នែកទី២គឺតំបន់បឹង ព្រែក និងផ្នែកទី៣គឺតំបន់ឆ្នេរ និងមាត់សមុទ្រ។ ឯកឧត្តមក៏បានគូសបញ្ជាក់ផងដែរថា កំពត គឺជាខេត្តមួយដែលមានសំណង់បេតិកភណ្ឌជាច្រើនដែលបានបន្សល់ទុកពីជំនាន់សង្គមនិយមបារាំង ដែលសំណង់ខ្លះមានអាយុកាលជាង ១រយឆ្នាំ ដែលនេះគឺជាផ្នែកមួយដែលបានទាក់ទាញទេសចរបរទេសឱ្យមកសម្រាកកម្សាន្តក្នុងខេត្ត ហើយមួយវិញទៀត ប្រសិនបើវិស័យទេសចរណ៍នេះដំណើរការល្អ នឹងធ្វើឱ្យជីវភាពពលរដ្ឋកាន់តែប្រសើឡើង។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តបានបន្តថា ការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍គឺជាផ្នែកមួយដ៏សំខាន់សម្រាប់ទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តក្នុងខេត្ត ហើយបានដឹងអំពីប្រវត្តិកាលនៃរមណីយដ្ឋាន និងតំបន់ទេសចរណ៍នីមួយៗ ព្រមទាំងអាចនាំចំណូលចូលដល់ដៃប្រជាពលរដ្ឋក្នុងខេត្តដែលរស់នៅក្បែរតំបន់ទេសចរណ៍ ក៏ដូចជាពលរដ្ឋដែលប្រកបរបរលើវិស័យនេះ។ ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា ខេត្តកំពតវិស័យទេសចរណ៍គឺជាវិស័យមួយដែលបានជួយសម្រួល និងធ្វើឱ្យជីវភាពពលរដ្ឋក្នុងខេត្តមានភាពល្អប្រសើ ហើយក៏ជាផ្នែកមួយជួយដល់សេដ្ឋកិច្ចខេត្ត និងសេដ្ឋកិច្ចជាតិមួយផ្នែកផងដែរ ដូច្នេះអ្នកពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីសក្តានុពលទេសចរណ៍ក្នុងខេត្តមួយនេះ។

ទន្ទឹមនឹងនោះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តក៏បានបង្ហាញអំពីចក្ខុវិស័យទៅលើការអភិវឌ្ឍវិស័យទេសចរណ៍ ដែលឯកឧត្តមផ្តោតសំខាន់លើការអភិវឌ្ឍផង និងអភិរក្សផង ហើយអ្វីដែលនឹងធ្វើបន្តទៅមុខទៀតនោះគឺការកែច្នៃព្រែកទាំង ១៣ឱ្យក្លាយទៅជាកន្លែងកម្សាន្តដ៏ទាក់ទាញ រួមនឹងការបង្កើតឱ្យមានឆ្នេរសមុទ្រមួយក្នុងខេត្តដែលស្រស់ស្អាត សម្រាប់ភ្ញៀវទេសចរលេងកម្សាន្ត ព្រមទាំងបង្កើនសោភណ្ឌភាពនៅតាមតំបន់ទេសចរណ៍ដែលមានស្រាប់ផងដែរ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ចក្ខុវិស័យរបស់ឯកឧត្តមក្នុងការដឹកនាំខេត្តនេះ គឺសំដៅទៅលើផលប្រយោជន៍ជាតិ និងប្រជាជន ហើយរាល់ការអភិវឌ្ឍផ្សេងៗគឺសំដៅធ្វើយ៉ាងណាឱ្យចំណូលរបស់ពលរដ្ឋក្នុងខេត្តមានកំណើន GDP កើនឡើងខ្ពស់ ជីវភាពពលរដ្ឋធូរធារ ហើយការអភិវឌ្ឍទាំងនោះមិនមែនដើម្បីតែផលប្រយោជន៍សម្រាប់ពលរដ្ឋក្នុងខេត្តកំពតនោះទេ គឺដើម្បីផលប្រយោជន៍ពលរដ្ឋទូទាំងប្រទេស ក៏ដូចជាភ្ញៀវទេសចរបរទេសទូទាំងពិភពលោក៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្ត, រូបភាព៖ អាំង សំណាង



















Post a Comment

0 Comments