Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ក្រោយឃើញមានវត្តមានសត្វក្រៀលជំទង់៨ក្បាល មន្ត្រីជំនាញរំពឹងថាចំនួនសត្វក្រៀលក្នុងឆ្នាំ២០២៤ និងមានការកើនលើសឆ្នាំកន្លងទៅ

នាយកតំបន់ការពារទេសភាពអន្លង់ព្រីង លោក ឈឹម ម៉េង បានប្រាប់ឱ្យដឹងថា សម្រាប់ឆ្នាំ២០២៤នេះ ចំនួនសត្វក្រៀលដែលមករកចំណី និងស្នាក់នៅក្នុងតំបន់ការពារទេសភាពអន្លង់ព្រីង ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត អាចនឹងមានការកើនឡើងក្រោយពីក្រុមការងារអភិរក្សបានឃើញមានវត្តមានសត្វក្រៀលវ័យជំទង់ចំនួន ៨ក្បាល ក្នុងចំណោមសត្វក្រៀលជិត ៣០ក្បាល ដែលមករកចំណីនាដើមខែមករានេះ។ លោកបានបន្តថា គិតត្រឹមថ្ងៃទី៦ ខែមករា សត្វក្រៀលដែលវត្តមាននៅបឹងធម្មជាតិអន្លង់ព្រីងមានចំនួន ២៦ក្បាលដែលបានបំលាស់ទីពីតំបន់អភិរក្សបឹងព្រែកល្ពៅ ខេត្តតាកែវ មកររកចំណី និងស្នាក់នៅក្នុងតំបន់នេះ។

លោកនាយកតំបន់បានបញ្ចាក់បន្ថែមថា តាមការសន្និដ្ឋានតំបន់ការពារទេសភាពអន្លង់ព្រីង គឺជាតំបន់ដែលមានសុវត្តិភាពសម្រាប់សត្វក្រៀលដ៏កម្រនេះ ក៏ដូចជាសត្វស្លាបជាច្រើនប្រភេទទៀតដើម្បីមកស្នាក់នៅ និងរកចំណី។ លោកបានឱ្យដឹងដែរថា ជាធម្មតា ក្រៀល តែងមកដល់បឹងអន្លង់ព្រីងនៅអំឡុងចុងខែវិច្ឆិកា ឬដើមខែធ្នូ លុះដល់ចុងខែមេសា ឬដើមខែឧសភា ពួកវានឹងចាកចេញពីតំបន់បឹងអង្លង់ព្រីង ទៅស្នាក់នៅខេត្តឧត្តរមានជ័យ រួចបន្តដំណើរទៅពួនសម្ងំពងកូនក្នុងខេត្តព្រះវិហារ ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី។


សូមបញ្ជាក់ថា កាលពីឆ្នាំ២០២២ វត្តមានក្រៀលតំបន់ការពារទេសភាពអន្លង់ព្រីង មានចំនួន ៩៧ក្បាល ខណ:ដែលឆ្នាំ២០២៣ មានចំនួន ១០៣ក្បាល។ សត្វក្រៀលគឺជាសត្វស្លាបត្រូវបានចាត់ជាប្រភេទសត្វងាយរងគ្រោះ និងជិតផុតពូជ ហើយសត្វក្រៀលជាសត្វស្លាបមានកម្ពស់ខ្ពស់ជាងគេលើពិភពលោក ដែលជាទូទៅមានកម្ពស់ប្រហែល ១,៧៦ម៉ែត្រ មានទម្ងន់ចាប់ពី ៥-១២គីឡូក្រាម និងប្រវែងស្លាបទាំងសងខាង ២,៥ម៉ែត្រ៕


អត្ថបទ និងរូបភាពៈ មន្ទីរព័ត៌មានខេត្តកំពត














Post a Comment

0 Comments