ក្រុមសិស្សភាសាបារាំង មកពីសាលា ដេកាដ រាជធានីភ្នំពេញ បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា ខាងសាលាជាអ្នករៀបចំដំណើរកម្សាន្តមកកាន់ខេត្តកំពត ហើយពួកគេមិនបានដឹងថាត្រូវមកឡើងភ្នំដូច្នេះទេ។ ដំបូងពូកគាត់មានការភ័យខ្លាច បន្តែក្រោយពេលស្តាប់ការណែនាំពីវិធីឡើងភ្នំ និងការពារសុវត្ថិភាព និងបានសាកល្បងឡើងផងនោះ ទើបដឹងថាវាប្លែកអារម្មណ៍ ហើយសប្បាយ។ ក្រុមសិស្សទាំងនោះថាខេត្តកំពត ពិតជាមានកន្លែងដើរលេងប្លែកៗច្រើន ពួកគាត់មកជាច្រើនដងហើយ ប៉ុន្តែសកម្មភាពកម្សាន្តថ្មីប្លែកៗនៅតែមានរហូត។
ប្រធានមន្ទីរទេសចរណ៍ខេត្ត លោក សយ ស៊ីណុល បានប្រាប់ឱ្យដឹងថា តំបន់រមណីយដ្ឋាន រូងភ្នំបុរេប្រវត្តិក្បាលរមាស ស្ថិតនៅឃុំត្រពាំងព្រីង ស្រុកទឹកឈូ ជាគោលដៅទេសចរមណ៍ដ៏ទាក់ទាញមួយរបស់ខេត្តកំពត។ លោកថាបច្ចុប្បន្នភ្ញៀវទេសចរភាគច្រើនចូលចិត្តដំណើរកម្សាន្តបែបផ្សងព្រេង ពិសេសសកម្មភាពកីឡារបស់ ក្លែមបូឌា គឺឆ្លើយតបទៅនឹងតម្រូវការភ្ញៀវ ហើយការរៀបចំបានល្អ ធានាដល់សុវត្ថិភាព ផ្តល់នូវសុខភាព និងភាពសប្បាយរីករាយ។ រយៈពេលចុងក្រោយលោកសង្គេតឃើញថា ភ្ញៀវទេសចរជាតិបានទៅលេងច្រើន ខណៈដែលពីមុនមានតែភ្ញៀវទេសចរបរទេសប៉ុណ្ណោះទៅលេងទីនោះ៕
អត្ថបទ និងរូបភាពៈ មន្ទីរព័ត៌មានខេត្តកំពត
0 Comments