ប្រធានមន្ទីរទេសណ៍ខេត្តកំពត លោក សយ ស៊ីណុល បានប្រាប់ឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ ចង្អុលបង្ហាញ និងដឹកនាំដោយផ្ទាល់ពី សំណាក់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក្នុងការរៀបចំតុបតែងកែលម្អសោភ័ណភាពក្រុង ពិសេសការអភិវឌ្ឍន៍តំបន់ឆ្នេរ និងកម្មវិធីកម្សាន្តសប្បាយច្រើនផងនោះ បានធ្វើឲ្យព្រឹត្តិការណ៍ឆ្លងឆ្នាំនៅខេត្តកំពត មានភាពអធឹកអធម គគ្រឹកគគ្រេង ពោពេញដោយភាពសប្បាយរីករាយក្រៃលែង។ លោកប្រធានមន្ទីរបានប្រាប់ឲ្យដឹងថា សម្រាប់ថ្ងៃទី៣១ ខែធ្នូ (ថ្ងៃCount Downឆ្លងឆ្នាំ)ខេត្តកំពត មានទេសចរសរុបចំនួន៣៨៦ ៤៨៨ នាក់ ក្នុងនោះ ៖ ភ្ញៀវទេសចរកំសាន្តតាមរមណីយដ្ឋាន សហគមន៏ទេសចរណ៏នានាសរុបចំនួន ៥៦ ៤៨៨ នាក់ (ភ្ញៀវអន្តរជាតិចំនួន២៤៨៨នាក់) ខណៈដែលភ្ញៀវទេសចរជាតិ អន្តរជាតិ បងប្អូនប្រជាពលរដ្ឋ ចូលរួមកំសាន្តសប្បាយកម្មវិធីរាប់ថយក្រោយ(Count Down)ក្នុងក្រុង មានចំនួនសរុប ៣៣០ ០០០នាក់ (ភ្ញៀវទេសចរអន្តរជាតិចំនួន១៥០០នាក់ )។
តំណាងអាជីវករលក់ដូរ និងម្ចាស់ទូកទេសចរណ៍ដឹកភ្ញៀវកម្សាន្តតាមដងព្រែកកំពង់បាយ បានប្រាប់ឲ្យដឹងដែរថា រយៈពេលពីរថ្ងៃ(៣០ និង៣១ ខែធ្នូ)នេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកំពតច្រើនខ្លាំង ទូកទេសចរណ៍ក៏មានអ្នកមកជិះច្រើនដែរ។ អាជីវកររូបនេះបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ពិសេសឯកឧត្តមអភិបាលខេត្ត ដែលលោកតែងតែគិតគូរដល់សុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
តាមការបញ្ជាក់របស់ប្រធានមន្ទីរទេសចរណ៍ខេត្ត ថាព្រឹត្តិការណ៍ឆ្លងឆ្នាំ(២០២៣ ចូល២០២៤) បានព្រឹត្តិទៅល្អប្រសើរ មិនមានបញ្ហាអ្វីកើតឡើងគួរឲ្យកក់សំគាល់នោះឡើយ ហើយបើទោះជាមានទេសចរមកលេងពេញក្រុងកំពត និងគ្រប់គោលដៅទេសចរណ៍ និងរមណីយដ្ឋានយ៉ាងណាក៏ដោយ រដ្ឋបាលខេត្តនៅតែរក្សាបាននូវ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានការកក់ស្ទះចរាចរណ៍ ធ្វើឲ្យភ្ញៀវទេចរមានទទួលបានភាពសប្បាយរីករាយ និងកក់ក្តៅក្នុងចិត្តយ៉ាងខ្លាំង៕
0 Comments