ប្រជាពលរដ្ឋរាប់រយនាក់ដែលមានបញ្ហាជាមួយក្រុមហ៊ុនដីឡូតិ៍ ជា សារ៉ន កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ បានមកប្រមូលផ្តុំគ្នាក្នុងបរិវេណសាលាខេត្តកំពត ដើម្បីសុំកិច្ចអន្តរាគមន៍ពីឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ដើម្បីឱ្យជួយពន្លឿនយន្តការក្នុងការដោះស្រាយ ព្រោះម្ចាស់បំណុល និងបុគ្គលិកធនាគារចេះតែទៅទាលុយ និងកៀបសង្គត់ផ្លូវចិត្តរបស់ពួកគាត់មិនឈប់ឈរ។
តំណាងប្រជាពលរដ្ឋមកពីស្រុកទឹកឈូបានរៀបរាប់ថា ពួកគាត់នាំគ្នាមកនៅថ្ងៃនេះ គឺដើម្បីសំណូមពរដល់ឯកឧត្តមអភិបាលខេត្ត ដើម្បីជួយពន្លឿនយន្តការដោះស្រាយ ធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដីឡូតិ៍ ជា សារ៉ន ទូទាត់បំណុលជាមួយធនាគារឱ្យបានលឿន ព្រោះមួយរយៈពេលចុងក្រោយនេះ បុគ្គលិកធនាគារបានចុះទារលុយដល់ផ្ទះពួកគាត់ជាញឹកញាប់ ដែលធ្វើឱ្យពួកគាត់កាន់តែតានតឹងផ្នែកផ្លូវចិត្ត និងព្រួយបារម្ភខ្លាចធនគារលក់ដីធ្លី ផ្ទះសំបែង ព្រោះធនាគារថានឹងប្រើចំណាត់ការក្តៅ។ ពលរដ្ឋទាំងនោះបានបញ្ជាក់ថា ការមកនេះមិនមែនសុំឱ្យដោះលែងបុគ្គល ជា សារ៉ន និងបក្ខពួកឱ្យនៅក្រៅឃុំបណ្តោះអាសន្ននោះទេ គឺមកស្នើសុំឯកឧត្តម ម៉ៅ ធនិន មេត្តាជួយចេញលិខិតបញ្ជាក់ឱ្យគ្រួសារដែលមានបញ្ហានីមួយៗ កាន់ទៅបង្ហាញបុគ្គលិកធនាគារថា ការបង់ប្រាក់បំណុលផ្សេងៗជាបន្ទុករបស់ក្រុមហ៊ុន ជា សារ៉ន មិនមែនប្រជាពលរដ្ឋដែលរងគ្រោះនោះឡើយ។ លើសពីនេះ ប្រជាពលរដ្ឋក៏បានស្នើសុំឱ្យស្ថានប័នតុលាការជួយពន្លឿននីតិវិធីច្បាប់ ដើម្បីឱ្យប្រជាពលរដ្ឋឆាប់ផុតទុក្ខភ័យក្រោយចាញ់បោកក្រុមហ៊ុននេះផង។ឆ្លើយតបទៅនឹងសំណើរបស់ប្រជាពលរដ្ឋ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានបញ្ជាក់ថា សំណុំរឿងក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍ ជា សារ៉ន បាននឹងកំពុងដំណើរការដោះស្រាយតាមនិតិវិធីច្បាប់ហើយ។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តក៏បានបញ្ជាក់ជូនពលរដ្ឋដែរថា យើងត្រូវរង់ចាំលទ្ធផលដែលច្បាប់សម្រេចចេញមកទាំងអស់គ្នាសិន ហើយឯកឧត្តមបានបន្ថែមថាក្នុងករណីនេះមិនមានយន្តការដោះស្រាយណាផ្សេងក្រៅពីនេះទេ ព្រោះករណីនេះបានចូលដល់ប្រព័ន្ធតុលាការរួចរាល់ហើយ។
ទន្ទឹមនឹងនោះ ឯកឧត្តមអភិបាលខេត្តក៏បានណែនាំសារជាថ្មីដល់អាជ្ញាធរក្រុង-ស្រុក ត្រូវពិនិត្យមើលទាក់ទង់នឹងករណីម្ចាស់បំណុល ឬបុគ្គលិកធនាគារ ដែលពលរដ្ឋបានខ្ចីលុយទៅវិនិយោគជាមួយក្រុមហ៊ុន មិនត្រូវទៅជម្រេញទាលុយពលរដ្ឋ ឬប្រើពាក្យកៀបសង្គត់បំបាក់ទឹកចិត្តពលរដ្ឋបាននោះទេ ប្រសិនបើមានករណីនេះ ពលរដ្ឋត្រូវរាយការណ៍ផ្ទាល់មករដ្ឋបាលខេត្ត ហើយឯកឧត្តមនិងជួយអន្តរាគមន៍ដោះស្រាយ។
ក្នុងឱកាសនោះដែរឯកឧត្តម ម៉ៅ ធនិន ក៏បានផ្តាំទៅក្រុមបុគ្គលិករបស់ក្រុមហ៊ុនដីឡូតិ៍ ជា សារ៉ន សូមបញ្ឈប់ការបំផុសបំផុលពលរដ្ឋឱ្យឡើងមកតវ៉ាសុំយ៉ាងនេះ សុំយ៉ាងនោះទៀតទៅ ព្រោះក្រុមខ្លួននោះហើយដែលបានធ្វើឱ្យពលរដ្ឋធ្លាក់ខ្លួនក្រ ចាញ់បោកក្រុមហ៊ុនរហូតមកដល់ពេលបច្ចុប្បន្ន ហើយបើមិនព្រមបញ្ឈប់សកម្មភាពនេះទេ រដ្ឋបាលខេត្តនឹងដាក់ការតាមដានវែករកមុខមេក្លោង ដើម្បីចាត់ការតាមនិតិវិធីច្បាប់បន្តទៀត៕
0 Comments