រដ្ឋមន្រ្តីក្រសួងព័ត៌មានបានប្រកាសពីការប្រែក្លាយទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ឱ្យទៅជាទីភ្នាក់ងារជាតិឈានមុខ និងជាសំឡេងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងឋានៈឯកឧត្ដមជារដ្ឋមន្រ្តីក្រសួងព័ត៌មាននៃរាជរដ្ឋាភិបាលអាណត្តិទី៧នេះ។ នេះគឺជាការប្រកាសរបស់ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្ដីក្រសួងព័ត៌មានក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ នៅអគារនៃអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា ក្រសួងព័ត៌មាន។
ឯកឧត្តម នេត្រ ភក្រ្ដា បានគូសបញ្ជាក់ថា ក្នុងអាណត្ដិទី៧នេះ ត្រូវធ្វើយ៉ាងណាឱ្យ AKP ដើរមុខគេលើប្រព័ន្ធផ្សព្វផ្សាយឯកជនផ្សេងៗនាពេលបច្ចុប្បន្ន។ ឯកឧត្ដមបានអះអាងថា ដើម្បីឱ្យទីភ្នាក់ងារជាតិនេះឈានមុខគេក្នុងប្រព័ន្ធផ្សព្វផ្សាយនោះ លុះត្រាតែត្រូវគិតគូរឡើងវិញលើការងារសរសេរព័ត៌មានឱ្យមានគុណភាព និងមានល្បឿនលឿនជាងនេះ។ឯកឧត្តមរដ្ឋមន្រ្ដីបញ្ជាក់ទៀតថា ត្រូវខិតខំធ្វើយ៉ាងណាឱ្យទីភ្នាក់ងារជាតិមួយនេះ ក្លាយជាទីភ្នាក់ងារមួយ ដែលប្រព័ន្ធផ្សព្វផ្សាយឯកជនផ្សេងៗយកធ្វើជាប្រភពក្នុងការផ្សព្វផ្សាយទៅកាន់សាធារណជន។ «ការកសាងឱ្យមានទំនុកចិត្តគឺជាកិច្ចការសំខាន់ដែលទីភ្នាក់ងារជាតិមួយនេះត្រូវគិតគូរឡើងវិញ ដើម្បីទទួលបានប្រភពព័ត៌មានច្រើនពីសំណាក់ស្ថាប័នពាក់ព័ន្ធ ដើម្បីឱ្យទីភ្នាក់ងារជាតិមួយនេះឈានមុខគេលើសមរភូមិផ្សព្វផ្សាយនាពេលបច្ចុប្បន្ននេះ និងទទួលបានប្រភពព័ត៌មានច្រើនយកទៅផ្សព្វផ្សាយ»។ នេះគឺជាការគូសបញ្ជាក់បន្ថែមរបស់ឯកឧត្ដ នេត្រ ភក្ដ្រា។
បើតាមឯកឧត្តមរដ្ឋមន្រ្ដីបានឱ្យដឹងទៀតថា ដើម្បីកសាងនូវទំនុកចិត្តនេះគឺវាទាមទារធ្វើយ៉ាងណាពង្រឹងឱ្យបាននូវគុណភាពព័ត៌មាន ល្បឿនព័ត៌មាន និងការផ្សព្វផ្សាយឱ្យបានទូលំទូលាយ៕
0 Comments