នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) ដឹកនាំដោយ លោកទន្តបណ្ឌិត ហ៊ ស៊ីផាន បាននាំយកសំភារបរិក្ខាពេទ្យ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ច័ន្ទមុន្នី មកប្រគល់ជូនរដ្ឋបាលខេត្តកំពត ដើម្បីចាត់ចែងប្រើប្រាស់នៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពក្នុងខេត្ត។
លោកទន្តបណ្ឌិត ហ៊ ស៊ីផាន តំណាងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) ក៏បានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ច័ន្ទមុន្នី ជូនដល់ឯកឧត្តមអភិបាលខេត្ត ក៏ដូចជាថ្នាក់ដឹកនាំខេត្ត ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងខេត្តកំពត។ លោកទន្តបណ្ឌិត បានបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ខ្ពស់អំពីការផ្តល់សេវាសុខាភិបាលដល់ប្រជាពលរដ្ឋ និងគិតពីសុវត្តិភាពអ្នកជំងឺ ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត និងលោកជំទាវ តែងតែផ្តោតសំខាន់លើការប្រើប្រាស់សម្ភារ និងគ្រឿងបរិក្ខាដែលបំរើដល់វិស័យសុខាភិបាល ធ្វើយ៉ាងណាឱ្យមានគុណភាព និងមានសុវត្តិភាពខ្ពស់ ហើយលោកទាំងពីរតែងតែបានផ្តល់នូវសំភារបរិក្ខាពេទ្យជូនដល់រដ្ឋបាលរាជធានី-ខេត្ត នៅទូទាំងប្រទេស។ក្នុងឱកាសនោះដែរ ឯកឧត្ដម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត តំណាងឱ្យថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋក្នុងខេត្តកំពត បានសំដែងនូវទឹកចិត្តសប្បាយរីករាយ និងថ្លែងអំណរគុណជាអនេកដល់ ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ច័ន្ទមុន្នី ដែលបានយកចិត្តទុកដាក់ និងគិតគូខ្ពស់អំពីសុខមាសភាពរបស់ប្រពលរដ្ឋនៅទូទាំងប្រទេស ហើយបានផ្តលនូវសម្ភារៈបរិក្ខាពេទ្យសម្រាប់បំរើដល់ការព្យាបាល និងថែរក្សាសុខភាពប្រជាពលរដ្ឋក្នុងខេត្តកំពតនាពេលនេះ។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា ការផ្តល់នូវសម្ភារបរិក្ខាពេទ្យរបស់ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត និងលោកជំទាវនាពេលនេះ គឺបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ក្នុងការគិតគូពីសុខមាលភាពរបស់ប្រជាជន និងសុខទុក្ខរបស់ប្រជាជនពីសំណាក់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត និងលោកជំទាវ។ ឯកឧត្តមអភិបាលខេត្តបានបន្តថា ក្រោយពីទទួលបានសម្ភារបរិក្ខាពេទ្យនេះហើយ រដ្ឋបាលខេត្តនឹងធ្វើការបែងចែកសម្ភារបរិក្ខាទាំងអស់នោះទៅកាន់មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនៅតាមបណ្តាក្រុង-ស្រុកទាំងអស់ក្នុងខេត្ត ដើម្បីប្រើប្រាស់ទៅតាមតម្រូវការ។
សម្ភារៈដែលប្រគល់ជូនណាពេលនេះរួមមាន៖ សម្ភារថែទាំអ្នកជំងឺ, សម្ភារជំនួយមន្ទីរពិសោធន៍, សម្ភារជំនួយវះកាត់ សម្ភារជំនួយផ្លូវដង្ហើម, សម្ភារបរិក្ខារផ្សេងៗ ចំនួន ២០០ប្រអប់, អាវពេទ្យ ចំនួន ២,៤០០អាវ, ខ្នើយកើយ ចំនួន ១០០, ស្រោមដៃ ចំនួន ២៥,០០០, អាវអ្នកជំងឺ ចំនួន ៣,០០០អាវ, អាវកំរិត២ ៧,៥០០អាវ, ជើងរៀនដើរ ចំនួន ១២០ និងគ្រែពិនិត្យរោគស្ត្រី ចំនួន ១ផងដែរ៕
អត្ថបទ៖ សុធារម្យ AKP, រូបភាព៖ អាំង សំណាង
0 Comments