Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

មន្ត្រីជាន់ខ្ពស់ពាណិជ្ជកម្មជំរុញផលិតករខ្មែរឱ្យផលិតទំនិញមានគុណភាព សុវត្ថិភាព មានស្តង់ដារអនាម័យ ព្រមទាំងមានព័ត៌មានផលិតផលគ្រប់គ្រាន់

មានប្រសាសន៍ក្នុងសិក្ខាសាលាស្តីពី “ការកំណត់អត្តសញ្ញាណ និងការផ្សព្វផ្សាយផលិតផលសក្តានុពលកម្ពុជា” ដែលធ្វើឡើងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ក្នុងខេត្តកំពត លោក តាន់ យុវរដ្ឋ អគ្គនាយករងនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម បានលើកឡើងថា រយៈពេលកន្លងមកក្រសួងពាណិជ្ជកម្មបានខិតខំយ៉ាងខ្លាំងក្នុងការផ្សព្វផ្សាយ និងជំរុញលើកទឹកចិត្តប្រជាជនយើងឱ្យគាំទ្រដល់ផលិតផលក្នុងស្រុក ធ្វើយ៉ាងណាដើម្បីលើកកម្ពស់និងជំរុញការប្រើប្រាស់ផលិតផលកម្ពុជា។ ហើយដើម្បីលើកកម្ពស់និងជំរុញការប្រើប្រាស់ផលិតផលកម្ពុជាបានសម្រេចតាមគោលដៅ ក្រសួងពាណិជ្ជកម្ម តែងបានជំរុញ និងលើកទឹកចិត្តដល់វិស័យឯកជន ជាពិសេសសហគ្រាសធុនតូច និងមធ្យម ឱ្យខិតខំច្នៃប្រឌិត ផលិតនូវទំនិញដែលមានគុណភាព និងសុវត្ថិភាព សម្រាប់បំពេញតម្រូវការក្នុងស្រុក កាត់បន្ថយការនាំចូលពីបរទេស ហើយជាជំហានៗអាចនាំចេញផលិតផលរបស់ខ្លួនទៅក្រៅប្រទេសបាននាពេលខាងមុខផងដែរ។


លោកអគ្គនាយករងបានបន្តថា សិក្ខាសាលានាពេលនេះ គឺជាផ្នែកមួយនៃគោលនយោបាយជួយផលិតករ ឱ្យស្គាល់ពីផលិតផលសក្តានុពលរបស់កម្ពុជាតាមបណ្តារាជធានី ខេត្ត ដើម្បីកំណត់អត្តសញ្ញាណ និងចងក្រងជាទិន្នន័យ ដើម្បីផ្សព្វផ្សាយឱ្យផលិតករបានស្គាល់យ៉ាងទូលំទូលាយ និងផលិតបានចំគោលដៅ ហើយអត្តសញ្ញាណផលិតផលសក្តានុពលរបស់រាជធានី-ខេត្តនីមួយៗ ដែលកំណត់បាន គឺជាចំណងភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ច រវាងផលិតករកម្ពុជាជាមួយធុរជន អ្នកនាំចេញ និងពាណិជ្ជករអន្តរជាតិ ដែលមានបំណងចង់វិនិយោគក្នុងវិស័យកសិកម្ម និងផលិតកម្ម ដើម្បីបម្រើទីផ្សារក្នុងស្រុក ក៏ដូចជានាំចេញទៅក្រៅប្រទេស។

ជាមួយគ្នានេះដែរលោកអគ្គនាយករងក៏បានធ្វើការអំពាវនាវដល់អ្នកប្រើប្រាស់គ្រប់រូប សូមបន្តគាំទ្រ និងប្រើប្រាស់ផលិតផលខ្មែរ ដើម្បីជួយលើកទឹកចិត្តដល់ផលិតករខ្មែរ។ ទន្ទឹមនឹងនេះដែរ ផលិតករខ្មែរក៏ត្រូវខិតខំផលិតនូវទំនិញដែលមានគុណភាព សុវត្ថិភាព មានស្តង់ដារអនាម័យ មានព័ត៌មានផលិតផលគ្រប់គ្រាន់ ព្រមទាំងមានបិទកាលបរិច្ឆេទផលិត និងកាលបរិច្ឆេទផុតកំណត់ប្រើប្រាស់ ដើម្បីបង្កើនទំនុកចិត្តដល់ប្រជាជនកម្ពុជា និងអ្នកទេសចរបរទេស ព្រមទាំងរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ពេញ ធារម្យ អភិបាលរងខេត្តកំពត ក៏បានស្នើដល់បងប្អូនដែលជាផលិតករ ម្ចាស់សិប្បកម្ម អាជីវកម្ម ពាណិជ្ជករ កសិករ អ្នកផ្គត់ផ្គង់ និងដៃគូពាក់ព័ន្ធទាំងអស់ ត្រូវប្រើប្រាស់ឱ្យអស់លទ្ធភាព និងសមត្ថភាពរបស់ខ្លួនក្នុងការផ្លាស់ប្តូរបទពិសោធន៍គ្នាក្នុងការផលិត ការផ្តល់ព័ត៌មានជូនដល់អ្នកទស្សនាទាំងអស់ និងស្វែងរកអតិថិជនសម្រាប់លក់ផលិតផលរបស់ខ្លួន។ ហើយសូមបងប្អូនទាំងអស់ចូលរួមគាំទ្រផលិតផលខ្មែរដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងចូលរួមក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា៕

អត្ថបទ៖ សុធារម្យ




















Post a Comment

0 Comments