Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

មន្ត្រីជំនាញនិងអាជ្ញាធរខេត្តកំពតចុះពិនិត្យណែនាំឱ្យអាជីវករលក់ដូរទុរេនបិទស្លាកតម្លៃនិងប្រភពច្បាស់លាស់

មន្ត្រីជំនាញបានបញ្ជាក់ថា ដើម្បីបង្ការទប់ស្កាត់ការក្លែងបន្លំទុរេនកំពត  និងការនាំចូលទុរេនពីប្រទេសជិតខាង ក្រសួងពាណិជ្ជកម្ម ក៏ដូចជាអាជ្ញាធរខេត្តកំពត បានតម្រូវឱ្យអាជីវករលក់ទុរេនក្នុងក្រុងកំពត ពិសេសផ្សារសាមគ្គីខេត្តកំពត ត្រូវបិទស្លាកតម្លៃ និងបញ្ចាក់ពីប្រភពចម្ការទុរេនឱ្យច្បាស់លាស់ ដើម្បីធានាថាភ្ញៀវទេសចរ ឬអ្នកទិញទុរេនទទួលបានទុរេនកំពតពិតប្រាកដ។ ខណៈដែលអាជីវករម្ចាស់ចម្ការ ស្នើសុំឱ្យមានការចូលរួមរក្សាកេរ្តិ៍ឈ្មោះ និងកិត្តិយសទុរេនកំពតទាំងអស់គ្នា។

ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពត លោក ស្រី កុម្ភៈ បានប្រាប់ឲ្យដឹងថា ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរពាណិជ្ជកម្ម ដោយមានកិច្ចសហការជាមួយមន្ទីរទេសចរណ៍ខេត្ត សាខា ក.ប.ប ខេត្ត រួមនឹងអាជ្ញាធរក្រុងកំពត បានចុះពិនិត្យមូលដ្ឋានអាជីវកម្មលក់ផ្លែឈើ ពិសេសតូបលក់ផ្លែទុរេននៅជុំវិញផ្សារសាមគ្គីទីរួមខេត្តកំពត។ លោកប្រធានមន្ទីរបានបញ្ជាក់ថា គោលបំណងនៃការចុះពិនិត្យ និងណែនាំនេះគឺទី១. ធ្វើយ៉ាងណាឱ្យអាជីវករលក់ទុរេនទាំងអស់ លក់ដោយមានភាពស្មោះត្រង់ ដែលអ្នកលក់ទាំងអស់អាចយកទុរេនពីបណ្តាខេត្តផ្សេងៗក្នុងប្រទេសមកលក់បាន តែចំណុចសំខាន់ត្រូវបញ្ជាក់ពីប្រភពឱ្យបានច្បាស់លាស់ រួមនឹងមានការបិទស្លាកតម្លៃផងដែរ។ ទី២. អាជីវករទាំងអស់ត្រូវរួមសហការក្នុងការផ្តល់ព័ត៌មាន និងអនុវត្តន៍នូវការណែនាំរបស់ក្រសួងដើម្បីទប់ស្កាត់ការក្លែងបន្លំទុរេនពីប្រភពផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិស័ព្ទទុរេនកំពត ដែលជាដំណាំដែលមានសក្តានុពល និងល្បីល្បាញរបស់ខេត្តកំពត។ លោកប្រធានមន្ទីរបានបន្តទៀតថា ចំពោះគោបំណងដែលសំខាន់នោះ គឺចង់ឱ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរដែលមកលេងកម្សាន្តក្នុងខេត្ត អាចទិញបាននូវទុរេនកំពតពិតប្រាកដ ដោយពុំមានការក្លែងបន្លំ។

ចំណែកឯក្រុមអាជីវករនៅជុំវិញផ្សារកំពតបានឯកភាពយល់ព្រម និងធ្វើតាមការណែនាំ ផ្សាព្វផ្សាយរបស់មន្ត្រីជំនាញ និងអាជ្ញាធរ ដើម្បីចូលរួមចំណែកលើកកម្ពស់ទុរេនកំពត និងទាកទាញភ្ញៀវទេសចរផងដែរ។ ជុំវិញបញ្ហាក្លែងបន្លំទុរេនកំពតនេះដែរ ក្រុមអាវីករម្ចាស់ចម្ការទុរេនទឹកឈូ បានបញ្ជាក់ថា ពួកគាត់លក់តែទុរេនចម្ការខ្លួនឯង និងចម្ការជិតខាងប៉ណ្ណោះ ហើយក៏បានធ្វើការអំពាវនាវដល់អ្នកលក់ដូរទុរេនក្នុងខេត្តទាំងអស់ សូមមានភាពស្មោះត្រង់ លក់ដូរដោយមានការទទួលខុសត្រូវខ្ពស់ កុំក្លែងបន្លំអតិថិជនរបស់ខ្លួន ដើម្បីលើកកម្ពស់តម្លៃទុរេនកំពត។

សូមបញ្ជាក់ផងដែរថា បើតាមមន្ត្រីជំនាញមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា  ខេត្តកំពតមានផ្ទៃដីដាំដំណាំទុរេនសរុបប្រមាណជិត ៣ពាន់ហិកតា ដោយក្នុង ១ហិកតា អាចប្រមូលផលបានជាមធ្យម ១៤តោន។ ការប្រមូលផលទុរេនកំពតគិតមកដល់ថ្ងៃនេះបានប្រមាណជា ៣៥% ហើយបើតាមការប៉ាន់ស្មាន ទិន្នផលទុរេនឆ្នាំនេះអាចបានប្រមូលបានប្រមាណជាង ២ម៉ឺន ៤ពាន់តោន៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត










Post a Comment

0 Comments