នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំគណៈប្រតិភូដើម្បីគោរពវិញ្ញាណក្ខន្ធ រៀបចំពិធីរំកិល និងបូជាសព លោកអនុសេនីយ៍ត្រី ស៊ុន ចាន់ដុក មេបញ្ជាការ អនុសេនាតូចដឹកជញ្ជូន វរសេនាតូចលេខ៣៩៣ កងពលតូច អន្តរាគមន៍លេខ៩ កងពលធំអន្តរាគមន៍លេខ៣ កងទ័ពជើងគោក ក្រោយរងរបួសក្នុងការប៉ះទង្គិចរវាងកម្ពុជា-ថៃ ហើយបានមកសម្រាកព្យាបាលនៅគេហដ្ឋានក្នុងស្រុកទឹកឈូ។ ពិធីបុណ្យសពនេះត្រូវបានរៀបចំធ្វើឡើងនៅគេហដ្ឋានគ្រួសារនៃសព ស្ថិតនៅភូមិទឹកក្រហម ឃុំកណ្ដាល ស្រុកទឹកឈូ ខេត្តកំពត។
ស្ថិតក្នុងបរិយាកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនោះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត បានចូលរួមគោរពវិញ្ញាណក្ខន្ធសព និងបាននាំយកថវិកា រួមនឹងលិខិតរំលែកមរណទុក្ខប្រគល់ជូនដល់ក្រុមគ្រួសារសព និងបានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពវីរកងទ័ពដែលបានពលីក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាជន ព្រមទាំងបានសម្តែងនូវសេចក្តីសង្វេគសោកស្តាយ ស្ទើររកទីបំផុតគ្មាន ចំពោះការបាត់បង់វីរកងទ័ពដ៏អង់អាចក្លាហានរបស់យើង ដែលនេះជាការបាត់បង់នូវឥស្សរជនស្នេហាជាតិដ៏ឆ្នើម ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការប្រយុទ្ធតស៊ូ ការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិពីការឈ្លានពានរបស់ទាហានថៃ។ ឯកឧត្តមអភិបាលខេត្តបន្តថា វីរភាពដ៏អង់អាចក្លាហានហ៊ានលះបង់របស់ លោកអនុសេនីយ៍ត្រី ស៊ុន ចាន់ដុក ដើម្បីបុព្វហេតុការពារជាតិមាតុភូមិនាពេលនេះ គឺជាគំរូដ៏ល្អឯកសម្រាប់យុវជន និងប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវតែចងចាំនូវគុណូបការៈដ៏ថ្លៃថ្លានេះដោយមិនអាចបំភ្លេចបាន។ ឯកឧត្តមអភិបាលខេត្ត ក៏បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព សូមបានទៅកាន់ឋានបរមសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។នៅក្នុងឱកាសនោះក៏មានពិធីបំពាក់ឋានន្តរសក្តិថ្នាក់វរសេនីយ៍ត្រីជាកិច្ចបច្ឆាមរណៈជូនសពអនុសេនីយ៍ត្រី ស៊ុន ចាន់ដុក មេបញ្ជាការ អនុសេនាតូចដឹកជញ្ជូន វរសេនាតូចលេខ៣៩៣ ដោយឯកឧត្តម ឧត្តមសេនីយ៍ឯក សំ ចាន់ធួន អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា និងជាប្រធានគណៈកម្មការចំពោះកិច្ចរៀបចំបុណ្យសពជូនវីរយុទ្ធជនដែលបានពលីក្នុងសមរភូមិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិផងដែរ។
សូមបញ្ជាក់ថា ចំពោះការប្រារព្ធធ្វើពិធីបុណ្យឈាបណកិច្ចដើម្បីឧទ្ទិសកុសលផលបុណ្យចំពោះវីរកងទ័ពជួរមុខដែលបានពលីទាំងអស់នៅខេត្តកំពត ក្នុងនាមជាមេគ្រួសារក្នុងខេត្ត ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្ត ជាអ្នកធានារ៉ាប់រងរាល់ការចំណាយទាំងអស់៕


















0 Comments