ប្រធានក្រុមប្រឹក្សាខេត្តកំពត បានបញ្ជាក់ថា ខេត្តកំពតជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ក្នុងនោះរដ្ឋបាលខេត្តមានគម្រោងជាច្រើន ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ ដូច្នេះឯកឧត្តមសំណូមពរដល់មន្ត្រីជំនាញ អាជ្ញាធរ ពិសេសប្រតិបត្តិករទេសចរណ៍ អាជីវក សូមចូលរួមរាល់សកម្មភាពក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍ខេត្តដើម្បីទាក់ទាញភ្ញៀវទេសចរ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២២ របស់ក្រុមប្រឹក្សាខេត្ត អណត្តិទី៤ ដែលបានរៀបចំឡើងនៅសាលសន្និសិទ្ធបូកគោ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាមានប្រ សាសន៍ថា ដោយផ្អែកតាមសក្តានុពលរបស់ខេត្តកំពត រដ្ឋបាលខេត្តនឹងធ្វើឱ្យវិស័យទេសចរណ៍ក្លាយជាវិស័យស្នូល ដើម្បីជួយទ្រទ្រង់ដល់សេដ្ឋកិច្ចរបស់បងប្អូនប្រជាពលរដ្ឋ។ រដ្ឋបាលខេត្តបានបន្តដាក់ចុះនូវគម្រោងអភិវឌ្ឍន៍ជាច្រើន ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ ធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកសម្រាកកម្សាន្តនៅខេត្តកំពតកាន់តែច្រើន។សម្រាប់ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តកំពត តាមការចង្អុលបង្ហាញរបស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្ត បានបន្តជំរុញដល់ថ្នាក់ដឹកនាំតាមបណ្ដាក្រុង ស្រុកទាំងអស់ ទូទាំងខេត្តកំពត ឲ្យបន្តយកចិត្តទុកដាក់ធ្វើយ៉ាងណា ដោះស្រាយបញ្ហាប្រឈម សំណើ សំណូមពរ និងតម្រូវការចាំបាច់នានារបស់ពលរដ្ឋ ពិសេសជំរុញការអភិវឌ្ឍន៍តាមបណ្ដាក្រុង ស្រុក អោយមានការអភិវឌ្ឍន៍បានថែមមួយកម្រិតបន្ថែមទៀត។ ជាមួយគ្នានោះដែរឯកឧត្តមបានបន្តថា ជាការរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរមកលេងកំសាន្តជាផ្នែកមួយ ដើម្បីជំរុញអោយមានការផលិត និងការនាំចេញនៅនឹងកន្លែង សម្រាប់កសិផលក្នុងស្រុកមានដូចជា ធុរេន មង្ឃុត ដូង ស្វាយ-ល។ដូច្នេះគ្រប់ភាគីពាក់ព័ន្ធត្រូវរួមគ្នា ចូលរួមនៅរាល់សកម្មភាពដែលរដ្ឋបាលខេត្តបានណែនាំ និងដាក់ចុះអនុវត្ត។
ឯកឧត្ដម ង៉ាន់ ថារិទ្ធ អភិបាលរងខេត្តកំពត បានបញ្ជាក់ថា តាមរយៈផែនការសកម្មភាព និងផែនការគោលដៅរបស់រដ្ឋបាលខេត្ត ជារួមនឹងផ្តល់នូវដំណោះស្រាយបញ្ហាប្រឈមនានា ដើម្បីឱ្យលទ្ធផលការងារខេត្តកាន់តែសម្រេចបានជោគជ័យល្អប្រសើរបន្ថែមទៀត ពិសេសការអភិវិឌ្ឍន៍លើវិស័យទេសចរណ៍ដែលជាមាសបៃតងរបស់កម្ពុជា៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត

















0 Comments