រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកឡើងថា ការកសាងមូលធនមនុស្សក្នុងវិស័យទេសចរណ៍ គឺជាកត្តាសំខាន់ក្នុងការជំរុញការអភិវឌ្ឍវិស័យនេះឱ្យមានភាពប្រកួតប្រជែង និងប្រកបដោយចីរភាព។ ការលើកឡើងនេះធ្វើឡើងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលមេគង្គ-ឡានឆាងលើកទី២ ស្តីពីសេវាឧត្តមភាព ការអភិវឌ្ឍជំនាញ និងនវានុវត្តន៍ទេសចរណ៍ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលរៀបចំឡើងនៅសណ្ឋាគារ Castle Bayview ខេត្តកំពត នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។
មានប្រសាសន៍នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា វគ្គបណ្តុះបណ្តាលគ្រូបង្គោលមេគង្គ-ឡានឆាងលើកទី២ គឺផ្តោតលើការលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ ការពង្រឹងការបណ្តុះបណ្តាលផ្អែកលើសមត្ថភាព និងការជំរុញនវានុវត្តន៍ក្នុងការអភិវឌ្ឍផលិតផលទេសចរណ៍។ តាមរយៈវគ្គបណ្តុះបណ្តាលនេះ គ្រូបង្គោល និងអ្នកជំនាញទេសចរណ៍ពីបណ្តាប្រទេសសមាជិកនឹងអាចផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ ដើម្បីពង្រឹងវិធីសាស្ត្របណ្តុះបណ្តាល និងយកទៅបន្តផ្សព្វផ្សាយនៅក្នុងប្រទេសរបស់ខ្លួន។ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការអភិវឌ្ឍធនធានមនុស្ស និងមូលធនមនុស្សក្នុងវិស័យទេសចរណ៍ គឺជាគន្លឹះសម្រាប់ធានាគុណភាពសេវាកម្ម និងភាពប្រកួតប្រជែងនៃគោលដៅទេសចរណ៍។ ឯកឧត្តមបានបន្តថា ការពង្រឹងជំនាញវិជ្ជាជីវៈ និងការជំរុញនវានុវត្តន៍ក្នុងវិស័យទេសចរណ៍ នឹងជួយលើកកម្ពស់ភាពទាក់ទាញ និងភាពធន់នៃវិស័យទេសចរណ៍នៅក្នុងតំបន់មេគង្គ-ឡានឆាង។ ការរៀបចំវគ្គបណ្តុះបណ្តាលនេះក៏បង្ហាញពីការប្តេជ្ញាចិត្តរបស់បណ្តាប្រទេសមេគង្គ-ឡានឆាង ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ និងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាពនៅទូទាំងតំបន់។
ឯកឧត្ដម ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរងខេត្តកំពត បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូចូលរួម និងបានរំលេចពីសក្តានុពលទេសចរណ៍របស់ខេត្តកំពត ដែលមានទាំងទេសភាពតំបន់ឆ្នេរ សហគមន៍ទេសចរណ៍ បេតិកភណ្ឌវប្បធម៌ និងម្ហូបអាហារដ៏ល្បីល្បាញ ដែលកំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ឯកឧត្ដមអភិបាលរងខេត្តបានបន្តថា ខេត្តកំពតកំពុងបន្តអភិវឌ្ឍខ្លួនជាគោលដៅទេសចរណ៍ដ៏មានសក្តានុពលមួយនៅកម្ពុជា។ ក្នុងឆ្នាំ២០២៥ កន្លងទៅនេះខេត្ត បានទទួលភ្ញៀវទេសចរប្រមាណជាង ២,៨លាននាក់ ដែលបង្ហាញពីកំណើននៃវិស័យទេសចរណ៍ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ជាបន្តបន្ទាប់។
សូមបញ្ជាក់ថា តាមរយៈវគ្គបណ្តុះបណ្តាលនេះ ក៏មានរៀបចំជាទស្សនកិច្ចសិក្សាទៅកាន់គោលដៅទេសចរណ៍នានា ក្នុងខេត្តកំពត និងតំបន់ជុំវិញ ដូចជាសហគមន៍ទេសចរណ៍ធម្មជាតិត្រពាំងសង្កែ ចម្ការម្រេច ឡាផ្លេនថេសិន (La Plantation)និងឆ្នេរកែបផងដែរ៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត




















0 Comments