ប្រជាកសិករឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត បានលើកឡើងថា ជីវភាពរស់នៅរបស់ពួកគាត់កាន់តែប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ តាមរយៈការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ពិសេសអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធក្នុងខេត្ត ដែលបានផ្តល់ជូននូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្សេងៗ ពិសេសប្រឡាយ និងទំនប់ទឹកដែលអាចឱ្យពួកគាត់ធ្វើស្រែ ចិញ្ចឹមសត្វ ដាំបន្លែ និងដំណាំផ្សេងៗបានពេញមួយឆ្នាំ។
ប្រជាកសិកររស់នៅឃុំកណ្តោល ស្រុកទឹកឈូ បានលើកឡើងថា បច្ចុប្បន្នឃុំកណ្តោល មានការរីកចម្រើនជាងមុន ក្នុងនោះផ្លូវក្រាលកៅស៊ូ និងបេតុងក៏ច្រើន ងាយស្រួលក្នុងការធ្វើដំណើរ ពិសេសដឹកកសិផលទៅកាន់ទីផ្សារ។ ចំណែកប្រព័ន្ធស្រោចស្រព ក្នុងឃុំមានទាំងទំនប់ទឹក ប្រឡាយមេ និងប្រឡាយអែបខ្វាត់ខ្វែងគ្រប់ភូមិ ដែលអាចធ្វើឱ្យពួកគាត់ងាយស្រួល ក្នុងការប្រកបរបរដាំដុះ និងចិញ្ចឹមសត្វផ្សេងៗបានពេញមួយឆ្នាំ។ កសិករឃុំកណ្តោលបានថ្លែងអំណរគុណដល់ប្រមុខរាជរាជរដ្ឋាភិបាល ពិសេសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អាជ្ញាធរ និងមន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់ ដែលតែងតែយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខ និងជួយលើកកម្ពស់ដល់ជីវភាពរស់នៅរបស់កសិករ។មេឃុំកណ្តោល លោក ខៀវ កន បានប្រាប់ឱ្យដឹងដែរថា ក្នុងនាមលោកជាអាជ្ញាធរមូលដ្ឋាន លោកពិតជាមានចិត្តសប្បាយរីករាយ ដែលបានឃើញកសិករក្នុងឃុំរបស់ខ្លួន នាំគ្នាបង្កើនការដាំដុះ និងការចិញ្ចឹម ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ ហើយសល់លក់យកកម្រៃសម្រាប់ទ្រទ្រង់ជីវភាពរស់នៅកាន់តែប្រសើរឡើង។ លោកមេឃុំថា កសិករគ្មានអ្វីសប្បាយជាងមានផ្លូវល្អ និងមានប្រព័ន្ធធារាសាស្ត្រដែលអាចប្រើប្រាស់ស្រោចស្រពគ្រប់គ្រាន់នោះទេ។
ចំណែកឯលោក នៅ វាន់ឌី មន្ត្រីកសិកម្មឃុំកណ្តោល បានប្រាប់ឱ្យដឹងថា ឃុំកណ្តោលមាន ៥ភូមិ មានផ្ទៃដីកសិកម្មសរុបចំនួន ៤ ៥៨៤ហិកតា និងគ្រួសារកសិករសរុបចំនួន ៣ ៣៥០គ្រួសារ។ ហើយបន្ទាប់ពីមានប្រព័ន្ធស្រោចស្រពថ្មី មានទំនប់ និងប្រឡាយទឹកដែលជាគម្រោងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មក ប្រព័ន្ធស្រោចស្រពអាចបែងចែកទឹកទៅគ្រប់ភូមិ ធ្វើឲ្យកសិករងាកមកបង្កើនការចិញ្ចឹមសត្វ និងការដាំដុះបន្លែដំណាំកាន់តែច្រើន៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត




















0 Comments