Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អភិបាលខេត្តកំពតជំរុញឱ្យក្រុមអ្នកផលិតអំបិលខេត្តកំពតបង្កើនការផលិតបន្ថែមក្រោយរកអ្នកផ្គត់ផ្គង់ទីផ្សារបាន

ថ្លែងក្នុងកិច្ចប្រជុំពិគ្រោះយោបល់ស្ដីពីការងារផលិតអំបិល ដោយមានការចូលរួមពីសំណាក់អ្នកទទួលទិញអំបិលកំពត-កែប ដើម្បីកែច្នៃផ្គត់ផ្គងក្នុងស្រុក ក្រុមអ្នកផលិតអំបិលកំពត-កែប ទាំង ១៧១ក្រុម អាជ្ញាធរដែនដី និងមន្ទីរអង្គភាពពាក់ព័ន្ធ ដែលធ្វើឡើងនាសាលសន្និសីទបូកគោ នារសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា ខេត្តកំពតមានផលិតផលសម្គាល់ភូមិសាស្ត្រពីរសំខាន់ៗ គឺម្រេច និងអំបិល ហើយអំបិលគឺជាផលិតផលមួយដែលអន្តរជាតិទទួលស្គាល់តាំងពីសម័យបារាំងមកម្ល៉េះ ដែលអំបិលកំពត គឺជាអំបិលដែលមានគុណភាព ស្អាត ហើយនឹងជួយដល់សុខភាពផងដែរ។ ឯកឧត្តមអភិបាលខេត្តបានបន្តថា ក្រោយពេលប្រទេសកម្ពុជាមានការបិទព្រំដែនជាមួយប្រទេសថៃ ប្រជាពលរដ្ឋនៅទូទាំងប្រទេសបានងាកមកប្រើប្រាស់ផលិតផលខ្មែរទាំងស្រុង ក្នុងន័យដើម្បីបញ្ឈប់ការនាំចូល និងលើកស្ទួយដល់ផលិតផលក្នុងស្រុក ទន្ទឹមនឹងនោះដែរប្រមុខរាជរដ្ឋាភិបាល គឺសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានជំរុញឱ្យម្ចាស់សហគ្រាស សិប្បករ នៅក្នុងប្រទេសបង្កើនការផលិតរបស់ខ្លួនឱ្យបានច្រើនបន្ថែមទៀតដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ក៏បានធ្វើការជំរុញដល់បងប្អូនក្រុមអ្នកផលិតអំបិលកំពត-កែប ទាំង ១៧១ក្រុម បង្កើនការផលិតឱ្យបានច្រើនបន្ថែមទៀត ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកតាមរយៈការចុះមកទិញដោយផ្ទាល់ពីសំណាក់ក្រុមហ៊ុនក្នុងស្រុក ដើម្បីយកទៅផលិតកែច្នៃដើម្បីចែកចាយបន្តនៅលើទីផ្សារ។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់ក្រុមអ្នកផលិតដែលមានដីស្រែអំបិលដែលធ្លាប់ផលិតកន្លងមក ត្រូវធ្វើការរៀបចំផលិតឡើងវិញដើម្បីឱ្យបរិមាណផលិតមានការកើនឡើង និងបានផ្តល់ការងារជូនដល់ប្រជាពលរដ្ឋក្នុងខេត្តឱ្យបានច្រើន ហើយនៅពេលដែលផលិតបានច្រើន ចំណូលរបស់អ្នកផលិតក៏បានខ្ពស់ មិនតែប៉ុណ្ណោះក៏បានចូលរួមជួយដល់បង្កើនជីវភាពរបស់កម្មករដែលផលិតអំបិលកាន់តែល្អប្រសើរឡើងបន្ថែមទៀត។

យោងតាមរបាយការណ៍របស់លោកស្រី ស៊ឹម ណារី ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពតបានឱ្យដឹងថា ខេត្តកំពតមានខេត្តកំពតមានផ្ទៃដីផលិតអំបិល សរុបចំនួន ៣.៤៨៩,៤៨ហិកតា មានក្រុមផលិតចំនួន ១៧១ក្រុម ចែកជា ៦មណ្ឌល មានកម្លាំងពលកម្មសរុប ១.៤៧៤នាក់ ក្នុងនោះស្រី ៥៥៧នាក់ និងមានឃ្លាំងស្តុកបិលចំនួន ៥៣៦ឃ្លាំង។ លោកស្រីប្រធានមន្ទីរបានបន្តថា ក្នុងផ្ទៃដីផលិតអំបិលសរុបជាង ៣ពាន់ហិកតា ដីស្រែបណ្តុះមានចំនួន ៣៣៤,៦0ហិកតា ដីស្រែហាលមានចំនួន ២ ២២៥,៥៥ហិកតា និងដីស្រែស្តុកទឹកមានចំនួន ៩១៩,៣២ហិកតា។ ចំពោះការផលិតអំបិលក្នុងឆ្នាំ២០២៥ ទទួលបានសរុបចំនួន ៣១ ៣៨២តោន ដែលមានអំបិលស្តុកក្នុងឃ្លាំងដើមគ្រាចំនួន ៥០ ៨៦០តោន ធ្វើឱ្យបរិមាណអំបិលសរុបមានចំនួន ៨២,២៤២តោន ការផលិតលក់ចេញបានចំនួន ៧៤ ១១៧ តោន ហើយអំបិលសល់ក្នុងស្តុកឆ្នាំ២០២៥មានចំនួន ៣ ៧២០តោន៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង




















Post a Comment

0 Comments