កាលពីរាត្រីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានដឹកនាំមន្ត្រីរាជការ អាជ្ញាធរក្រុងស្រុក កងកម្លាំង ប្រជាពលរដ្ឋ យុវជន រៀបចំពិធីសំពះព្រះខែ និងអកអំបុក នៅប្រាសាទមាស លោកជំទាវម៉ៅ ស្ថិតនៅលើកំពូលភ្នំទ្វារ ក្នុងឃុំល្អាង ស្រុកដងទង់។ ការជ្រើសរើសធ្វើនៅទីតាំងនេះដើម្បីផ្សារភ្ជាប់រវាងការថែរក្សាទំនៀមទម្លាប់ វប្បធម៌ ប្រពៃណី និងការរួមសាមគ្គីគ្នាដើម្បីលើកស្ទួយវិស័យទេសចរណ៍ខេត្ត។
លោកអាចារ្យដែលរៀបចំកម្មវិធីនេះបានបញ្ជាក់ថា ក្រោមគំនិតនិតផ្តួចផ្តើមប្រកបដោយការច្នៃប្រឌិតខ្ពស់ របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ដោយមានការឯកភាពពីឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត រដ្ឋបាលខេត្តកំពតឆ្នាំនេះ បានសម្រេចជ្រើសរើសយកទីតាំងប្រាសាទមាសលោកជំទាវ ដើម្បីរៀបចំពិធីសំពះព្រះខែ និងអកអំបុក ក្នុងន័យដើម្បីរំលឹកនឹកគុណព្រះពោធិសត្វនៅក្នុងកាលដែលព្រះអង្គមានជាតិកំណើតជាសត្វទន្សាយ ដើម្បីសន្សំបារមីផង និងដើម្បីបួងសួងសុំសេចក្តីសុខសេចក្តីចម្រើន ជូនដល់ប្រមុខថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរផង ក៏ដូចជាដើម្បីរួមសាមគ្គីគ្នាលើកស្ទួយវិស័យទេសចរណ៍ខេត្តកំពត ជាពិសេសចង់បង្ហាញទេសភាព បរិយាកាសនៅប្រាសាទមាស លោកជំទាវម៉ៅនេះតែម្តង។ចំណែកក្រុមយុវជនចូលរួមជួយរៀបចំកម្មវិធី បានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយរបស់ខ្លួនដែរថា នេះជាលើកទី១ ដែលពួកគេបានចូលរួមក្នុងពិធីសំពះព្រះខែ និងអកអំបុកជាមួយនឹងថ្នាក់ដឹកនាំខេត្ត។ ពិធីនាពេលនេះពិតជាអធឹកអធម មានអំបុក ចេក ដូងរាប់ពាន់ផ្លែសម្រាប់ចែកជូនដល់អ្នកចូលរួម ហើយអ្វីដែលកាន់តែពិសេស គឺពួកគេបានមកឃើញ ទេសភាពដ៏ស្រស់ត្រកាលនៅប្រាសាទមាស លោកជំទាវម៉ៅ ដែលជាមិទ្ធផលទេសចរណ៍មួយថ្មី ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្ត និងលោកជំទាវ ហ៊ុន ចាន់ធី។
សូមបញ្ជាក់ថា នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក រយៈពេលពីរថ្ងៃ ខេត្តកំពតទទួលបានភ្ញៀវទេសចរ ប្រមាណជាង ១៣ម៉ឺននាក់ ចំណែកឯកសេវាស្នាក់នៅគឺពេញទាំងអស់៕
អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង





















0 Comments