នៅថ្ងៃទី១ នៃថ្ងៃឈប់សម្រាកនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ខេត្តកំពតមានភ្ញៀវទេសចរបានធ្វើដំណើរមកសម្រាកលម្ហែកម្សាន្តជាង ៤ម៉ឺន ៤ពាន់នាក់។ ពួកគាត់ថា មូលហេតុដែលភ្ញៀវមកលេងច្រើន ដោយសារការធ្វើដំណើរងាយស្រួល ការរៀបចំអភិវឌ្ឍន៍បានល្អ មានសុវត្ថិភាពខ្ពស់ មានកន្លែងដើរលេងច្រើន បរិយាកាស ទេសភាព អនាម័យបរិស្ថានស្អាត ម្ហូបអាហារឆ្ងាញ់ កន្លែងស្នាក់នៅស្អាតហើយតម្លៃសមរម្យ។
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានប្រាប់ឱ្យដឹងថា នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលជាថ្ងៃឈប់សម្រាកនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ថ្ងៃទី១ ភ្ញៀវទេសចរបានសម្រុកមកលេងខេត្តកំពតយ៉ាងច្រើនកុះករ ដែលមានភ្ញៀវទេសចរសរុបចំនួន ៤៤.៣៦៦នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ៤៣.៩៣២នាក់ និងភ្ញៀវទេសចរបរទេសមានចំនួន ៤៣៤នាក់។ ជាក់ស្តែងនៅពេលល្ងាចថ្ងៃទី១នេះ ភ្ញៀវបានចេញពីរមណីយដ្ឋាននានាចូលមកដើរកម្សាន្ត និងអង្គុយលម្ហែនៅតាមឆ្នេរខ្សាច់កម្សាន្តនានាជាប់មាត់ព្រែកកំពង់បាយ និងជិះទូកកម្សាន្តយ៉ាងច្រើន។ ដោយឡែកចំពោះស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់ ការថែរក្សាបរិស្ថានអនាម័យនៅក្នុងក្រុង និងតាមរមណីយដ្ឋានផ្សេងៗមានភាពល្អប្រសើរ គ្មានបញ្ហាអ្វីមួយកើតឡើងគួរឱ្យកត់សំគាល់នោះទេ។ លោកប្រធានមន្ទីររំពឹងថា ថ្ងៃទី២នេះ នៃថ្ងៃឈប់សម្រាកនៃព្រះរាជពិធីបុណ្យអុំទូកនេះ ភ្ញៀវទេសចរនឹងកាន់តែមកលេងច្រើនបន្ថែមទៀត បើទោះបីជាសេវាស្នាក់នៅក្នុងក្រុងពេញអស់ក៏ដោយ។ភ្ញៀវទេសចរជាតិទាំងនៅក្នុង និងក្រៅខេត្ត បានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ដែលបានធ្វើដំណើរមកសម្រាកលម្ហែនៅខេត្តកំពត។ ពួគាត់សរសើរថា ខេត្តកំពតក្នុងរយៈពេលចុងក្រោយនេះ ក្រោមការដឹកនាំ និងអភិវឌ្ឍន៍ កែច្នៃរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានធ្វើឱ្យខេត្តមានភាពទាកទាញខ្លាំងណាស់ មានសុខសុវត្ថិភាព មានសណ្តាប់ធ្នាប់ល្អ អនាម័យបរិស្ថាន រួមនឹងការផ្តល់សេវាកម្មផ្សេងៗល្អទាំងអស់ ពិសេសតម្លៃនៅធម្មតាមិនមានការដំឡើងថ្លៃនោះទេ។ តាមទិដ្ឋានភាពជាក់ស្តែង នៅថ្ងៃទី១ នៃថ្ងៃឈប់សម្រាកក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ខេត្តកំពតមានភ្ញៀវមកដើរលេងកម្សាន្តច្រើនកុះករណាស់៕





















0 Comments