ក្នុងស្មារតីខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ឆ្លៀតឱកាសក្នុងថ្ងៃបុណ្យម៉ៅឡុតដែលតែងធ្វើឡើងជាទៀងទាត់ ឆ្នាំនេះសាសនិកអ៊ីស្លាមកម្ពុជាចំណុះវិហារម៉ាក់ប្រាងខាងកើតក្នុងភូមិម៉ាក់ប្រាង ឃុំកំពង់គ្រែង ស្រុកទឹកឈូបានរៀបចំពិធីទទួលអំណោយជាគ្រឿងឧបភោគបរិភោគពីបងប្អូនដែលអញ្ជើញចូលរួម ដើម្បីផ្តល់ជូនវីរកងកម្លាំងដែលកំពុងឈរជើងនៅសមរភូមិមុខ។ ដោយភ្ជាប់មនោសញ្ចេតនាជាមួយអំណោយបន្តិចបន្តួច បងប្អូនប្រជាពលរដ្ឋបានចងចាំពីគុណបំណាច់របស់វីរយុទ្ធជនដែលហ៊ានលះបង់ខ្ពស់ដើម្បីភាពសុខសាន្តសម្រាប់អ្នកសមរភូមិក្រោយ។
តាមការបញ្ជាក់របស់ថ្នាក់ដឹកនាំវិហារថា ជារឿងរាល់ឆ្នាំ វិហារអ៊ីស្លាមម៉ាក់ប្រាងខាងកើត តែងធ្វើបុណ្យម៉ៅឡុត ដែលជាពិធីរម្លឹកដល់ថ្ងៃកំណើតដោយមានការជួបជុំសប្បាយ និងពិសាអាហាររួមគ្នា។ ឆ្នាំនេះ ស្របពេលដែលរាជរដ្ឋាភិបាលកំពុងទប់ទល់ជាមួយអំពើឈ្លានពានពីប្រទេសថៃ ដែលត្រូវបង្កើនកម្លាំងឈរជើងប្រចាំការនៅសមរភូមិមុខនោះ ថ្នាក់ដឹកនាំវិហារបានមូលមតិគ្នាកាត់បន្ថយការចំណាយសម្រាប់ពិធីសប្បាយ បង្កើតជាពិធីទទួលអំណោយសប្បុរសធម៌ដើម្បីផ្តល់ជូនវីរយុទ្ធជនដែលខិតខំតស៊ូ និងលះបង់គ្រប់យ៉ាងព្រោះតែក្តីសុខសាន្តរបស់អ្នកនៅសមរភូមិក្រោយ។ថ្នាក់ដឹកនាំវិហារដដែលបានបន្តថា
តាមរយ:ការចូលរួម គណ:កម្មការទទួលបានគ្រឿងឧបភោគបរិភោគជាមីកញ្ចប់ និងភេសជ្ជ:សរុបចំនួន ៧៣កេស។ អំណោយសប្បុរសធម៌ទាំងនេះនឹងប្រគល់ជូនតាមរយ:ស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីចាត់ចែងបន្តបានដល់កងកម្លាំងជួរមុខ។
សាសនិកអ៊ីស្លាមភូមិម៉ាក់ប្រាង ក៏ដូចជាប្រជាពលរដ្ឋទូទៅនៅតែជឿជាក់ចំពោះការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ពិសេសលើដំណោះស្រាយបញ្ហាវិវាទព្រំដែនដោយសន្តិវិធី ព្រោះកម្ពុជាត្រូវការសន្តិភាពពិតប្រាកដ ដោយព្យាយាមបញ្ចៀសពីសង្គ្រាមដែលនាំឱ្យបាត់បង់អាយុជីវិតមនុស្សទាំងសងខាង៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត
0 Comments