ប្រធានសមគមចៃកាកម្ពុជា និងថ្នាក់ដឹកនាំក្រសួងព័ត៌មានបានបញ្ជាក់ថា ខេត្តកំពតមានសក្តានុពលខ្លាំងលើគ្រប់វិស័យ ពិសេសវិស័យទេសចរណ៍។ ហើយក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ៅ ធនិន ខេត្តកំពត គឺមានភាពល្បីល្បាញទាំងក្នុង និងក្រៅប្រទេស។ ដើម្បីចូលរួមចំណែកធានានូវនិរន្តរភាព និងទាក់ទាញទេសចរបន្ថែមទៀត សមាគមបានដឹកនាំមន្ត្រី និងអ្នកជំនាញដែលបានសិក្សានៅប្រទេសជប៉ុន មកចែករំលែកចំណេះដឹងស្តីអំពី “បរិស្ថាន និងទេសចរណ៍” ដល់មន្ត្រីខេត្តកំពត។
ប្រធានសមាគមចៃកាកម្ពុជា ឯកឧត្តម ម៉ែន ភារម្យ បានបញ្ជាក់ថា គោលបំណង់នៃការធ្វើសិក្ខាសាលាប្រចាំឆ្នាំ សមាគមអតីតកម្មសិក្សាការីចៃកាកម្ពុជា ស្តីអំពី “បរិស្ថាន និងទេសចរណ៍” នៅខេត្តកំពតដែលមានរយៈពេលពីរថ្ងៃនេះ គឺចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ គឺមានគោលបំណងដើម្បីចែករំលែកនូវចំណេះដឹង បទពិសោធន៍របស់មន្ត្រី និងអ្នកជំនាញក្នុងប្រទេសកម្ពុជាដែលបានបំពេញការសិក្សានៅប្រទេសជប៉ុន ហើយយកមកពិភាក្សាបំពេញបន្ថែមនូវចំណុចខ្វះខាតរបស់រដ្ឋបាលខេត្តលើវិស័យបរិស្ថាន និងទេសចរណ៍។ លោកប្រធានសមាគមបានបន្តថា ជាការពិតវិស័យបរិស្ថាន និងវិស័យទេសចរណ៍គឺត្រូវដើរទន្ទឹមគ្នា ព្រោះកាលណាបើយើងមានបរិស្ថានល្អ មានសេវាកម្មល្អ ទេសចរនិងមកលេងកម្សាន្តកាន់តែច្រើន ហើយវិស័យទេសចរណ៍ក៏ជាវិស័យមួយដែលអាចរកចំណូលជូនដល់ពលរដ្ឋ និងបានរួមចំណែកជួយដល់សេដ្ឋកិច្ចជាតិផងដែរ។ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអតីតប្រធានសមាគមចៃកាកម្ពុជា បានបញ្ជាក់ថា ចៃកាកម្ពុជា គឺមានស្នាដៃច្រើនណាស់នាពេលកន្លងមក ក្នុងការចូលរួមចំណែកអភិវឌ្ឍ និងជំរុញដល់សេដ្ឋកិច្ចកម្ពុជា។ ហើយសិក្ខាសាលាថ្ងៃនេះ នឹងផ្តល់នូវគំនិតថ្មីៗបន្ថែម ដើម្បីជួយជំរុញខេត្តកំពត ដែលមានឈ្មោះល្បីកាន់តែល្បីថែមទៀត។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានថ្លែងកោតសរសើរចំពោះការដឹកនាំ និងអភិវឌ្ឍន៍ខេត្តកំពតរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ដែលបានធ្វើឱ្យវិស័យទេសចរណ៍មានការរីកចម្រើន និងមានភាពល្បីល្បាញទាំងក្នុងស្រុក និងក្រៅប្រទេស។
ក្នុងសិក្ខាសាលានេះដែរ ឯកឧត្តម មឿង គង្គា អភិបាលរងខេត្តកំពត បានមានមតិស្វាគមន៍ និងថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមចៃកាកម្ពុជា ដែលបានរៀបចំសិក្ខាសាលានាថ្ងៃនេះឡើង។ ឯកឧត្តមបានស្នើដល់អង្គសិក្ខាសាលាសូមយកចិត្តទុកដាក់ និងសួរដេញដោលមន្ត្រី និងអ្នកជំនាញរបស់សមាគមឱ្យបានច្រើន ដើម្បីកែលម្អនូវរាល់ចំណុចខ្វះខាតរបស់ខេត្តកំពត និងធ្វើឱ្យខេត្តមានភាពទាក់ទាញកាន់តែខ្លាំង។ គួរបញ្ជាក់ថានៅរសៀលនេះ អង្គសិក្ខាសាលាទាំងមូល និងចុះធ្វើកម្មសិក្សានៅសហគមន៍នេសាទកំពង់សាមគ្គី ស្ថិតនៅស្រុកទឹកឈូ និងមានកម្មវិធីដាំដើមកោងកាងផងដែរ៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត
0 Comments