នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្ត្រមណ្ឌលកំពត សមាជិកអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មការទី១០ នៃរដ្ឋសភាជាតិ បានអញ្ជើញជួបសំណេះសំណាល និងផ្ដល់រង្វាន់ដល់សិស្សជ័យលាភីដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៣-២០២៤នៅទូទាំងខេត្តកំពត។ ពីធីនេះបានធ្វើឡើងនៅបរិវេណពហុកីឡដ្ឋានខេត្ត ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ក្រុមការងារចុះជួយខេត្តកំពត ដែលជា សមាជិកព្រឹទ្ធសភា រដ្ឋសភា សមាជិករាជរដ្ឋាភិបាល និងអាជ្ញាធរខេត្ត ក្រុង-ស្រុក ផងដែរ។
មានប្រសាសន៍សំណេះសំណាល ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្ត្រ បានសំដែងការអបអរសាទរចំពោះលទ្ធផលជ័យលាភីរបស់សិក្សានុសិស្សទាំងអស់ និងបានថ្លែងអំណរគុណកោតសរសើរចំពោះ មាតា បិតាសិស្ស លោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រងសាលា ដែលបានខិតខំបង្ហាត់បង្រៀន អប់រំសិស្សរហូតទទួលបានលទ្ធផលជោគជ័យដូចពេលនេះ។ ឯកឧត្តមបណ្ឌិតអ្នកតំណាងរាស្ត្រ ក៏បានបញ្ជាក់ថា បច្ចុប្បន្ននេះសមិទ្ធផលទាំងអស់ក្នុងសង្គម ដែលមានការរីកចម្រើនលើគ្រប់វិស័យយ៉ាងឆាប់រហ័ស គឺកើតចេញពីមូលដ្ឋានគ្រឹះនៃសុខសន្តិភាព ហើយសុខសន្តិភាពនេះ ផ្ដើមចេញពីការខិតខំប្រឹងប្រែងលះបង់របស់ប្រមុខថ្នាក់ដឹកនាំ ពិសេសសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាជាតិ ដែលបានខិតខំស្វែងរកសុខសន្តិភាពជូនប្រទេស និងប្រជាពលរដ្ឋនៅទូទាំងប្រទេស រហូតមានការអភិវឌ្ឍរីកចម្រើន ជាពិសេសសមិទ្ធផលក្នុងវិស័យអប់រំ គឺត្រូវបានរីកដុះដាលគ្រប់ទីកន្លែងដូចបច្ចុប្បន្ននេះ ដែលបង្កឱកាសបានធ្វើឱ្យកូនចៅប្រជាពលរដ្ឋយើងបានចូលសិក្សារៀនសូត្រគ្រប់ៗគ្នា រហូតប្រឡងទទួលបានជ័យលាភីដូចពេលនេះ។ឯកឧត្តមបណ្ឌិតបានបន្តថា លទ្ធផលទាំងនេះគឺស្របទៅនឹងគោលនយោបាយបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយបានកំណត់យកការងារធនធានមនុស្សជាអាទិភាព ដើម្បីឈានទៅសម្រេចចក្ខុវិស័យក្នុងការអភិវឌ្ឍន៍ប្រទេសជាតិផងដែរ។ ឯកឧត្តមបណ្ឌិតបានសង្កត់ធ្ងន់ថា សម័យបច្ចុប្បន្ន ចំណេះដឹងគឺជាទ្រព្យសំខាន់បំផុតដែលមិនអាចខ្វះបានសម្រាប់មនុស្ស ដូច្នេះយុវជនគ្រប់រូប ត្រូវចេះចាប់យកឱកាសបន្តការប្រឹងប្រែងសិក្សារៀនសូត្រឱ្យបានចំកន្លែង ហើយសិក្សាឱ្យបានពូកែ ធ្វើខ្លួនជាមនុស្សល្អ ដើម្បីអាចចូលរួមជួយសង្គមជាតិទៅថ្ងៃអនាគតឱ្យមានការអភិវឌ្ឍន៍រីកចម្រើនកាន់តែខ្លាំងក្លាបន្ថែមទៀត។
យោតតាមរបាយការណ៍របស់ លោក សូភារិទ្ធ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានឱ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៣-២០២៤ សម្រាប់ខេត្តកំពត មានបេក្ខជនប្រឡងចំនួន ៥.៣០២នាក់ ក្នុងនោះស្រី ២.៨៥៥នាក់ ហើយជាលទ្ធផលសិស្សបានប្រឡងជាប់សរុបចំនួន ៤.៤៤០នាក់ គិតជាមធ្យមភាគប្រមាណជាង ៨៥ភាគរយ។
រង្វាន់ដែលបានផ្តល់ជូនសិស្សានុសិស្សជ័យលាភីទាំង ៤.៤៤០នាក់រួមមាន៖ សិស្សនិទ្ទេស A ចំនួន ៧៩នាក់ ក្នុងម្នាក់ទទួលបានម៉ូតូ Honda Beat ឆ្នាំ២០២៥ ១គ្រឿង អមដោយពានរង្វាន់ ១គ្រឿង និងថវិការ ៤០ម៉ឺនរៀល, សិស្សនិទ្ទេស B ចំនួន ៤៦៩នាក់ ម្នាក់ៗទទួលាបានថវិកា ២០ម៉ឺនរៀល, សិស្សនិទ្ទេស C ចំនួន ១.០៥៥នាក់ ម្នាក់ៗទទួលបានថវិកា ១៥ ម៉ឺនរៀល, សិស្សនិទ្ទេស D ចំនួន ១.៥៩៥នាក់ ម្នាក់ៗទទួលបានថវិកា ១០ម៉ឺនរៀល, សិស្សនិទ្ទេស E ចំនួន ១.២៤២នាក់ ម្នាក់ៗទទួលបានថវិកា ៥ម៉ឺនរៀល និងលោកគ្រូអ្នកគ្រូចំនួន ៤៧០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១០ម៉ឺនរៀល គណៈគ្រប់គ្រងសាលាចំនួន ៨៣នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១០ម៉ឺនរៀល ជាមួយគ្នានេះដែរក៏មានការផ្ដល់ជូនអាហារូបករចំនួន ២០០កន្លែងសម្រាប់សិស្សបន្តការសិក្សាផងដែរ៕
0 Comments