Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

មន្ត្រីជំនាញបញ្ជាក់ថាភ្ញៀវទេសចរជាង២ម៉ឹននាក់មកលេងខេត្តកំពត ក្នុងថ្ងៃទី១ នៃពិធីបុណ្យអុំទូក

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោកសយ ស៊ីណុល បានប្រាប់ឲ្យដឹងថា ថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ខេត្តកំពតទទួលទេសចរសរុបប្រមាណ ២៤ ៩៧៨នាក់ ក្នុងនោះ ទេសចរអន្តរជាតិ ៩៦២នាក់។ ចំពោះ ស្ថានភាពទូទៅ នៅតាមសេវាកម្ម រមណីយដ្ឋាន សហគមន៏ទេសចរណ៏ បានប្រព្រឹត្តិទៅជាប្រក្រតី ពុំមានបាតុភាពអ្វីកើតឡើងគួរឲ្យកត់សំគាល់នោះទេ។

លោកប្រធានមន្ទីរបានបញ្ជាក់ទៀតថា សម្រាប់ពិធីបុណ្យអុំទូកឆ្នាំនេះ ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋមានភាពសប្បាយរីករាយនៅគ្រប់ទីកន្លែង ទាំងនៅតាមតំបន់រមណីយដ្ឋាន និងនៅតាមទីវត្តអារាម ព្រោះអាជ្ញាធរមានការរៀបចំបានល្អ ទាំងសោភ័ណភាព និងសន្តិសុខសណ្តាប់ធ្នាប់ សក្តិសមជាខេត្តគោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់កម្ពុជា។ លោកបានបន្ថែមថា គោលដៅទេសចរណ៍ក្នុងក្រុងកំពត ពិសេសតំបន់ឆ្នេរ សួនច្បារសេះសមុទ្រ និងនាឡិកាធំ នៅតែជាគោលដៅទាក់ទាញខ្លាំងជាងគេដែលមានភ្ញៀវមកលេងច្រើន។

ចំណែកយុវជនខេត្តកំពតបានចំណាប់អារម្មណ៍របស់ខ្លួនថា ក្នុងនាមជាពលរដ្ឋខេត្តកំពតម្នាក់ កញ្ញាមានមោទនភាពយ៉ាងខ្លាំង ដែលខេត្តរបស់ខ្លួនមានថ្នាក់ដឹកនាំល្អ បានរៀបចំអភិវឌ្ឍន៍ ធ្វើឲ្យខេត្តមានឈ្មោះល្បី ទាំងក្នុងក្របខណ្ឌប្រទេស ក្នុងតំបន់ និងលើពិភពលោក។ ពិសេសនៅក្នុងឱកាសបុណ្យអុំទូកនេះ អាជ្ញាធរ និងជំនាញពាក់ព័ន្ធរៀបចំបានល្អគ្រប់បែបយ៉ាង ធ្វើឲ្យភ្ញៀវជាតិ និងអន្តរជាតិមកលេងកាន់តែច្រើនឡើង ជួយជំរុញ និងលើកកម្ពស់ដល់ជីវភាពប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរជាងមុន។

តាមការបញ្ជាក់របស់មន្ត្រីជំនាញថា នៅថ្ងៃទី១៤ ខែធ្នូ ដែលជាថ្ងៃទី១ នៃពិធីបុណ្យអុំទូក សេវាស្នាក់នៅក្នុងខេត្តស្ទើរពេញទាំងអស់ នៅសល់តែផ្ទះសំណាក់មួយចំនួនដែលនៅជាយក្រុងប៉ុណ្ណោះ ហើយបើតាមសន្ទុះនៃការកក់បន្ទប់ និងស្ថានភាពជាក់ស្តែង នៅថ្ងៃទី២នេះ ភ្ញៀវទេចរអាចនឹងកើនឡើងច្រើនជាងម្សិលមិញ៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត




















Post a Comment

0 Comments