កាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវត្តជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត មានរៀបចំពិធីបុណ្យមហាអំបុក ដើម្បីបង្ហាញឧបករណ៍ និងរបៀបបោកបែនស្រូវ ការកិនស្រូវដោយត្បាល់ ពិសេសរបៀបដាល់អំបុកតាមប្រពៃណីដូនតា ឱ្យយុវជនជំនាន់ក្រោយបានដឹង និងចេះធ្វើ។ គ្រូបង្រៀន ពលរដ្ឋ និងព្រះសង្ឃស្នើឱ្យនៅតាមភូមិ និងវត្តអារាមនានា គួររៀបចំធ្វើបុណ្យនេះឱ្យបានរាល់ឆ្នាំ ដើម្បីរួមគ្នាថែររក្សាប្រពៃណីដាល់អំបុកកុំឱ្យបាត់បង់។
គ្រូបង្រៀនបឋមសិក្សា និងនិស្សិតមហាវិទ្យាល័យដែលបានចូលរួមក្នុងកម្មវិធីបុណ្យមហាអំបុកនៅវត្តជុំគ្រៀល បានបង្ហាញចំណាប់អារម្មណ៍ចំពោះកម្មវិធីនេះថា ការរៀបចំបានស្អាត និងមានអ្នកចូលរួមច្រើន។ កញ្ញាបានបន្តថា ពិធីនេះក៏បានបង្ហាញឱ្យយុវជនជំនាន់ក្រោយបានឃើញនូវវប្បធម៌ប្រពៃណី ទំនៀមទម្លាប់រស់នៅរបស់ខ្មែរ ពិសេសរបៀបដាល់អំបុកតាមបែបប្រពៃណីដូនតា ដើម្បីក្មេងៗជំនាន់ក្រោយរៀនធ្វើតាម។ ពួគគាត់ស្នើឱ្យគ្រប់ភូមិ និងវត្តអារាមទាំងអស់គួររៀបចំពិធីបុណ្យមហាអំបុកឱ្យបានជារៀងរាល់ឆ្នាំ ក្នុងន័យចូលរួមថែរក្សាទំនៀបទម្លាប់ប្រពៃណីរបស់ដូនតាខ្មែរ ក៏ដូចជាបង្ហាត់បង្ហាញដល់យុវជនជំនាន់ក្រោយបានចេះ បានដឹង។ចំណែកឯអ្នកភូមិជុំគ្រៀល ដែលបានចូលរួមដាល់អំបុក បានបង្ហាញភាពសប្បាយរីករាយ និងចង់ឱ្យពិធីបុណ្យមហាអំបុកនេះរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីឱ្យក្មេងៗបានចូលរួមរៀនដាល់អំបុកសម្រាប់ទុកហូបក្នុងរង្វង់គ្រួសារផង និងសម្រាប់ទទួលទានរួមគ្នា ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក។
ព្រះធម្មចារី ហ៊ីង សុង ធម្មធម៌គណខេត្តកំពត និងជាព្រះគ្រូសូត្រស្តាំ វត្តជុំគ្រៀល បានមានសង្ឃដីការថា ពិធីបុណ្យមហាអំបុកវត្តជុំគ្រៀល តែងតែធ្វើឡើងជារៀងរាល់ឆ្នាំ ដែលមានរយៈពេល ២ថ្ងៃ ដោយចាប់ពីម៉ោង ៦ល្ងាចរហូតទៅដល់យប់។ ពីមួយឆ្នាំទៅមួយឆ្នាំ យុវជនបានចូលរួមកាន់តែច្រើន ប៉ុន្តែដើម្បីតែកម្សាន្តសប្បាយប៉ុណ្ណោះ ពួកគាត់មិនបានយកចិត្តទុកដាក់ ចង់រៀនឱ្យចេះនោះទេ ហើយទៅថ្ងៃខាងមុខ ព្រះអង្គព្រួយបារម្ភខ្លាចការដាល់អំបុកតាមបែបប្រពៃណីដែលតពីដូនតាអាចនឹងបាត់បង់ ដោយសារគ្មានអ្នកចេះ។
តាមការបញ្ជាក់ សម្រាប់បុណ្យមហាអំបុកនៅវត្តជុំគ្រៀលឆ្នាំនេះ គណៈកម្មការរៀបចំបានទិញ ត្បាល់ អង្រែ ក្អម និងឧបករណ៍សម្រាប់ដាល់អំបុកចំនួន ១២ឈុត ដើម្បីឱ្យយុវជន និងអ្នកភូមិអាចនាំគ្នារៀនដាល់អំបុកបានច្រើនគ្នា៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត
0 Comments