ថ្លែងក្នុងពិធីបើកការបោះជំរំ របស់សមាគមកាយឫទ្ធិនារីកម្ពុជាខេត្តកំពត ប្រចាំឆ្នាំ២០២៤ ក្រោមប្រធានបទ “យុវតីយើង អនាគតអ្នកដឹកនាំយើង” នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានលើកឡើងថា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា សមាគមកាយឫទ្ធិនារីកម្ពុជា សម្រេចលទ្ធផលជាច្រើន ពិសេសធ្វើអោយមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ទទួលស្គាល់ថា សមាគមកាយឫទ្ធិនារីកម្ពុជាពិតជាបានបំពេញតួនាទីប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយគ្មានការប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ពណ៌សម្បុរនោះឡើយ។ ទន្ទឹមនឹងនេះដែរ ការបោះជំរំនេះគឺជាវិធីសាស្រ្តអប់រំយ៉ាងមានប្រសិទ្ធភាពសម្រាប់ក្មួយៗដែលជាយុវតីកាយឬទ្ធិនារីកម្ពុជា ដែលបានផ្លាស់ប្តូរជាវិជ្ជមានលើឥរិយាបថក្នុងការសិក្សា សីលធម៌ ការរស់នៅល្អ និងមានឧត្តមគតិស្រឡាញ់ធម្មជាតិ និងស្រឡាញ់ប្រទេសជាតិ ព្រមទាំងឱ្យកូនក្មួយទាំងអស់ចេះរួមសាមគ្គីគ្នានៅពេលកំពុងបោះជំរំ តាមពាក្យចាស់លោកពោលថា “នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយជាមួយ”។
ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់កូនក្មួយដែលជាសមាជិកាសមាគមកាយឫទ្ធិនារីកម្ពុជាខេត្តកំពតដែលបានមកចូលរួមក្នុងពិធីបោះជំរំនេះ ហើយទទួលបានបទពិសោធន៍រួចហើយ ពេលត្រឡប់ទៅវិញត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រឱ្យបានពូកែ ដើម្បីក្លាយជាធនធានមនុស្សសម្រាប់ចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិ និងបំរើប្រជាជននាពេលអនាគត។ ឯកឧត្តមអភិបាលខេត្តបានបន្តថា យើងទាំងអស់គ្នាត្រូវរៀនសួរខ្លួនឯងថា “តើយើងមកពីណា ហើយត្រូវធ្វើអ្វី” ដើម្បីតបស្នងសងគុណទឹកដីកំណើតរបស់យើង និងសងគុណអ្នកដែលរកសុខសន្តិភាពមកឱ្យយើង គឺសម្តេចតេជោ ហ៊ុន សែន។ក្នុងឱកាសនោះដែរ លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានក្រុមប្រឹក្សាសមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តកំពត បានមានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ប្រកបដោយបទពិសោធន៍ និងគោលដៅជាក់លាក់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា សមាគម សម្រេចបាននូវវឌ្ឍនភាព ការងារ និងសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់។ សមាគមកាយឫទ្ធិនារីកម្ពុជា គឺជាសមាគមក្រៅរដ្ឋាភិបាលមួយ ដែលមានទិសដៅលើកកម្ពស់ ការអប់រំដល់កុមារី និងយុវតីឱ្យក្លាយទៅជាពលរដ្ឋល្អ ទទួលបាននូវចំណេះដឹងបទពិសោធន៍ទាំងជីវិតការងារ និងការងារសង្គម ដោយបានផ្តល់ឱកាស និងលទ្ធភាពធ្វើការរួមគ្នា ដើម្បីផលប្រយោជន៍សង្គម។ លើសពីនេះយុវតីដែលជាសមាជិករបស់សមាគមកាយឫទ្ធិនារីកម្ពុជាត្រូវបានបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំការធ្វើការជាក្រុម ដើម្បីក្លាយជាធនធានដ៏ល្អជួយអភិវឌ្ឍ ប្រទេសជាតិ។
លោកស្រី គង់ ទិត្យធីតា អនុប្រធានក្រុមប្រឹក្សាសមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តកំពត បានឱ្យដឹងថា កម្មវិធីការបោះជំរំប្រចាំឆ្នាំ២០២៤ របស់សមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តកំពត ជាការបោះជំរំលើកទី៣ ដែលមានសមាសភាពសមាជិកាសកម្ម សាខាខេត្តកំពត ចំនួនសរុប ១០០នាក់។ ការបោះជំរំលើកទី៣នេះ ប្រព្រឹត្តទៅរយៈពេល ៣យប់ ៤ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ តុលា ឆ្នាំ២០២៤ ទីតាំងចំការតាកែន កោះស្លា ស្រុកឈូក ខេត្តកំពត ក្រោមប្រធានបទ “យុវតីយើង អនាគតអ្នកដឹកនាំយើង”។ លោកស្រីអនុប្រធានក្រុមប្រឹក្សាសមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពតបានឱ្យដឹងបន្ថែមថា ការបោះជំរំបានឆ្លុះបញ្ចាំងឱ្យយុវតីកាយឫទ្ធិនារីកម្ពុជាទទួលបានបទពិសោធន៍ ធ្វើការងារជាក្រុម ដើម្បីសម្រេចបាននូវគោលដៅរួម ដែលជាមេរៀនដ៏សំខាន់មួយសម្រាប់អនុវត្តក្នុងជីវិតពិត។ ហើយកម្មវិធីដុតភ្លើងគប់ គឺជាផ្នែកមួយដ៏សំខាន់នៅក្នុងការបោះជំរំ ដែលអត្ថន័យនៃការដុតភ្លើងគប់ គឺចង់បង្ហាញអោយសមាជិកាបានស្គាល់ពីកម្លាំងនៃអំណាចភ្លើង ដែលប្រៀបបាននឹងកម្លាំងដ៏ពុះកញ្រ្ជោលរបស់កុមារី និងយុវតីនៃសមាគមកាយឫទ្ធិនារីកម្ពុជា គឺរួមសាមគ្គីគ្នាជាធ្លុងមួយដើម្បីទទួលបាននូវភាពរីកចម្រើន និងការអភិវឌ្ឍទាំងអស់គ្នា៕
0 Comments