ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានប្រាប់ឱ្យដឹងថា នៅថ្ងៃឈប់សម្រាកសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌថ្ងៃទី១ គឺថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ម្សិលមិញ ភ្ញៀវទេសចរបានសំរុកមកលេងកម្សាន្តនៅតំបន់រមនីយដ្ឋាន និងកន្លែកកម្សាន្តនានាក្នុងខេត្តមានចំនួនច្រើន ពិសេសតំបន់ត្រីសេះសមុទ្របាញ់ទឹក និងនាឡិការយក្ស។ លោកប្រធានមន្ទីរបន្តថា ចំនួនភ្ញៀវទេសចរដែលមកកម្សាន្តខេត្តកំពតមានចំនួន ២៦.៩៥១នាក់ ក្នុងនោះភ្ញៀវទេសចរជាតិចំនួន ២៦.៧៣២ ភ្ញៀវទេសចរអន្តរជាតិមានចំនួន ២២០នាក់។
លោកប្រធានមន្ទីរក៏បានឱ្យដឹងបន្ថែមថា ចំពោះស្ថានភាពទូទៅនៅក្នុងខេត្តកំពត គឺមានភាពល្អប្រសើ មិនមានបញ្ហាអ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះទេ ខណៈសេវាកម្មដែលពាក់ព័ន្ធ និងទេសចរណ៍ផ្សេងៗ ពិសេសសេវាកម្មម្ហូបអាហារផ្តល់ជូនទៅកាន់ភ្ញៀវមានភាពល្អប្រសើ។ ហើយចំពោះសេវាស្នាក់នៅសម្រាប់ រីស៊ត បឹងហ្គាឡូ សណ្ឋាគារ ផ្ទះលំហែ ត្រូវបានភ្ញៀវស្នាក់នៅពេញទាំងអស់ លើកលែងតែផ្ទះសំណាក់ដែលនៅសេសសល់បន្ទប់មួយចំនួន។ទន្ទឹមនិងនោះដែរ លោកប្រធានមន្ទីរ ក៏បានអំពាវនាវដល់បងប្អូនអាជីវករដែលប្រកបរបរលើវិស័យទេសចរណ៍ សូមរក្សាឱ្យបាននូវបរិស្ថានស្អាត អនាម័យល្អនៅទីតាំងរបស់ខ្លួន ពិសេសបន្តនូវភាពស្មោះត្រង់ចំពោះការផ្តល់សេវាជូនភ្ញៀវ ដោយធ្វើយ៉ាងណាកុំមានការតម្លើងថ្លៃណាមួយដែលមិនសមរម្យក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌរយៈពេលបីថ្ងៃនេះ៕
អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង
0 Comments