Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

យុវជន និងប្រជាពលរដ្ឋត្រូវស្វែងរកបំណិនជីវិតដើម្បីក្លាយជាមូលធនមនុស្សសម្រាប់ចូលរួមអភិវឌ្ឍន៍កម្ពុជាឱ្យក្លាយជាប្រទេសខ្លាំង

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានលើកទឹកចិត្តដល់យុវជន និងប្រជាពលរដ្ឋឱ្យខិតខំពង្រឹង និងបង្កើនសមត្ថភាពរបស់ខ្លួន ដោយស្វែងរកចំណេះជំនាញ និងបំណិនជីវិតរៀងៗខ្លួន ដើម្បីជួយគ្រួសារ ក៏ដូចជាចូលរួមអភិវឌ្ឍន៍កម្ពុជាឱ្យក្លាយជាប្រទេសខ្លាំងមួយ។

ថ្លែងក្នុងពិធីសំណេះសំណាល ជាមួយសមាជិក សមាជិកា សភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពត នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំខេត្តកំពត ឯកឧត្តម សាយ សំអាល់  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជា មានសម្តេចតា ជាព្រះបិតាឯករាជ្យជាតិ  និងមានសម្តេចតេជោ ជាព្រះបិតាសន្តិភាព ហើយបច្ចុប្បន្នក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត សម្តេចបាននិងកំពុងខិតខំដាក់ចុះនូវកម្មវិធីគោលនយោបាយជាច្រើន ដើម្បីប្រែក្លាយកម្ពុជា ជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ហើយដើម្បីឱ្យចក្ខុវិស័យរាជរដ្ឋាភិបាលសម្រេចទៅបាន ទាល់តែមានការចូលរួមជួយពីយុវជន និងប្រជាពលរដ្ឋគ្រប់រូប។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្តថា កម្ពុជាជាប្រទេសតូច មានប្រជាជនតិច ដូច្នេះយុវជន និងប្រជាជនត្រូវតែពូកែ ទើបអាចយកឈ្នះគេនៅលើឆាកអន្តរជាតិ។ ហើយដើម្បីឱ្យប្រទេសមួយខ្លាំង មានសេដ្ឋកិច្ចល្អ គឺត្រូវពឹងផ្អែកលើធនធានមនុស្ស ធនធានពលរដ្ឋដែលមានចំណេះដឹងខ្ពស់ ហើយមានការងារល្អ។ ដូច្នេះយុវជន និងប្រជាពលរដ្ឋ ត្រូវខិតខំពង្រឹង និងបង្កើនសមត្ថភាពរបស់ខ្លួន ដោយស្វែងរកចំណេះជំនាញ និងបំណិនជីវិតរៀងៗខ្លួនដើម្បីជួយគ្រួសារ និងឱ្យក្លាយជាមូលធនមនុស្សដ៏សំខាន់ដើម្បីចូលរួមអភិវឌ្ឍន៍កម្ពុជាឱ្យក្លាយជាប្រទេសខ្លាំងមួយ។ ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផល និងកិច្ចខិតខំប្រឹងប្រែងកនន្លងមករបស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពតផងដែរ។

ឯកឧត្តម មឿង គង្គា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពត បានប្រាប់ឱ្យដឹងថា ខេត្តកំពត មានសមាសភាពគណៈកម្មាធិការថ្នាក់ខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់ របស់(ស.ស.យ.ក)សរុបទាំងអស់ចំនួន ៥,២១៧នាក់ ក្នុងនោះស្រី ១,២៩៦នាក់។ ហើយកន្លងមក (ស.ស.យ.ក)ខេត្ត បានចូលរួមការងារជាច្រើនដូចជា ការចូលរួមអភិវឌ្ឍន៍ធនធានមនុស្ស  ការចូលរួមលើកកម្ពស់សុខភាព និងវិស័យកីឡា ការងារស្ម័គ្រចិត្ត និងកិច្ចការងារសង្គម និងចូលរួមក្នុងយុទ្ធនាការពលរដ្ឋល្អផងដែរ។
 
ឯកឧត្តមបានបន្តថា ជាទិសដៅ ស.ស.យ.ក នឹងបន្តអនុវត្តតាមផែនការយុទ្ធសាស្ត្រ២០២៣-២០២៨ របស់ ស.ស.យ.ក, បន្តអនុវត្តតាមគោលការណ៍ និងការចាត់តាំងរបស់ ស.ស.យ.ក,  បន្តរក្សាទំនាក់ទំនងល្អជាមួយ ស.ស.យ.ក គ្រប់លំដាប់ថ្នាក់ និងអាជ្ញាធរពាក់ព័ន្ធ, បន្តពង្រឹងរចនាសម្ព័ន្ធ និងពង្រីកសមាជិក ស.ស.យ.ក បន្ថែមទៀត, បន្តបណ្តុះបណ្តាលជំនាញវគ្គខ្លីៗដល់យុវជន ដូចជា កុំព្យូទ័រ ភាសាអង់គ្លេស ភាសាចិន ជាដើម, បន្តធ្វើសកម្មភាពការងារសង្គម និងការងារមនុស្សធម៌, បន្តធ្វើយុទ្ធនាការពលរដ្ឋល្អ ជំរុញលើកទឹកចិត្តដល់ប្អូនៗថ្នាក់ទី១២ តាមរយៈផ្តល់វគ្គបំប៉ន និងបន្តចូលរួមសង្កេតការណ៍ការប្រឡងបាក់ឌុបផងដែរ៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត














Post a Comment

0 Comments