នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញធ្វើបទសម្ភាសន៍ជាមួយ ស្ថានីយ៍ទូរទស្សន៍មហាផ្ទៃ MOI TV ស្ដីពី វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ រដ្ឋបាលខេត្តកំពត ដោយមានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត ស្នងការខេត្ត និងថ្នាក់ដឹកនាំខេត្តជាច្រើនរូបទៀត។
កិច្ចសម្ភាសន៍នេះ បានរៀបចំធ្វើឡើងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ។
សូមបញ្ជាក់ថា យោងតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យ អគ្គស្នងការដ្ឋាន អគ្គនាយកដ្ឋាន និងអង្គភាពប្រហាក់ប្រហែលចំណុះក្រសួងមហាផ្ទៃ ព្រមទាំងរដ្ឋបាលរាជធានី-ខេត្ត ធ្វើកិច្ចសម្ភាសន៍អំពីវឌ្ឍនភាពការងាររបស់ខ្លួនជាមួយ ស្ថានីយ៍ទូរទស្សន៍មហាផ្ទៃ MOI TV។
ជាមួយគ្នានេះដែរ ការរៀបចំធ្វើកិច្ចសម្ភាសន៍នេះ ដើម្បីផ្តល់ព័ត៌មាន និងសួរដេញដោលពីអ្នកសារព័ត៌មានអំពីសមិទ្ធផលនានា ដែលរដ្ឋបាលថ្នាក់ក្រោមជាតិសម្រេចបាន នាពេលកន្លងមក ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានព័ត៌មានស្របតាមច្បាប់ស្តីពី សិទ្ធិទទួលបានព័ត៌មាន។ ទន្ទឹមនឹងនេះ គោលបំណង នៃកិច្ចសម្ភាសន៍នេះដែរ ក៏ជាការចង់ដឹងអំពីការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលថ្នាក់ក្រោមជាតិ ពាក់ព័ន្ធនឹងការងារ វិមជ្ឈការ និងវិសហមជ្ឈការ និងគណនេយ្យភាពសង្គម៕
ប្រភព៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ
0 Comments