Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ក្រុមអ្នកផ្តល់សេវាផ្នែកអាហារដ្ឋានក្នុងខេត្តកំពតសាទរចំពោះសមិទ្ធផលទេសចរណ៍ថ្មីៗដែលធ្វើឱ្យអាជីវកម្មរបស់ពួកគាត់មានការរីកចម្រើន និងពលរដ្ឋមានជីវភាពកាន់តែប្រសើ

ម្ចាស់ផ្ទះលំហែ ឆ្នេរចុងប៉ូច និងអាហារដ្ឋាន កំពតប៉ីចស៊ីហ្វូត ដែលមានទីតាំងនៅឆ្នេរកោះស្មៅ លោក អេង លីផេង បានឱ្យដឹងថា បច្ចុប្បន្នសមិទ្ធិផលទេសចរណ៍ជាច្រើនបានលេចចេញជារូបរាង និងមានភាពទាក់ទាញបំផុតដែលមិនធ្លាប់មានពីមុនមក ពិសេសឆ្នេរខ្សាច់ទាំងបីកន្លែងក្នុងខេត្ត កំពុងមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ភ្ញៀវទេសចរ ក្នុងការមកសម្រាកលំហែរស្រូបយកខ្យល់អាកាស ពិសេសឆ្នេរកោះស្មៅ ដែលអាចមើលថ្ងៃលិចលើខ្នងភ្នំបូកគោ។ លោកបានបន្តថា តាមរយៈសមិទ្ធិផលទេសចរណ៍ទាំងអស់បានធ្វើឱ្យអាជីវកម្មរបស់លោក ទាំងផ្ទះលំហែ និងអាហាដ្ឋានទទួលបានភ្ញៀវច្រើន ដែលធ្វើឱ្យតម្រូវការផ្នែកម្ហូបអាហារមានការកើនឡើងផងដែរ។ លោក អេង លីផេង បានបន្ថែមថា បច្ចុប្បន្នបងប្អូនប្រជានេសាទ និងប្រជាកសិករដែលដាំបន្លែ ផ្លែឈើ ក៏ទទួលបានប្រាក់ចំណូលខ្ពស់ពីការនាំចេញនៅនឹងកន្លែង ដោយពុំចំណាយដឹកជញ្ជូនទៅលក់នៅក្រៅខេត្តដូចមុន ហើយធ្វើឱ្យអ្នកទិញទទួលបានផលិតផលល្អ ធម្មជាតិពិតៗ គ្មានជាតិគីមី និងតម្លៃសមរម្យសម្រាប់យកមកផ្គត់ផ្គង់ធ្វើជាម្ហូបអាហារលក់ជូនភ្ញៀវទេចរ។

ចំណែកឯអ្នកស្រី ស្រីពេជ្រ ម្ចាស់អាហារដ្ឋាន វាសនាពេជ្ររីករាយ ក្នុងក្រុងកំពត បានលើកឡើងដែរថា បន្ទាប់ពីខេត្តកំពតមានឆ្នេរខ្សាច់កម្សាន្ត និងរូបសំណាកត្រីសេះសមុទ្របាញ់ទឹក អាហារដ្ឋានរបស់គាត់មានភ្ញៀវច្រើន ទាំងអាហារពេលព្រឹក ពេលថ្ងៃត្រង់ និងពេលល្ងាចផងដែរ។ អ្នកស្រីបានបន្តថា ក្រោយពេលខេត្តកំពតមានកំណើនភ្ញៀវទេសចរច្រើន បានធ្វើឱ្យតម្រូវការម្ហូបអាហារក៏មានតម្រូវការច្រើនផងដែរ ដែលកត្តានេះបានធ្វើឱ្យបងប្អូនដែលប្រកបរបរលក់ដូរ គ្រឿងសមុទ្រ បន្លែ ផ្លែឈើ និងផលិតផលផ្សេងៗមានជីវភាពកាន់តែប្រសើឡើង ហើយការលក់ដូរក៏ងាយស្រួលមិនចាំបាច់នាំចេញទៅលក់ទៅក្រៅខេត្ត។ អ្នកស្រីក៏បានថ្លែងអំណរគុណដល់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលបានខិតខំអភិវឌ្ឍន៍វិស័យទេសចរណ៍ឱ្យរីកចម្រើន ធ្វើឱ្យសេវាករ អាជីវករ អ្នកធ្វើអាជីវកម្មក្នុងវិស័យទេសចរណ៍ទទួលប្រាក់ចំណូលកើនឡើង ពិសេសធ្វើឱ្យជីវភាពបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកាន់តែល្អប្រសើ។

តាមការកត់សម្គាល់ ក្រោយខេត្តកំពតមានសមិទ្ធិផលទេសចរណ៍ជាច្រើនបានលេចចេញជារូបរាង ក្រោមការដឹកនាំអភិវឌ្ឍន៍ផ្ទាល់ពីសំណាក់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ចាប់ពីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងមក ខេត្តនៅតែមានភ្ញៀវមកលេងកម្សាន្តមិនដាច់ជារៀងរាល់ថ្ងៃ ពិសេសថ្ងៃចុងសប្តាហ៍ និងថ្ងៃឈប់សម្រាកបុណ្យជាតិនានា ដែលតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តបានបញ្ជាក់ថា ក្នុងមួយសប្តាហ៍ៗមានទេសចរប្រមាណជាង ៤ម៉ឺននាក់ ទៅជាង ៥ម៉ឺននាក់មកលេងកម្សាន្ត។ ទន្ទឹមនឹងនេះដែរ សមិទ្ធិផលទេសចរណ៍ទាំងនោះ បានធ្វើឱ្យបងប្អូនប្រជានេសាទ ប្រជាកសិករដាំបន្លែ ផ្លែឈើ និងផលិតផលផ្សេងៗក្នុងខេត្តឱ្យទទួលបានចំណូលខ្ពស់ពីការនាំចេញផលិតផលនៅនឹងកន្លែង បង្កើនចំណូលធ្វើឱ្យជីវភាពរបស់ពួកគាត់កាន់តែប្រសើឡើង៕

 អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត





















Post a Comment

0 Comments