Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អភិបាលខេត្តកំពត៖ ក្រុមប្រឹក្សានិងអាជ្ញាធរស្រុកសូមរួមគ្នាផ្តល់ភាពកក់ក្តៅនិងបម្រើប្រយោជន៍ពលរដ្ឋជាធំ

អភិបាលខេត្តកំពតបានបញ្ជាក់ថាក្រុមប្រឹក្សា និងអាជ្ញាធរស្រុក មានតួនាទីសំខាន់ណាស់ក្នុងការធានានូវភាពសុខដុមរម្យនា និងភាពកក់ក្តីអចិន្ត្រៃជូនពលរដ្ឋក្នុងមូលដ្ឋាន។ ដូច្នេះមន្ត្រីត្រូវឧស្សាហ៍ចុះឱ្យដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ស្វែងយល់អំពីសុខទុក្ខ និងតម្រូវការជាក់ស្ដែង ហើយយកមកដោះស្រាយឱ្យបានទាន់ពេលវេលា។ ម្យ៉ាងទៀតក្នុងនាមជាមន្ត្រីកើតចេញពីពលរដ្ឋ ត្រូវតែបម្រើប្រយោជន៍ពលរដ្ឋជាធំ។ 

ថ្លែងក្នុងពិធីប្រកាសជួរកាន់មុខតំណែង ក្រុមប្រឹក្សាស្រុកអង្គរជ័យ និងស្រុកបន្ទាយមាសអាណត្តិទី៤ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា តួនាទីដែលមន្ត្រីទទួល គឺជាអំរែក ហើយតួនាទីដែលបានមកនាពេលនេះ គឺកើតឡើងដោយសារការស្រឡាញ់ពេញចិត្តតាមរយៈសន្លឹកឆ្នោតគាំទ្រពីសំណាក់ប្រជាពលរដ្ឋ ដូច្នេះក្រុមប្រឹក្សាស្រុកដែលទើបតែងតាំងថ្មី ក៏ដូចជាអាជ្ញាធរស្រុក ត្រូវតែប្រើប្រាស់តួនាទីភារកិច្ចនេះឱ្យបានត្រឹមត្រូវ ដើម្បីផ្តល់ភាពកក់ក្តៅ និងបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលជាម្ចាស់សន្លឹកឆ្នោតវិញ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ក្នុងនាមជាអ្នកបម្រើប្រជាពលរដ្ឋ យើងមិនត្រូវយកតួនាទីដែលទទួលបានពីប្រជាពលរដ្ឋ ទៅគាបសង្កត់ កេងប្រវ័ញ្ច ឬរំលោភបំពានលើពលរដ្ឋនោះទេ ព្រោះកត្តាទាំងនោះ ធ្វើឱ្យពលរដ្ឋបាត់បង់ទំនុកចិត្តចំពោះ ការដឹកនាំរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញឱ្យក្រុមប្រឹក្សាដែលទើបតែងតាំងថ្មី និងអាជ្ញាធរដែនដីគ្រប់លំដាន់ថ្នាក់ក្នុងស្រុក ត្រូវរួមសហការគ្នាឱ្យបានស្អិតរមួតក្នុងការបម្រើប្រជាពលរដ្ឋ ដោយក្តីពេញចិត្ត ចេញពីបេះដូង ពិសេសត្រូវចុះឱ្យបានដល់ខ្នងផ្ទះប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីបានដឹងពីសុខទុក្ខ និងតម្រូវការជាក់ស្តែងរបស់ពួកគាត់ និងត្រូវដោះស្រាយរាល់បញ្ហា សមណើរ សំណូមពរផ្សេងៗ ឱ្យបានទាន់ពេលវេលា ដោយមានចិត្តគិតគូរឿងសុខទុក្ខ និងផលប្រយោជន៍ប្រជាពលរដ្ឋជាធំ។
សូមបញ្ជាក់ថា ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកនាពេលនេះ សម្រាប់ស្រុកអង្គរជ័យ មានប្រធាន និងសមាជិកក្រុមប្រឹក្សាចំនួន១៩នាក់ ចំណែកស្រុកបន្ទាយមាសមានប្រធាន និងសមាជិកក្រុមប្រឹក្សាចំនួន ១៩នាក់ ដែលពិធីប្រកាសនេះបានធ្វើឡើងក្នុងបរិវេណសាលាស្រុកទាំងពីរ៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង























Post a Comment

0 Comments