Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ប្រជាពលរដ្ឋជាង ៧០០គ្រួសារក្នុងភូមិស្រែ សង្កាត់ត្រើយកោះ ក្រុងកំពត ទទួលបានវិញ្ញាបណ្ណបត្រសម្គាល់ម្ចាស់អចលនវត្ថុ(បណ្ណកម្មសិទ្ធ)ជិត ១៤០០ក្បាលដី

នៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ អាជ្ញាធរខេត្តកំពត រួមនឹងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង និងសុរិយោដី បានធ្វើពិធីប្រគល់វិញ្ញាបណ្ណបត្រសម្គាល់ម្ចាស់អចលនវត្ថុ(បណ្ណកម្មសិទ្ធដី) ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងភូមិស្រែ សង្កាត់ត្រើយកោះ ក្រុងកំពត ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលពិធីនេះធ្វើឡើងក្នុងបរិវេណវត្តត្រើយកោះ។

មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាម្ចាស់អចលនវត្ថុ(បណ្ណកម្មសិទ្ធដី) នៅក្នុងពិធីនេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានលើកឡើងថា ដីគឺជាជីវិត ព្រោះមនុស្សគ្រប់រូបត្រូវការបំផុតគឺដី ដែលពេលយើងកើតមកគឺនៅលើដី ពេលរៀនសូត្រនៅសាលា ក៏ត្រូវការដីសម្រាប់ធ្វើសាលា ពេលរៀបចប់មានគ្រួសារក៏ត្រូវការដីសម្រាប់កសាងលំនៅឋាន ចែកកូនចៅបន្ត ហើយពេលដែលបាត់បង់ជីវិតទៅក៏ត្រូវការដីផងដែរ។ ឯកឧត្តមអភិបាលខេត្តក៏បានបញ្ជាក់ផងដែរថា ពេលដែលបងប្អូនទទួលបានបណ្ណកម្មសិទ្ធដីរបស់យើងហើយ សូមប្អូនថែរក្សាឱ្យបានល្អ និងយកទៅប្រើប្រាស់ឱ្យបានត្រឹមត្រូវទៅតាមតម្រូវការរបស់បងប្អូន ហើយការផ្តល់បណ្ណកម្មសិទ្ធនាពេលនេះ គឺដោយមានការគិតគូ ក៏ដូចជាការចង្អុលបង្ហាញពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មកកាន់អាជ្ញាធរខេត្ត និងមន្ទីរជំនាញធ្វើយ៉ាងណាពន្លឿននៃការចេញបណ្ណកម្មសិទ្ធជូនពលរដ្ឋឱ្យបានឆាប់រហ័សបំផុត។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់ពលរដ្ឋដែលមានបណ្ណកម្មសិទ្ធទាំងអស់ សូមកុំមានជម្លោះដីធ្លី ព្រោះនៅពេលដែលយើងមានបណ្ណកម្មសិទ្ធហើយ ការដោះស្រាយមិនស្ថិតនៅលើគណៈកម្មការសុរិយោដី ឬគណៈកម្មការដោះស្រាយទំនាស់នោះទេ គឺស្ថិតនៅលើការដោះស្រាយរបស់ប្រព័ន្ធតុលាការ ដូច្នេះសូមកុំឱ្យមាន។

ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់មន្ទីរជំនាញ និងមន្ត្រីជំនាញផ្នែកសុរិយោដីក្នុងខេត្តកំពតទាំងអស់ ត្រូវខិតខំបំពេញការងារតាមតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបំរើប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវ ហើយជៀសវាងនូវអំពើមិនល្អ ឬការចង់បានអ្វីមួយពីប្រជាពលរដ្ឋដែលធ្វើបណ្ណកម្មសិទ្ធដីធ្លី។ ទន្ទឹមនឹងនោះដែរ ឯកឧត្តមអភិបាលខេត្តក៏បានកោតសរសើចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត និងមន្ត្រីទាំងអស់ដែលបានខិតខំបំពេញការងារកន្លងមកទទួលបានលទ្ធផលល្អប្រសើជូនពលរដ្ឋក្នុងមូលដ្ឋានខេត្តកំពត។

យោងតាមរបាយការណ៍របស់លោក ព្រាប សុផាត ប្រធានស្តីទី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពតបានឱ្យដឹងថា ក្រុងកំពតមានចំនួន ៥សង្កាត់ ស្មើនឹង ១៥ភូមិ ហើយបានចាប់ដំណើរការធ្វើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធចាប់តាំងពីឆ្នាំ២០១៣ ដែលគិតមកដល់ពេលនេះមានរយៈពេល ១០ឆ្នាំហើយ ដែលទទួលបានលទ្ធផល ភូមិដែលបានចុះបញ្ជី និងចែកបណ្ណរួចមានចំនួន ១១ភូមិ ស្មើនឹង ១៣,៦០៧ក្បាលដី ភូមិស្នើសុំចែកបណ្ណចំនួន ១ភូមិ ស្មើនឹង ១,៣៨៥ក្បាលដី(ភូមិដែលធ្វើពិធីចែកនាពេលនេះ) ហើយភូមិកំពុងត្រៀមរៀបចំបិទផ្សាយចំនួន ៣ភូមិ ស្មើនឹង ៣,៣៣៧ក្បាលដី។ ដោយឡែក ភូមិស្រែ សង្កាត់ត្រើយកោះ ក្រុងកំពត ដែលធ្វើពិធីចែកបណ្ណនាពេលនេះ មានក្បាលដីសរុបចំនួន ១,៣៨៥ក្បាលដី ស្មើនឹង ៧៥២គ្រួសារ ដែលក្នុងនោះមានប្រភេទដីលំនៅឋានចំនួន ៩៧៥ក្បាលដី, ដីកសិកម្មចំនួន ៣៦៩ក្បាលដី, ទួលកប់ខ្មោចចំនួន ៣ក្បាលដី, មណ្ឌលសុខភាព ១ក្បាលដី, ដីគ្មានទិន្នន័យ ៣៧ក្បាលដី, និងដីមានវិវាទ ២ក្បាលដី៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង




























Post a Comment

0 Comments