Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

មន្ត្រីជំនាញ៖ ការងារសម្អាតអនាម័យបរិស្ថានជាកិច្ចការដែលត្រូវចូលរួមធ្វើទាំងអស់គ្នា ហើយអ្នកដែលបានគិតគូរលើបញ្ហាបរិស្ថានគឺបង្ហាញអំពីភាពថ្លៃថ្នូរក្នុងការរស់នៅប្រចាំថ្ងៃ

ថ្លែងក្នុងពិធីសម្អាតអនាម័យនៅតាមដងផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ត្រស្រុកឈូក កាលពីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ “កម្ពុជាស្អាត ខ្មែរធ្វើបាន” លោក អេង ប៉ូឡូ ប្រធានមន្ទីរបរិស្ថានខេត្តកំពត បានមានប្រសាសន៍ថា ការផ្សារភ្ជាប់រវាងសកម្មភាពអនាម័យបរិស្ថានជាមួយជីវិតកំពុងសិក្សានឹងក្លាយជាទម្លាប់ល្អសម្រាប់ជីវិតរស់នៅក្នុងសហគមន៍។ កុមារប្រៀបបាននឹងក្រដាស.ស មួយសន្លឹកដែលនឹងត្រូវដិតដាមជាប់ពេលវត្ថុអ្វីមួយធ្លាក់ប្រឡាក់លើ ដូច្នេះ ការបង្រៀនសិស្សឱ្យចេះសម្អាតអនាម័យគិតចាប់ពីខ្លួនប្រាណផ្ទាល់ រហូតដល់មជ្ឈដ្ឋានជុំវិញនោះនឹងទទួលបាននូវបុគ្គលដែលរស់នៅពោរពេញដោយភាពថ្លៃថ្នូរ និងជាគំរូសម្រាប់អ្នកដទៃ។ លោកប្រធានមន្ទីរបានបន្តថា ការងារសម្អាតអនាម័យបរិស្ថាន ជាកិច្ចការដែលយើងទាំងអស់គ្នាត្រូវចូលរួម។ ប៉ុន្តែជាទូទៅ កិច្ចការនេះហាក់នៅមានភាពលំបាកក្នុងការកែប្រែឥរិយាបថរបស់អ្នកមិនទាន់ផ្តល់តម្លៃលើបរិស្ថាន។ ក្នុងនាមមន្ទីរ លោកសូមអំពាវនាវដល់គ្រប់មជ្ឈដ្ឋានចូលរួមក្នុងសកម្មភាពអនាម័យបរិស្ថានដើម្បីសោភ័ណភាពស្របតាមទិសស្លោក “កម្ពុជាស្អាត ខ្មែរធ្វើបាន”។

ជាមួយគ្នានេះដែរ លោក ផុក រដ្ឋា តំណាងមកពីក្រុមហ៊ុន ជីបម៉ុង អ៊ិន ស៊ី ស៊ី មែន ខេត្តកំពត ទទួលបន្ទុកផ្នែកបរិស្ថានដែលនាំបុគ្គលិកចូលរួមសម្អាតអនាម័យបានរៀបរាប់ឱ្យដឹងថា ជាទូទៅសំរាម ពិសេសសារធាតុបា្លស្ទិកតែងតែបំពុលមនុស្ស សត្វ រុក្ខជាតិ បរិស្ថាន និងប្រព័ន្ធអេកូឡូស៊ី រហូតធ្វើឱ្យមានបម្រែបម្រួលអាកាសធាតុជាដើម ដូច្នេះហើយទើបខាងលោកតែងបានចូលរួមជាមួយមន្ត្រីជំនាញ និងអាជ្ញាធរលើការងារថែរក្សាអនាម័យបរិស្ថាននៅទូទាំងខេត្តកំពត ដោយប្រើប្រាស់រថយន្តប្រមូលសំរាម ១គ្រឿងផងដែរ។

លោក ហេង ពៅ អភិបាលស្តីទីស្រុកឈូក   បានបញ្ជាក់ថា កន្លងមកអាជ្ញាធរស្រុកបានធ្វើការផ្សព្វផ្សាយ និងជំរុញប្រជាពលរដ្ឋឱ្យបង្កើនការយកចិត្តទុកដាក់លើកបញ្ហាអនាម័យបរិស្ថាន ព្រោះភូមិសាស្ត្រស្រុកឈូក ជាទីឆ្លងកាត់ឆ្ពោះទៅកាន់ខេត្តកំពតដែលជាខេត្តគោលដៅទេសចរណ៍សម្រាប់ភ្ញៀវទេសចសរជាតិ និងអន្តរជាតិ។ លោកអភិបាលស្តីទីបានបន្តថា ក្នុងនាមរដ្ឋបាលស្រុក លោកសំណូមពរដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ពិសេសប្រជាពលរដ្ឋទាំងអស់ជួយជំរុញការងារផ្សព្វផ្សាយ និងអនុវត្តការងារសម្អាតអនាម័យបរិស្ថានឱ្យបានផុសផុលបំផុត៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត




























Post a Comment

0 Comments